ប្រភពបង្ហើបថាមានអ្នកធំកំពុងតែរត់ការ!ខណៈសមត្ថកិច្ចខេត្តបាត់ដំបងមិនទាន់ចាប់ខ្លួនមន្រ្តីយោធាម្ចាស់ក្លឹបស្នូកឃ័រ បង្កប់ល្បែងស៊ីសងដែលបាញ់ប្អូនថ្លៃបាក់ជើង

0

បាត់ដំបង៖ យោងតាមសេចក្តីរាយការណ៍បានប្រាប់នៅរសៀលថ្ងៃទី ២៩ ខែមីនាឆ្នាំ ២០២០នេះថា ជនសង្ស័យដែលជាបងថ្លៃបានបាញ់ប្អូនថ្លៃបាក់ជើង កំពុងសម្ងំលាក់ខ្លួនពួនអាត្មាយ៉ាងសុខសាន្តដោយមានខ្នងបង្អែកគឺជាក្រុមគ្រួសារជាអ្នកសម្របសម្រួលខណៈរឿងនេះ ជាករណីព្រហ្មទណ្ឌប៉ុនប៉ងមនុស្សឃាត ក៏ប៉ុន្តែសមត្ថកិច្ចខេត្តបាត់ដំបងមិនទាន់ឃាត់ខ្លួនជនសង្ស័យបាននៅឡើយបើគិតចាប់ពីថ្ងៃនេះរយៈពេល២ថ្ងៃទៅហើយ ។
សូមជម្រាបថាកាលយប់ពីថ្ងៃទី ២៧ ខែមីនាឆ្នាំ ២០២០ ជនសង្ស័យមានឈ្មោះ ស៊ាន វិសាល ភេទប្រុស អាយុ ៣៥ឆ្នាំ មុខរបរមន្ត្រីយោធា រស់នៅភូមិព្រែកមហាទេព សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ខេត្តបាត់ដំបង ជាម្ចាស់ ហាងស្នូកឃ័រ និងបង្កប់ល្បែងស៊ីសងក្នុងក្រុងបាត់ដំបង ដែលបាញ់ប្អូនថ្លៃបាក់ជើងត្រូវសមត្ថកិច្ចពុំទាន់ឃាត់ខ្លួនបាននៅឡើយទេ។
ចំណែកជនរងគ្រោះ ជាប្អូនថ្លៃឈ្មោះ គារ គឹម សេង ភេទប្រុស អាយុ ២៨ឆ្នាំ រស់នៅភូមិឃុំជាមួយគ្នា។
ហេតុការណ៍ បាញ់ប្អូនថ្លៃបាក់ជើងឆ្វេងនេះ បានកើតឡើង កាលពីយប់ថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២០ កន្លងទៅ នៅទីតាំងបនល្បែងស្នូកឃ័រ មួយកន្លែង ក្នុងភូមិអូរតាគាំ២ សង្កាត់ទួលតាឯក ក្រុងបាត់ដំបង ខេត្តបាត់ដំបង។
ហើយបើយោងតាមប្រភពពីសមត្ថកិច្ចបានបង្ហើបប្រាប់ថានៅថ្ងៃកើតហេតុ ជនសង្ស័យ បានផឹកស្រវឹង និងឈ្លោះប្រកែកជាមួយជនរងគ្រោះ ទើបជនសង្ស័យដកកាំភ្លើងមិនស្គាល់ម៉ាក បាញ់សំដៅជនរងគ្រោះ ចំនួន ២គ្រាប់បណ្ដាលឲ្យរបួសឈើងឆ្វេង រួចរត់គេចខ្លួនបាត់ស្រមោល។
បន្ទាប់ពីកើតហេតុ ក្រុមគ្រួសារ បានបញ្ជូនជនរងគ្រោះទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យសុវណ្ណស្ថិតក្នុងក្រុងបាត់ដំបង។ពាក់ព័ន្ធករណីខាងលើនៅរសៀលថ្ងៃទី ២៩ ខែមិនាឆ្នាំ ២០២០ ឧត្តមសេនីយ៍ទោ អ៊ួច សុខុន ស្នងការនគរបាលខេត្តបាត់ដំបងសំណុំរឿងព្រហ្មទណ្ឌខាងលើនេះមិនអាចសុំការបញ្ជាក់ អ្វីបានសោះឡើយដោយ មិនអាចទំនាក់ទំនងតាមទូរសព្ទបាននោះទេ។
ក៏ប៉ុន្តែមានប្រភពមួយចំនួនក្នុងខេត្តបាត់ដំបងដែលជាអ្នកច្បាប់ប្រាប់ ករណីបងថ្លៃបាញ់ប្អូនថ្លៃ ក្រុមគ្រួសារដែលមានឥទ្ធិពលអំណាចផងនោះកំពុងតែ សម្របសម្រួល ជាមួយសមត្ថកិច្ចជំនាញ កុំបន្ត នីតិវិធីសំណុំរឿងតាមផ្លូវច្បាប់។
មជ្ឈដ្ឋាននានាសង្ឃឹមថាឧត្តមសេនីយ៍ទោ អ៊ួច សុខុន ស្នងការនគរបាលខេត្តបាត់ដំបង និងធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យដោយប្រព្រឹត្ត ទោះមានការសម្របសម្រួលភាគ្គីខាងណាក៏ដោយ អនុវត្តផ្លូវច្បាប់ យ៉ាងម៉ឺងម៉ាត់៕