ក្រឡាប់រថយន្តក្រុងក្រុមហ៊ុនវិរះប៊ុនថាំនៅមណ្ឌលគិរី របួសធ្ងន់ស្រាល១២នាក់

ដោយៈសាតចាន់បុត្រ មណ្ឌលគិរីៈមនុស្ស១២នាក់មានតាំងក្មេងផងនោះ បងរងនូវការភ័យខ្លាច ព្រមទាំងរងនូវរបួសធ្ងន់ស្រាលផង គ្រាដែលរថយន្តក្រុងដឹកអ្នកដំណើរប្រភេទគ្រែ២ជាន់ ធ្លាក់ផ្លូវក្រឡាប់ ពេលកំពុងបើកឆ្ពោះទៅខេត្តរតនគិរី។

សេចក្តីរាយការពីសមត្ថកិច្ចថានៅវេលាម៉ោង៤និង១៥នាទីទាបភ្លឺថ្ងៃទី៥ខែមេសា២០២០នេះ
មានរថយន្តដឹកអ្នកដំណើរពីរជាន់របស់ក្រុមហ៊ុនវិរៈប៊ុនថាំងចេញដំណើរពីភ្នំពេញទៅខេត្តរតនៈគិរី លុះមកដល់ចំណតក្រុមហ៊ុននៅខេត្តមណ្ឌលគិរីបានឈប់ដាក់អ្នកដំណើរ ហើយបន្តហួសទៅខេត្តរតនៈគិរី ។

សមត្ថកិច្ចថា ពេលចេញដំណើរពីចំណតបានប្រហែល៣គីឡូម៉ែត្រចំនុចស្ពានទី២ សង្កាត់រមនា ក្រុងសែនមនោរម្យ រថយន្តក៏បានជ្រុលចង្កូតធ្លាក់ផ្លូវ បណ្តាលអោយមានរបូសធ្ងន់ស្រាលចំនួន១២នាក់ ក្នុងនោះមានក្មេង២នាក់និង របូសធ្ងន់៣នាក់ ។
សមត្ថកិច្ចបញ្ជាក់ថាក្រោយពិនិត្យទីតាំងនិងសាកសួរព័ត៌មានលំអិតមូលហេតុគឺបណ្តាលមកពី អ្នកបើកបរ បើកក្នុងល្បឿនលឿន ជាមួយនិងស្ថានភាពផ្លូវចុះចំណោតកោងហើយមានស្ពាននៅខាងមុខទៀត ក៏ជ្រុលចង្លូតធ្លាក់ផ្លូវតែម្តង។

ក្រោយកើតហេតុ អ្នកបើកបរបានរត់គេចខ្លួន ដោយបន្សល់ទុកអ្នករបួសរណូករណែល ហើយសមត្ថកិច្ចបានហៅអ្នករបួសដាក់រថយន្តសាម៉ុយយកទៅសង្គ្រោះនៅមន្ទីរពេទ្យ៕