រដ្ឋមន្ត្រីក្រសួងការងារ បានឧបត្ថម្ភគ្រឿងឧបភោគ បរិភោគ រួមនឹងថវិកា ដល់អង្គភាពកងពលតូចអន្តរាគមន៍លេខ៧

ដោយ៖ឡុង សំបូរ  ខេត្តព្រះវិហារ៖ ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ លោក អ៊ិត សំហេង ដែលជាដៃគូសម្ព័ន្ធមេត្រីភាព រវាងសមរភូមិមុខ និងសមរភូមិក្រោយនោះ លោកបានផ្តល់អំណោយជាគ្រឿងឧបភោគ បរិភោគ រួមនឹងថវិកាមួយចំនួន ដល់នាយទាហាន នាយទាហានរង និងពលទាហាន នៅក្នុងអង្គភាពកងពលតូចអន្តរាគមន៍លេខ៧ ដែលមានមូលដ្ឋាននៅទិសទី១ ប្រាសាទព្រះវិហារ នៅមុនបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ ឈានចូលមកដល់។
នៅថ្ងៃទី៦មេសាម្សិលមិញនេះ ប្រធានមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តព្រះវិហារ លោក ហេង កូយ បានដឹកនាំមន្ត្រីក្រោមឧិវាទ នាំយកអំណោយរបស់លោកទេសរដ្ឋមន្ត្រី អ៊ិត សំហេង ទៅកាន់អង្គភាពកងពលតូចអន្តរាគមន៍លេខ៧ ចំណុះអង្គភាពកងពលធំអន្តរាគមន៍លេខ៣ នៃទិសទី១ ប្រាសាទព្រះវិហារ ដើម្បីចែកជូនដល់នាយ និងពលទាហាន នៅទីនោះដោយផ្ទាល់ដៃ និងក៏ដើម្បីបន្តពង្រឹងចំណងសម្ព័ន្ធមេត្រីភាព រវាងស្ថាប័នស៊ីវិល នៅសមរភូមិក្រោយ ជាមួយអង្គភាពប្រដាប់អាវុធ ដែលស្ថិតនៅសមរភូមិមុខ ក្នុងក្របខ័ណ្ឌការពារអធិបតេយ្យភាពជាតិ ។
អំណោយរបស់ទេសរដ្ឋមន្ត្រីក្រសួងការងារ ដែលបានផ្តល់ជូនកងទ័ពនាពេលនោះ រួមមាន៖ គ្រឿងឧបភោគ បរិភោគ សម្ភារៈប្រើប្រាស់ជាច្រើនមុខ រួមនឹងថវិកា ៤០លានរៀល ទុកប្រើប្រាស់ក្នុងអង្គភាព នាយទាហានក្នុងម្នាក់ទទួលបាន ២០ម៉ឺនរៀល និងពលទាហានក្នុងម្នាក់ៗ ទទួលបានថវិកា ១ម៉ឺនរៀល ព្រមទាំងឃីត១កញ្ចប់ ផងដែរ។
ប្រធានមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ខេត្តព្រះវិហារ លោក ហេង កូយ បានថ្លែង ដោយពាំនាំប្រសាសន៍ ផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់ លោកទេសរដ្ឋមន្ត្រី អ៊ិត សំហេង ចំពោះនាយទាហាន នាយទាហានរង និងពលទាហាន ស្ថិតនៅអង្គភាពជួរមុខទាំងអស់ ដែលកំពុងបំពេញតួនាទី និងភារកិច្ច ការពារបូរណភាពទឹកដី នាពេលនេះ។ លោកថា លោកទេសរដ្ឋមន្ត្រី តែងតែយកចិត្តទុកដាក់ និងបន្តការផ្សារភ្ជាប់ នូវចំណងមេត្រីភាព រវាងអង្គភាពកងទ័ព នៅសមរភូមិមុខ និងស្ថាប័នស៊ីវិល នៅសមរភូមិក្រោយ ជានិច្ច។
មេបញ្ជាការកងពលតូចអន្តរាគមន៍លេខ៧ លោកឧត្តមសេនីយ៍ទោ ដួង សំនៀង ក្នុងនាមនាយទាហាន នាទាហានរង និងពលទាហានទាំងអស់ សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះលោកទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដែលបានបង្កើតអោយមានសម្ព័ន្ធមេត្រីភាព រវាងអង្គភាពកងទ័ព និងក្រសួងការងារ តាំងពីច្រើនឆ្នាំមុន និងរហូតមកទល់ពេលនេះ។ លោកមេបញ្ជាការ បានបញ្ជាក់ថា ការបរិច្ចាគធនធាន សម្ភារៈបរិក្ខា គ្រឿងឧបភោគ បរិភោគ និងថវិការបស់លោកទេសរដ្ឋមន្ត្រី ដល់អង្គភាពកងពលតូចអន្តរាគមន៍លេខ៧ នៅច្រើនឆ្នាំកន្លងមក និងនៅក្នុងពេលនេះ សបញ្ជាក់អោយឃើញថា លោកទេសរដ្ឋមន្ត្រី បានចូលរួមចំណែកមួយយ៉ាងសកម្ម ក្នុងកិច្ចការងារការពារជាតិ និងជម្រុញអោយវិស័យការពារជាតិ កាន់តែរឹងមាំ ថែមទៀត៕