សៀមរាបបញ្ចប់ការតាមដាន ការដាក់អោយនៅដោយឡែករយះពេល១៤ថ្ងៃចំពោះអ្នកដែលប៉ះពាល់ផ្ទាល់និងប្រយោលជាមួយអ្នកវិជ្ជមានកូវីដ១៩

សៀមរាប៖ ប្រធានមន្ទីរសុខាភិបាលខេត្តសៀមរាប លោកក្រុស សារ៉ាត់បានអោយដឹងថា៖ មកដល់ថ្ងៃទី០៥ខេមេសាឆ្នាំ២០២០នេះ ក្នុងខេត្តសៀមរាប បានបញ្ចប់នូវការតាមដាន ដោយដាក់ឲ្យនៅដោយឡែក រយះពេល១៤ថ្ងៃ ចំពោះអ្នកដែលពាក់ព័ន្ធប៉ះពាល់ ដោយផ្ទាល់និងដោយប្រយោល ជាមួយបុគ្គលវិជ្ជមាន មេរោគ COVID-19 ទាំង៧នាក់ ក្នុងខេត្តសៀមរាប។ មកដល់ពេលនេះបានជាសះស្បើយជនជាតិខ្មែរ២នាក់, ៥នាក់កំពុងតែស្ថិតនៅបន្តការព្យាបាលក្នុងមន្ទីរពេទ្យ ដែលក្នុងនោះមានជនបរទេស២នាក់, បុរសខ្មែរ១នាក់, ស្រ្តីខ្មែរ១នាក់ និងក្មេងប្រុសម្នាក់) ។

លោកក្រុស សារ៉ាត តំណាងក្រុមគ្រូពេទ្យទាំងអស់បានថ្លែងអំណរគុណ ចំពោះការចូលរួម របស់បងប្អូនទាំងអស់គ្នា(ដោយផ្ទាល់និងដោយប្រយោល) ព្រមទាំងការគាំទ្រ ជួយសំរបសំរួល សហការណ៏ ក្នុងការប្រតិបត្តិការងារច័ត្តាឡីស័ក ជាមួយក្រុមការងារកន្លងមក និងសូមអបអរជាមួយនឹងភាពអវិជ្ជមានមេរោគនេះ នៃបងប្អូនទាំងអស់គ្នា ។

លោកបញ្ជាក់ថា៖ ក្រុមគ្រូពេទ្យជំនាញ ក្រុមការងារច័ត្តាឡីស័ក និងក្រុមការងារឆ្លើយតបបន្ទាន់ នៃមូលដ្ឋានសុខាភិបាលសាធារណៈ ខេត្តសៀមរាប នឹងខិតខំ បន្តការងារពិនិត្យស្រាវជ្រាវ រកអ្នកដែលប្រឈមមុខនៃការឆ្លង មេរោគ COVID-19 នេះ ក្នុងខេត្តសៀមរាបបន្តទៀត ជាពិសេស ក្នុងចំណោមបងប្អូនដែលត្រលប់មកពីបរទេស ដែលបាននិងកំពុងតែដាក់ឲ្យ អនុវត្ត នូវវិធានការណ៏ រស់នៅដោយឡែក រយះពេល១៤ថ្ងៃ នៅតាមមូលដ្ឋាន តាមក្រុមគ្រួសាររៀងៗខ្លួន។

លោកសង្ឃឹមនិងជឿជាក់លើបងប្អូនប្រជាពលរដ្ឋគ្រប់ៗគ្នា អាជ្ញាធរមូលដ្ឋាន ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ ស្ថាប័ន វិស័យឯកជនទាំងឡាយ ក្នុងការរួមកំលាំងប្រយុទ្ធ ប្រឆាំង នឹងការឆ្លងមេរោគ COVID-19 នេះក្នងខេត្តសៀមរាប ឲ្យមានប្រសិទ្ធិភាព និងទទួលបានជោគជ័យ ។
សូមជម្រាបជូនថា៖ មិនមានករណីអ្នកឆ្លងមេរោគ COVID-19 ថ្មីទេ នៅក្នុងប្រទេសកម្ពុជា គិតត្រឹម ៧.០០នាទី ព្រឹកថ្ងៃអាទិត្យ ទី០៥ ខែមេសា ឆ្នាំ២០២០ ដូចនេះករណីអ្នកឆ្លងមេរោគ COVID-19 មានចំនួន ១១៤នាក់ដដែល ។ ចំណែកលទ្ធផលព្យាបាលវិញ គឺបានជាសះស្បើយចំនួន ១នាក់បន្ថែមទៀត ជាបុរសជនជាតិម៉ាឡេស៊ីធ្វើការផ្នែកសាសនានៅខេត្តកំពង់ចាម ដូចនេះសរុបលទ្ធផលព្យាបាលឱ្យជាសះស្បើយកើនដល់ ៥០នាក់ហើយ ។ ទន្ទឹមនោះការដាក់ឲ្យសម្រាកព្យាបាលដាច់ដោយឡែកនៅសល់ចំនួន ៦៤នាក់ (ស្រ្តី ២០នាក់ និងបុរស ៤៤នាក់) ។ នៅកម្ពុជា មិនទាន់មានករណីស្លាប់ដោយសារជំងឺកូវីដ-១៩នេះឡើយ ។