ប្រេងសាំងក្នុងទីផ្សារខេត្តស្ទឹងត្រែង នៅតែបន្តលក់ក្នុងតម្លៃថ្លៃ ដោយមិនអនុវត្តតាមការណែនាំរបស់ក្រសួងសាម៉ី ក៏ដូចជាអនុសាសន៍របស់ប្រមុខដឹកនាំប្រទេស !!

ខេត្តស្ទឹងត្រែង៖តម្លៃប្រេងសាំងនៅខេត្តស្ទឹងត្រែង នៅតែបន្តលក់ក្នុងតម្លៃថ្លៃ ហាក់ពុំគោរព និងអនុវត្តតាមការណែនាំរបស់ក្រសួងសាម៉ី ដែលបានចេញសរាចរណ៍ណែនាំក្នុងពេលថ្មីនេះឡើយ ។

ជាក់ស្តែងនៅរសៀលថ្ងៃទី០១មេសានេះ គ្រប់ស្ថានីយ៍ប្រេងឥន្ធន:ក្នុងក្រុងស្ទឹងត្រែងគេសង្កេតឃើញ នៅតែបន្តលក់ក្នុងតម្លៃខ្ពស់ ដោយមិនអនុវត្តតាមសេចក្តីជូនដំណឹងរបស់ក្រសួងពាណិជ្ជកម្ម ដែលបានចេញសរាចរណ៍ណែនាំឲ្យគ្រប់ស្ថានីយ៍ប្រេងឥន្ធន:ទាំងអស់ក្នុងប្រទេសកម្ពុជា ឲ្យមានការបញ្ចុះតម្លៃ ។

យោងតាមសេចក្តីជូនដំណឹងស្តីពីការលក់រាយ នូវប្រេងឥន្ធន:តាមបណ្តាស្ថានីយ៍ ទាំងអស់ ដែលរបស់ក្រសួងពាណិជ្ជកម្មបានចេញសេចក្តីជូនដំណឹងនោះ គឺថា: ចាប់ពីថ្ងៃទី០១ខែមេសា ដល់ថ្ងៃទី១៥ខែ
មេសា ឆ្នាំ២០២០ គឺតម្រូវឲ្យស្ថានីយ៍ប្រេងឥន្ធន:ទាំងអស់ ដោយលក់សម្រាប់ប្រេងសាំងធម្មតាក្នុង១លីត្រ តម្លៃ២៣៥០រៀល (សាំងធម្មតាEA92) ហើយប្រេងម៉ាស៊ូតតម្លៃ ត្រូវលក់ក្នុងតមហលៃ២៤៥០រៀល
ក្នុង១លីត្រ ។

ប៉ុន្តែ សម្រាប់ខេត្តស្ទឹងត្រែង ស្ថានីយ៍ប្រេងឥន្ធន:PTT (Amazone) ដោយប្រេងសាំងធម្មតាលក់ក្នុងតម្លៃ១លីត្រ៣០៥០រៀល.ប្រេងម៉ាស៊ូតលក់ក្នុងតម្លៃ២៨០០រៀល ។ ចំណែកស្ថានីយ៍ប្រេងឥន្ធន:សូគីម៉ិច ដែង ភារម្យ សាំងធម្មតាលក់ក្នុងតម្លៃ៣០០០រៀលក្នុង១លីត្រ និងប្រេងម៉ាស៊ូតលក់ក្នុងតម្លៃ២៨០០រៀលក្នុង១លីត្រ ។ ស្ថានីយ៍ប្រេងឥន្ធន: តេលា ស្រូយរស្មី ប្រេងសាំងធម្មតាតម្លៃ៣០០០រៀល ប្រេងម៉ាស៊ូតតម្លៃ២៨០០រៀល ។ តម្លៃទាំងឃើញថា មិនមានការអនុវត្តក្នុងការតាមតម្លៃដែលក្រសួងសាម៉ី បានណែនាំនោះឡើយ ។

ករណីនេះ លោក នូ សុវណ្ណតារា ប្រធានមន្ទីររ៉ែ និងថាមពល ខេត្តស្ទឹងត្រែង បានបញ្ជាក់ឲ្យដឹងថា:លោកបានឲ្យមន្រ្តីរបស់លោក ចុះធ្វើការណែនាំដល់ស្ថានីយ៍ប្រេងឥន្ធន:ទាំងអស់ ឲ្យអនុវត្តតាមការណែនាំរបស់ក្រសួង ម្តងរួចមកហើយ តែគ្រប់ស្ថានីយ៍ប្រេងទាំងអស់នេះ នៅបន្តលក់ថ្លៃដដែល ហាក់មិនអនុវត្តតាមការណែនាំរបស់ក្រសួងសាម៉ី ក៏ដូចជាអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ប្រមុខដឹកនាំប្រទេសនោះទេ ។

ចំណែក លោក ម៉ែន គង់ អ្នកនាំពាក្យរបស់រដ្ឋបាលសាលាខេត្តស្ទឹងត្រែង ក៏បានឲ្យដឹងដែរថា:ចំពោះបញ្ហានេះ លោកនៅមិនទាន់បានដឹងច្បាស់នៅឡើយទេ លោកថា:ចាំសួរទៅប្រធានមន្ទីររ៉ែ និងថាមពលសិន ៕ដោយ:ម៉ាវិន