ធនាគារជាតិនៃកម្ពុជាបានបង្កើតគណៈកម្មការនិងអនុគណៈកម្មការតាមដាននិងគ្រប់គ្រងហានិភ័យប្រតិបត្តិការធនាគារកណ្តាល ក្នុងអំឡុងពេលនៃការរីករាលដាលវីរុសកូវីដ១៩ នៅកម្ពុជា

ភ្នំពេញ៖  សូមជម្រាបជូនថា បន្ថែមលើយន្តការដែលមានស្រាប់ ធនាគារជាតិនៃកម្ពុជាបានបង្កើតគណៈកម្មការនិងអនុគណៈកម្មការតាមដាននិងគ្រប់គ្រងហានិភ័យប្រតិបត្តិការធនាគារកណ្តាល ក្នុងអំឡុងពេលនៃការរីករាលដាលវីរុសកូវីដ១៩ នៅកម្ពុជា។

គណៈកម្មការនេះមានភារកិច្ចចម្បងក្នុងការតាមដាននិងវាយតម្លៃរាល់ហានិភ័យនិងផលប៉ះពាល់ដែលអាចកើតឡើងជាយថាហេតុ ពីការរីករាលដាលវីរុសកូវីដ១៩ មកលើវិស័យសេដ្ឋកិច្ចនិងហិរញ្ញវត្ថុកម្ពុជា។

ទន្ទឹមនេះ គណៈកម្មការទទួលភារកិច្ចរៀបចំក្របខ័ណ្ឌយុទ្ធសាស្ត្រ យន្តការ និងផែនការសកម្មភាពដើម្បីគ្រប់គ្រងហានិភ័យនិងផលប៉ះពាល់ទាំងនោះ សំដៅធានាភាពរឹងមាំនិងនិរន្តរភាពនៃវិស័យធនាគារកម្ពុជា។

ដើម្បីអនុវត្តការងារទាំងនេះ ប្រកបដោយប្រសិទ្ធភាពខ្ពស់ ធនាគារជាតិនៃកម្ពុជា ក៏បានបង្កើតអនុគណៈកម្មការជំនាញបួន សម្រាប់ជំនួយដល់គណៈកម្មការខាងលើ៕