ដីព្រៃលិចទឹកជាច្រើនហិចតាត្រូវអ្នកមានលុយ។ មានអំណាចទន្ទ្រានយ៉ាងគគ្លើន

0

កំពង់ឆ្នាំង៖ដីព្រៃលិចទឹកជម្រកត្រីពងកូន ជាដីសម្បតិ្តសាធារណៈរបស់រដ្ឋ ជាច្រើនហិចតា ដែលស្ថិតក្នុងដែនស្ថិត នៅក្នុងភូមិសេះស្លាប់  ឃុំឆ្នុកទ្រូ ស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង កំពុងតែត្រូវបានកាប់ទន្រ្ទានដើម្បីយកធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួន យ៉ាងអាណាធិបតេយ្យ ស្ទើរគ្មានសល់ពីសំណាក់ អ្នកមានលុយ និង មានអំណាច ដោយជ្រកក្រោមលេសគម្រោងផែនការបម្លាស់ទីប្រជាពលរដ្ឋពីក្នុងទឹកមកលើគោក   ។

បើតាមសេចក្តីរាយការណ៍ពីពលរដ្ឋបានអោយដឹងថាសកម្មភាពនែការឈូសឆាយទន្រ្ទានដីព្រៃខាងលើនេះ ប្រហែល ជាមានការឃុបឃិតគ្នារវាងអាជ្ញាធរមូលដ្ឋានពីថ្នាក់ក្រោមដល់ថ្នាក់លើ និងសមត្ថកិច្ចជំនាញក្នុងការបើកដៃអោយឈ្មូញដែលមានលុយនិងមានអំណាច ដើម្បីទាញយកផលប្រយោជន៍ផ្ទាល់ខ្លួនទើបការកាប់ទន្ទ្រានព្រៃលិចទឹកខាងលើ អាចធ្វើឡើងបានយ៉ាងស្ងប់ស្ងាត់ និង រលូនរហូតមកបែបនេះ ។ម្យ៉ាងទៀតបើគ្មានការឃុបឃិតគ្នាជាប្រព័ន្ធទេ ពិតជាគ្មានរឿងអ្វីដែលអាចលាក់បាំង ពីអស់ លោកសមត្ថកិច្ចជំនាញបាននោះទេ កុំថាដល់ថ្នាក់មានការទន្ទ្រានព្រៃលិចទឹកដែលជាសម្បតិរដ្ឋអស់ជាច្រើនហិចតាបែបនេះ ។

ប្រភពដដែលបានបន្តថា ដីព្រៃលិចទឹកដែលកំពុងរងការឈូសទន្រ្ទានយកធ្វើកម្មសិទ្ធិនេះ គឺសុទ្ធតែជាកម្មសិទ្ធិរបស់អស់លោកអ្នកមានអំណាច។

ប្រភពដដែលបានបង្ហើបឲ្យដឹងថាការឈូសទន្រ្ទានដីព្រៃលិចទឹកខាងលើនេះ មេការដែលដឹកនាំយកត្រាក់ទ័រចូលមកធ្វើការឈូសឆាយនេះ គឺត្រូវបានគេស្គាល់ថាជាមន្ត្រីនគរបាលម្នាក់ ឈ្មោះ ផាត ដែលមានមុខងារជាអធិការរងនគរបាលស្រុកបរិបូណ៌ ដោយលោកអធិការរងរូបនេះជាអ្នកឈរមើលការខុសត្រូវឲ្យអ្នកដែលចូលមកទន្រ្ទានយកដីព្រៃលិចទឹកខាងលើដោយទទួលបានផលប្រយោជន៍ពីខាងត្រាក់ទ័រផង និងខាងអ្នកទន្ទ្រានដីព្រៃលិចទឹករបស់រដ្ឋផង ។
ប្រភពបានឲ្យដឹងទៀតថាដីព្រៃលិចទឹកដែលលោក ផាត អធិការរងនគរបាលស្រុកបរិបូណ៌មើលការខុស ត្រូវឈូសឆាយនេះមានម្ចាស់ចំនួន១១ នាក់ ក្នុងនោះមានដីរបស់លោក ផល សុភាព អភិបាលរងស្រុកបរិបូណ៌ និង អ្នកមានលុយមានអំណាចផ្សេងទៀតដែលរៀបរាប់មិនអស់។

ករណីខាងលើនេះមជ្ឈដ្ឋានមហាជនដែលដឹង និងតាមដានរឿងនេះបានធ្វើការរិះគន់យ៉ាងខ្លាំងចំពោះសមត្ថកិច្ច និងអាជ្ញាធរមូលដ្ឋាន ចាប់ពីថ្នាក់ក្រោម រហូតដល់ថ្នាក់ខេត្តថាមិនគួរសម្ងំស្ងៀម បណ្តែតបណ្តោយឲ្យក្រុមជនខិលខូចធ្វើសកម្មភាពឈូសឆាយដីព្រៃលិចទឹកដែលជាជម្រកត្រីពងកូន និងជាសម្បត្តិសាថារណៈរបស់រដ្ឋយ៉ាងគគ្លើនបែបនេះឡើយ ។ការបណ្តែតបណ្តោយបែបនេះ នាំឲ្យគេសង្ស័យថាមានការត្រូវរ៉ូវចែកផលប្រយោជន៍គ្នាជាប្រព័ន្ធជ្រកក្រោមលេសផែនការបម្លាស់ទីប្រជាពលរដ្ឋ ។

ជាមួយគ្នានេះប្រជាពលរដ្ឋសំណូមពរ ឯកឧត្តមអភិបាលខេត្ត មេត្តាចាត់វិធានការស៊ើបអង្កេតអោយបានច្បាស់លាស់ និងទាន់ពេលវេលាវែកមុខអ្នកប្រើល្បិចត្រីងៀតឆ្លៀតពងអោយមានប្រសិទ្ធិភាព និងទាន់ពេលវេលា ដើម្បីថែរក្សាការពារព្រៃលិចទឹកជម្រកត្រីបងកូនងោយបានគង់វង្ស​