ក្រុម​​ការងារ​គម្រោង​តំបន់​ទន្លេ​សាប​ បាន​ឧបត្ថម្ភ​ថវិកា​ផ្ទាល់​ខ្លួន​ ជូន​គណៈកម្មការ​ប្រយុទ្ធ​នឹង​ជំងឺ​កូវីដ​១៩​ ខេត្តកំពង់ចាម​​

0

កំពង់ចាម​: ក្រុម​ការងារ​អនុវត្តន៍​គម្រោង​កាត់បន្ថយ​​ភាព​ក្រីក្រ​ និង​អភិវឌ្ឍន៍​កសិកម្ម​ខ្នាត​តូច​តំបន់​ទន្លេសាប​​ជំហាន​២​ ដឹកនាំ​ដោយ​លោក​ ពោយ​ សុខជា​ ប្រធាន​សម្របសម្រួល​គម្រោង​ខេត្តកំពង់ចាម​ នាព្រឹក​ថ្ងៃ​ទី​២០​ ខែមេសា​ ឆ្នាំ​២០២០នេះ​ បាន​បរិច្ចាគ​ថវិកា​ផ្ទាល់​ខ្លួន​ ចំនួន​១.៤០០០០០៛​ ជូន​ដល់​គណៈកម្មការ​ប្រយុទ្ធ​នឹង​ជំងឺ​កូវីដ​១៩​ ខេត្តកំពង់ចាម​ ដេីម្បី​ចូលរួម​ជាមួយ​រាជរដ្ឋាភិបាល​ ក្នុង​ការ​ បង្ការ​ទប់ស្កាត់​ការ​រីករាលដាល​នៃ​វីរុស​កូរ៉ូណា​ នៅ​កម្ពុជា​។​

ឯកឧត្តម​ អ៊ុន​ ចាន់ដា​ អភិបាលខេត្តកំពង់ចាម​ និង​ជា​ប្រធាន​គណៈកម្មការ​ខេត្ត​ប្រយុទ្ធ​នឹង​ជំងឺ​កូវីដ​១៩​ បាន​ថ្លែងអំណរគុណ​ដល់​ក្រុម​ការងារ​អនុវត្តន៍​គម្រោង​កាត់បន្ថយ​ភាព​ក្រីក្រ​ និង​អភិវឌ្ឍន៍​កសិកម្ម​ខ្នាត​តូច​តំបន់​ទន្លេសាប​ជំហាន​២​ ទាំង​អស់​​ ដែល​បាន​ចូល​រួម​ចំណែក​ ក្នុង​ការ​​ឧបត្ថម្ភ​ជា​​ថវិកា​​ សម្រាប់​គណៈកម្មការ​ប្រយុទ្ធ​នឹង​ជំងឺ​កូវីដ​១៩​ ខេត្តកំពង់ចាម​ សម្រាប់​យកទៅ​ប្រេីប្រាស់​ តាមតម្រូវការចាំបាច់ ក្នុង​យុទ្ធនាការ​នានា​ ដេីម្បី​រួម​គ្នា​បង្ការ​ទប់ស្កាត់​ការឆ្លង​រីករាលដាល​​នៃ​ជំងឺ​ដ៏​កាច​សាហាវ​នេះ​។

គួរ​បញ្ជាក់​ផង​ដែរថា​ សម្រាប់​ខេត្ត​កំពង់ចាម​ទាំង​មូល​ គឺ​មាន​អ្នក​កេីត​ជំងឺ​កូវីដ​១៩​ សុទ្ធសឹងតែ​ជា​ជន​បរទេស​ សរុប​ចំនួន​១៦នាក់​ តែ​រហូត​មក​ដល់​ពេល​នេះ​ គឺ​មិន​មាន​ទៀត​ទេ​ ដោយ​ក្រុម​គ្រូពេទ្យ​ខេត្តកំពង់ចាម​ បាន​ធ្វេី​ការ​ព្យាបាល​អ្នក​ផ្ទុក​វីរុស​ទាំង​នោះ​ រហូត​បាន​ជាសះស្បើយ​ឡើង​វិញ​អស់​ហើយ​។ ជាមួយ​គ្នានោះ​ អាជ្ញាធរ​ខេត្តកំពង់ចាម​ នៅតែ​បន្ត​ការ​ប្រុងប្រយ័ត្ន​ខ្ពស់​ដដែល​ ដោយ​បាន​បំពាក់​ម៉ាស៊ីន​ស្វ័យប្រវត្តិ​បាញ់​សម្លាប់​មេរោគ​ នៅតាមច្រក​ចេញចូល​សំខាន់ៗ​ ដេីម្បី​សម្រួល​ដល់​ការ​ធ្វើ​អនាម័យ​ ព្រមទាំង​បាន​បន្ត​ការ​ផ្សព្វផ្សាយ​សារ​អប់រំ​ អំពី​ការ​ធ្វើ​អនាម័យ​ ដើម្បី​ចៀស​ផុត​ពី​ការ​ឆ្លង​ជំងឺ​ដ៏​កាច​សាហាវ​នេះ​ផង​ដែរ​ ៕