ឯកឧត្តម សោម ស៊ុនប្រធានក្រុមការងារចូលរួមបុណ្យសពសមាជិកបក្ស និងផ្សព្វផ្សាយការប្រឆាំងមេរោគកូវីដ១៩

កំពង់ធំ៖ ឯកឧត្តម សោម ស៊ុនប្រធានក្រុមការងារ គណបក្សប្រជាជនកម្ពុជា ចុះជួយឃុំបន្ទាយស្ទោង បានអញ្ជើញកដឹកនាំក្រុមការងារ ចូលរួមបុណ្យសពសមាជិកបក្ស ដែលទទួលមរណៈភាព ដោយសារ ជនវិកលចរិក យកកាំបិតចិតបន្លែ មកចាក់សម្លាប់ ខណៈពេលដែលកំពុងតែ ដេកអង្រឹងក្រោមផ្ទះ កាលពីម៉ោង០៦:៣០នាទីព្រឹក ថ្ងៃទី២ ខែមេសា ឆ្នាំ២០២០  ស្ថិតនៅ ភូមិឈើទាល  ឃុំ បន្ទាយស្ទោង  ស្រុកស្ទោង  ខេត្ត កំពង់ធំ   ។

ឯកឧត្តម សោម ស៊ុន សមាជិកអចិន្ត្រៃយ៍គណបក្សប្រជាជនកម្ពុជាខេត្តកំពង់ធំ រួមទាំងគណបក្សឃុំ សាខា បក្សភូមិ ចូលរួមពិធីបុណ្យសពសមាជិកគណបក្សប្រជាជនកម្ពុជា ឈ្មោះ រិន  សៃ  អាយុ  ៦២ ឆ្នំា   ដែលបាន ទទួលមរណភាពដោយអំពើឃាតកម្ម  ឯកឧត្តម សោម  ស៊ុន  រួមជាមួយក្រុមការងារបានសម្តែង នូវការសោកស្តាយ និងចូលរួមមរណៈទុក្ខជាមួយក្រុមគ្រួសារសព  និងបានចូលរួមឧបត្ថម្ភក្នុងពិធីបុណ្យមានអង្ករ ៥០គីឡូក្រាម មីចំនួន២កេស និងថវិកាចំនួន ៣៥០,០០០  រៀល  ក្នុងឳកាសនេះផងដែរឯកឧត្តមប្រធានក្រុមការងារ ផ្សព្វផ្សាយការប្រឆាំងមេរោគកូវីដ១៩ នៅតាមខ្នងផ្ទះប្រជាជន ក្នុងឃុំបន្ទាយស្ទោង  ស្តីពី សេចក្ដីណែនាំរបស់ក្រសួងសុខាភិបាលស្ដីពីការប្រយុទ្ធប្រឆាំងមេរោគគកូវីដ១៩។

ឯកឧត្តម សោម ស៊ុន បាននាំយកនូវអំណោយរបស់ ឯកឧត្តម ឧត្ដមសេនីយ៍ ឯក បណ្ឌឹតហ៊ុន ហ៊ុន  ម៉ាណែត  ឧបត្ថម្ភដល់ប្រជាពលរដ្ឋចំនួន៣គ្រួសារដែលមានជីវភាពលំបាកខ្វះខាតនៅក្នុងភូមិឈើទាល ឃុំបន្ទាយស្ទោង ក្នុងមួយគ្រួសារទទួលបានអង្ករ ២៥គីឡូក្រាម មីចំនួន១កេស ត្រីខ១យួរ និងក្រម៉ាមួយផងដែរ  ។

គ្រួសារសពសមាជិកគណបក្សដែលបានទទួលមរណភាព និងគ្រួសារប្រជាពលរដ្ឋទីទ័លក្របានសំដែងនូវការថ្លែងអំណរគុណដ៏ជ្រាលជ្រៅជាទីបំផុតដល់ក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះជួយឃុំបន្ទាយស្ទោង ដែលជានិច្ចកាលតែងតែផ្សារភ្ជាប់នូវមនោសញ្ចេតនាផ្ដល់នូវភាពកក់ក្ដៅដល់សមាជិកបក្ស ក៏ដូចជាប្រជាពលរដ្ឋដែលមានទុក្ខលំបាកនៅគ្រប់ភូមិទាំង១៥កន្លងមក  ។

ដោយ ប៊ុន រដ្ឋា