ប្រធានគណៈកម្មការប្រយុទ្ធនឹងជំងឺ COVID-19 ខេត្តប៉ៃលិន ជំរុញឱ្យអាជ្ញាធរមូលដ្ឋានគ្រប់ជាន់ថ្នាក់ ត្រូវគ្រប់គ្រងពលករដែលទើបត្រលប់មកពីក្រៅប្រទេសឱ្យបានច្បាស់លាស់

ប៉ៃលិន៖ ក្នុងកិច្ចប្រជុំគណៈកម្មការប្រយុទ្ធ នឹងជំងឺ COVID-19 ខេត្ត នាថ្ងៃទី២៦ ខែមិនា ឆ្នាំ២០២០ ឯកឧត្តម ផាន់ ចាន់ធុល អភិបាលខេត្តប៉ៃលិន បានជំរុញ និងដាក់ចេញនូវវិធានការយ៉ាងម៉ឺងម៉ាត់ ដល់អាជ្ញាធរ មូលដ្ឋាន គ្រប់ជាន់ថ្នាក់ ត្រូវគ្រប់គ្រងពលករដែលទើបត្រលប់មកពីក្រៅប្រទេសឱ្យបានច្បាស់លាស់ ជា ពិសេស ត្រូវអប់រំ ណែនាំ និងតាមដានសុខភាពរបស់ពួកគាត់ឱ្យបានជាប្រចាំ ដើម្បីរួមគ្នាបង្ការ និងទប់ស្កាត់ ការរីករាលដាលនៃជំងឺ COVID-19។
ឯកឧត្តម ផាន់ ចាន់ធុល បានមានប្រសាសន៍លើកឡើងថា៖ នៅក្នុងប្រទេសកម្ពុជា ត្រូវបានគេរកឃើញមានអ្នកឆ្លងជំងឺនេះក៍ដោយ ប៉ុន្តែសម្រាប់ខេត្តប៉ៃលិន រហូតមកដល់ពេលនេះ នៅមិនទាន់រកឃើញ មានអ្នកឆ្លងជំងឺនេះនៅឡើយទេ ប៉ុន្តែរយៈពេលប៉ុន្មានថ្ងៃមកនេះ មានពលករចំណាកស្រុកទាំងក្នុង និងក្រៅប្រទេស រាប់ពាន់នាក់ បានវិលត្រឡប់ចូលមកកាន់ស្រុកកំណើតវិញ ដោយមិនបានដឹងថាក្នុងចំណោម មនុស្សទាំងអស់នោះ មានអ្នកផ្ទុកមេរោគ COVID-19 ឬអត់នោះទេ។ ដូច្នេះដើម្បីទប់ស្កាត់កុំអោយមានការចម្លងជំងឺនេះ ក៍ដូចជាដើម្បីជួយសង្គ្រោះ និងព្យាបាលដល់ជនរងគ្រោះដែលមានផ្ទុកជំងឺនេះ ឲ្យបានទាន់ពេលវេលា គណៈកម្មការប្រយុទ្ធ នឹងជំងឺ COVID-19 ខេត្តប៉ៃលិន បានដាក់ចេញនូវវិធានការយ៉ាងម៉ឺងម៉ាត់ ដើម្បីអនុវត្តន៍តាមការណែនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និងក្រសួងសុខាភិបាល ដោយទាំងអាជ្ញាធរមូលដ្ឋានគ្រប់ជាន់ថ្នាក់ មន្រ្តីជំនាញពាក់ពន្ធ និងកងកម្លាំងប្រដាប់អាវុធទាំងអស់ ត្រូវរួមគ្នា ចុះផ្សព្វផ្សាយនៅតាមភូមិ និងតាមខ្នងផ្ទះ ដើម្បីឲ្យប្រជាពលរដ្ឋបានយល់ដឹង និងចូលរួមបង្ការ និងទប់ស្កាត់ជំងឺ COVID-19នេះទាំងអស់គ្នា។ ឯកឧត្តមប្រធាន បានមានប្រសាសន៍បញ្ជាក់ថា៖ ដើម្បីរួមគ្នាបង្ការ និងទប់ស្កាត់ ការរីករាលដាលជំងឺ COVID-19 នៅប្រទេសកម្ពុជា ក្រសួងសុខាភិបាល បានបញ្ចេញសារអប់រំ ជាអាទិភាពសំខាន់ៗចំនួន៤ សម្រាប់ប្រជាពលរដ្ឋអនុវត្តន៍ រួមមាន៖
