ប្រជាពលរដ្ឋខកបំណងចំពោះប្រធានមន្ទីរកសិកម្មខេត្តកំពង់ឆ្នាំង អសកម្មការងារក្នុងការគ្រប់គ្រងដែនជម្រកព្រៃត្រីពងកូនរលាយ

កំពង់ឆ្នាំង៖ ដែនដីព្រៃលិចទឹក ក្នុងបឹងទន្លេសាបក្នុងខេត្តកំពង់ឆ្នាំង កំពុងតែរលាយហិនហោចគ្មានសល់ ដោយសារតែ ភាពអសកម្ម និងខ្វះសមត្ថភាព ក្នុងការគ្រប់គ្រងថែរក្សា ថែមទាំងបណ្តែតបណ្តោយឲ្យមានការ ឈូសឆាយដីព្រៃលិចទឹករាប់ពាន់ហិចតា ក្នុងស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង ។

ជាក់ស្តែង នៅថ្ងៃទី ៧ ខែមេសា ឆ្នាំ ២០២០ ដីព្រៃលិចទឹក នៅក្បែរភ្នំច្រណូក ចំនុចបឹងផ្តៅ ភូមិច្រណូក ឃុំច្រណូក ស្រុកកំពង់លែង  ខេត្តកំពង់ឆ្នាំង ដែលជាព្រៃជម្រកត្រីពងកូន ត្រូវបានរលាយដោយសារតែ ការរួមផ្សំគំនិតរបស់ ក្រុមឈ្មួញបំផ្លាញជាតិ បំផ្លាញសម្បត្តិធនធានធម្មជាតិ យកគ្រឿងចក្រមកឈូសឆាយដីព្រៃលិចទឹក ដែលជាព្រៃហាមឃាត់របស់ប្រមុខរាជរដ្ឋាភិបាល តែបែរជាមានក្រុមឈ្មួញនាំគ្នា បែងចែកគ្នាចែកជាឡូត៍ជាប្លង់ តាមតែអំពើចិត្ត ដោយមិនមានការខ្លាចញញើតច្បាប់បន្តិចសោះឡើយ ធ្វើឲ្យមានការរិះគន់ ពីសំណាក់មហាជន ថា លោក ងិន ហ៊ុន ប្រធានមន្ទីរកសិកម្មរុក្ខាប្រម៉ាញ់និងនេសាទ ខេត្តកំពង់ឆ្នាំង និង លោក  លី ទ្បា នាយខណ្ទរដ្ឋបាលជលផល កំពង់ឆ្នាំងអសមត្ថភាពក្នុងការបំពេញតួនាទី ក្នុងដែនគ្រប់គ្រងព្រៃលិចទឹកជាធនធានធម្មជាតិ ។

គ្រឿងចក្ររាប់សិបគ្រឿង កំពុងតែបន្តឈូសឆាយដីព្រៃលិចទឹក យ៉ាងសកម្មភាព តែបែរជាលោក លោក ងិន ហ៊ុន ប្រធានមន្ទីរកសិកម្មរុក្ខាប្រម៉ាញ់និងនេសាទ ខេត្តកំពង់ឆ្នាំង និង លោក  លី ទ្បា នាយខណ្ទរដ្ឋបាលជលផល កំពង់ឆ្នាំង មិនដែលអើពើ និងរវីរវល់ពីការដឹកនាំ ការបង្រ្កាបបទល្មើសឈូឆាយដីព្រៃ ដោយខុសច្បាប់ទាំងនេះផងដែរ ជាហេតុធ្វើឲ្យមានការសង្ស័យថា ក្រុមឈ្មួញដែលបាន ឈូសឆាយដីព្រៃលិចទឹក យកមកធ្វើជាកម្មសិទ្ធ មានការបើកភ្លើងខៀវពីលោក ប្រធានមន្ទីរកសិកម្មរុក្ខាប្រម៉ាញ់និងនេសាទ ខេត្តកំពង់ឆ្នាំង ។

តាមប្រភពព័ត៌មាន ច្បាស់ការ បានបញ្ជាក់ឲ្យដឹងថា រាល់ពេលដែល មានការឈូសឆាយដីព្រៃលិចទឹក ដែលជាតំបន់ហាមឃាត់ ដោយខុសច្បាប់ អ្នកឃ្លាំមើលការអនុវត្តច្បាប់ បានរាយការណ៍ ជូនលោក ងិន ហ៊ុន ដែលជាប្រធានមន្ទីរកសិកម្មខេត្ត និង លោក  លី ទ្បា នាយខណ្ទរដ្ឋបាលជលផល កំពង់ឆ្នាំង គឺមិនដែលឃើញលោក ងិន ហ៊ុនចុះមកមើលនោះទេ បែរជាកុហកភូតភរ មិនចេះចប់មិនចេះហើយ ថានិងឲ្យកូនចៅចុះទៅមើល តែទីបំផុតគឺជាពាក្យគ្រាន់តែនិយាយឲ្យផុត តែពីមាត់នោះទេ ។

មហាជនទូទៅ បានសម្តែងការខកចិត្តយ៉ាងខ្លាំងចំពោះ លោក ងិន ហ៊ុន ប្រធានមន្ទីរកសិកម្មរុក្ខាប្រម៉ាញ់និងនេសាទ ខេត្តកំពង់ឆ្នាំង និងលោក  លី ទ្បា នាយខណ្ទរដ្ឋបាលជលផល កំពង់ឆ្នាំង ដែលពុំបានបំពេញតួនាទីក្នុងការ ការពារអភិរក្សធនធានធម្មជាតិ និងទប់ស្កាត់ការ កាប់បំផ្លាញ់ ឈូសឆាយដីព្រៃហាមឃាត់របស់ច្បាប់ តែផ្ទុយទៅវិញគឺដីព្រៃត្រូវរលាយហិនហោចទៅវិញ ក្នុងអណត្តិគ្រប់គ្រង់របស់លោក ប្រធានមន្ទីរកសិកម្មរុក្ខាប្រម៉ាញ់និងនេសាទ ខេត្តកំពង់ឆ្នាំង ឆ្នាំ២០២០ ក្នុងនោះក៏មាន មហាជនសំណូមពរ ឲ្យសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជា ណាចក្រកម្ពុជា មេត្តាជួយចាត់វិធានការ មន្រ្តីអសកម្មម្នាក់នេះផង ។