អ្នកទោសជិត៣០នាក់ ហែកគុករត់នោះ ផ្តើមចេញពីផែនការ របស់អ្នកទោសថ្មីម្នាក់ ដែលដាក់ដាច់ដោយឡែក១៤ថ្ងៃខ្លាចមានជំងឺកូវិត-១៩

0

ខេត្តកំពង់ស្ពឺ៖ លោក ទីន សុវណ្ណនី ប្រធាពន្ធនាគារខេត្តកំពង់ស្ពឺ បានប្រាប់ក្រុមអ្នកយកព័ត៌មាន នៅថ្ងៃទី២០ ខែមេសា ឆ្នាំ២០២០នេះថា ករណីអ្នកទោសជិត៣០នាក់ ហែកគុកបម្រុងរត់គេចខ្លួននោះគឺ ផ្តើមឡើងដោយអ្នកទោសថ្មីម្នាក់ ត្រូវមន្ត្រីយាមកាមនៅពន្ធនាគារដាក់ឱ្យ នៅដាច់ដោយឡែកពីគេ រយៈពេល១៤ថ្ងៃ ខ្លាចបញ្ហាឆ្លងជំងឺកូវីដ-១៩ បានធ្វើជាពុតជាឈឺចុកធ្ងន់ធ្ងរស្រែក ឱ្យមន្ត្រីយាមកាមជួយព្យាបាល ស្រាប់តែមន្ត្រីចំនួន៤នាក់ ចូលទៅជួយសង្គ្រោះព្យាបាល ស្ថិតក្នុងរបងសុវត្ថិភាព ក៏ស្រាប់អ្នកទោសជាច្រើន បានស្ទុះមកវាយប្រតាយប្រតប់ ធ្វើឱ្យរបួសមន្ត្រីទាំងនោះ ហើយអ្នកទោសព្យាយាមចង់រត់ចេញ តែត្រូវទប់ស្កាត់ទាន់ពេលផងដែរ។

ប្រធានពន្ធនាគារដដែលបានថ្លែងថា ក្រោយពីមានការវាយមកលើមន្ត្រីពន្ធនាគារ លោកបានសុំអន្តរាគមន៍បន្ទាន់ ទៅកាន់ឯកឧត្តម វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ ដើម្បីត្រៀមជាស្រេច ហើយគ្រប់អ្នកទោសដែលរត់ចេញពីរបងសុវត្ថិភាពត្រូវបានបង្ក្រាប។ ជាក់ស្តែងមន្ត្រីពន្ធនាគារខាងក្នុងចំនួន២០នាក់ និងខាងក្រៅ២០នាក់ ប្រចាំការរាល់ថ្ងៃ បានប្រើប្រាស់កាំភ្លើងបាញ់គំរាមអ្នកទោស ដែលរត់ឡើងលើដំបូលអាគារគុក និងប្រើប្រាស់ដំបងឆក់។

លោក ទីន សុវណ្ណនី បានបន្តទៀតថា ដោយមើលឃើញកម្លាំងអន្តរាគមនរបស់ស្នងការនគរបាលខេត្ត និងកម្លាំងអាវុធហត្ថខេត្ត ព័ទ្ធជុំវិញក្រោមបញ្ជាផ្ទាល់ ពីឯកឧត្តម អភិបាលខេត្ត ក្នុងនាមប្រធានគណៈបញ្ជាការឯកភាពខត្ត ក្រុមអ្នកទោសជាច្រើនបានមើលឃើញពីទិដ្ឋភាព មិនអាចរត់គេចខ្លួនបាន ទើបបញ្ឈប់សកម្មភាព ហើយសមត្ថកិច្ចគ្រប់គ្រងសភាពការណ៍ជាក់ស្តែងប្រើ ប្រាស់ពេលវេលាជាង២០នាទី ក្នុងនោះអ្នកទោសទាំងអស់ មិនបានឆ្លងផុតចេញពីរបងសុវត្ថិភាពគុកនៅឡើយទេ។

សូមបញ្ជាក់ថា កាលពីព្រលប់ថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២០ ក្រុមអ្នកទោសបានវាយមន្ត្រីឆ្មាំគុក ក្នុងគោលបំណងរត់ចេញពីគុក តែត្រូវបានសមត្ថកិច្ចកម្លាំងនគរបាល និងកងរាជអាវុធហត្ថ សហការឡោមព័ទ្ធភ្លាមៗ ក្រោមការបញ្ជាផ្ទាល់ពីឯកឧត្តម វ៉ី សំណាង ប្រធានគណបញ្ជាការឯកភាពខេត្តកំពង់ស្ពឺ។

ឯកឧត្តម វ៉ី សំណាង និងជាអ្នកដឹកនាំប្រតិបត្តិការបង្ក្រាបក្រុមអ្នកទោចង់រត់ចេញពីគុក បានឱ្យអ្នកយកព័ត៌មានដឹងថា ក្រោយពីទទួលបានដំណឹងភ្លាមៗ ថាមានក្រុមអ្នកទោសហែកគុក និងវ៉ៃមន្ត្រីពន្ធនាគាររត់ចេញ ឯកឧត្ដម បានបញ្ជាឱ្យកម្លាំងនគរបាល នៃស្នងការដ្ឋានខេត្ត និងកម្លាំងកងរាជអាវុធហត្ថ សហការគ្នាបង្ក្រាប និងចាប់ជនដៃដល់ជាអ្នកទោសយកបានមកវិញភ្លាមៗ។

ឯកឧត្ដមអភិបាលខេត្តបានបន្តថា អ្នកទោសដែលរត់បានដល់ក្រៅមន្ទីរឃុំឃាំងក៏ត្រូវចាប់បានមកវិញទាំងអស់ដែរ និយាយរួមមិនដូចពាក្យចចាមអារាម ថាមានអ្នកទោសរត់រួចរាប់រយអ្នកនោះទេ។ ឯកឧត្ដម វ៉ី សំណាង បានសង្កត់ធ្ងន់ថា បើប្រើកម្លាំងនគរបាល និងកម្លាំងកងរាជអាវុធហត្ថ មិនធានាបានលោក និងបញ្ជាកម្លាំងយោធាបន្ថែមទៀត ដើម្បីគ្រប់គ្រងសភាពការណ៍ថែមទៀត៕ដោយ ព្រំភារុណ