*ទី១៖ អ្នកមកពីបរទេស សូមនៅតែក្នុងផ្ទះក្នុងរយៈពេល១៤ថ្ងៃ ដើម្បីការពារការឆ្លងជំងឺ COVID-19 ចាប់ពីថ្ងៃចូលមកប្រទេសកម្ពុជាវិញ។*ទី២៖ ប្រសិនបើលោកអ្នក មានរោគសញ្ញាយ៉ាងតិចមួយ ក្នុងចំណោមសញ្ញាដូចជា៖ គ្រុនក្តៅយ៉ាងតិច ៣៨អង្សាសេ ក្អក ហៀរសំបោរ ឈឺបំពង់ក ពិបាកដកដង្ហើម និងមានប្រវត្តិធ្វើដំណើរមកពីប្រទេសផ្សេងទៀត ក្រៅពីកម្ពុជា សូមទាក់ទងលេខទូរស័ព្ទ ១១៥ជាបន្ទាន់។
*ទី៣៖ ប្រសិនបើលោកអ្នក មានរោគសញ្ញាយ៉ាងតិចមួយក្នុងចំណោមសញ្ញាដូចជា៖ គ្រុនក្តៅយ៉ាងតិច ៣៨អង្សាសេ ក្អក ហៀរសំបោរ ឈឺបំពង់ក ពិបាកដក ដង្ហើម និងមានប្រវត្តិធ្វើដំណើរមកពីប្រទេសផ្សេងទៀត ក្រៅពីកម្ពុជា ក្នុងអំឡុងពេល១៤ថ្ងៃ មុនចេញរោគសញ្ញា សូមទាក់ទងទូរស័ព្ទ ១១៥ជាបន្ទាន់។
*ទី៤៖ ប្រសិនបើលោកអ្នកបានប៉ះពាល់ ឬមានប្រវត្តិប៉ះពាល់ជាមួយអ្នកជំងឺ COVID-19 ដែលបញ្ជាក់ពីមន្ទីរពិសោធន៍ថាវិជ្ជមាន សូមទាក់ទងទូរស័ព្ទលេខ ១១៥ ជាបន្ទាន់ ដើម្បីទទួលការពិភាក្សាយោបល់ថែទាំសុខភាព៕
សូមបញ្ជាក់ថា៖ គិតត្រឹមព្រឹកថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២០នេះ នៅខេត្តមានពលករទើបត្រលប់មកពីក្រៅប្រទេសចំនួន ៣០៥នាក់ ស្រី ១៦២នាក់ ដោយក្នុងនោះ ក្រុងប៉ៃលិន ចំនួន ១៨៣នាក់ ស្រី ១០០នាក់ និងស្រុកសាលាក្រៅ ចំនួន ១២២នាក់ ស្រី ៦២នាក់ ហើយក្នុងឱកាសនោះផងដែរ ឯកឧត្តម ផាន់ ចាន់ធុល អភិបាលភិបាលខេត្តប៉ៃលិន និងជាប្រធានគណៈកម្មការប្រយុទ្ធ នឹងជំងឺ COVID-19 ខេត្ត ក៍បានប្រគល់ម៉ាស់ចំនួន ៤ពាន់ និងទឹកអាល់កុលសំរាប់លាងដៃចំនួន ២០០ដប ដល់មន្ទីរសុខាភិបាលខេត្ត ដើម្បីរួមគ្នាបង្ការ និងទប់ស្កាត់ ការរីករាលដាលនៃជំងឺ COVID-19។