កំពុងបូមទឹក ត្រូវគេយកម៉ាឡេតវាយបណ្ដាលឲ្យរងរបួស

0

ព្រៃវែង ៖ ករណីហឹង្សាដោយចេតនាមួយបានកើតឡើង​កាលពីវេលាម៉ោង១៤ និង៥៥នាទីរសៀលថ្ងៃទី២០ ខែមេសា ឆ្នាំ២០២០ នៅចំណុចប្រឡាយទឹកភូមិឈើទាល ឃុំឬស្សីស្រុក ស្រុកពាមជរ ខេត្តព្រៃវែង។

ប្រភពបានបញ្ជាក់ថា ករណីហឹង្សាដោយចេតនាខាងលើនេះបង្កឡើងដោយឈ្មោះ ប៉េង សុភាព ភេទស្រី អាយុ៤៤ឆ្នាំ មានទីលំនៅភូមិឈើទាល ឃុំឬស្សីស្រុក ស្រុកពាមជរ ខេត្តព្រៃវែង បានយកម៉ាឡេតវាយស្រ្តីរងគ្រោះ ត្រូវចំចិញ្ចើមខាងស្ដាំ បណ្ដាលឲ្យបែកមួយកន្លែងចំលើត្របកភ្នែក។ ចំណែកស្រ្តីរងគ្រោះមានឈ្មោះ ពុធ ផល អាយុ ៤៥ឆ្នាំ មានទីលំនៅភូមិ ឃុំ កើតហេតុខាងលើ។

បើតាមសំដីស្រ្តីរងគ្រោះបានឲ្យដឹងថា នៅវេលាម៉ោង១៣ និង៤៥នាទីរសៀល រូបគាត់កំពុងតែបូមទឹកនៅប្រឡាយទឹកឈើទាលខាងកើតផ្លូវថ្នល់ កំពុងតែបូមស្រាប់តែមានឈ្មោះ ឆាយ សុង និងប្រពន្ធឈ្មោះ ប៉េង សុភាព មកពន្លត់មាស៊ីន ហើយឈ្មោះ ប៉េង សុភាព បានយកម៉ាឡេតមកវាយរូបគាត់តែម្ដង​។ ក្រោយពីវាយរួចពួកគេទាំងពីរនាក់បានឡើងជិះម៉ូតូគេចខ្លួនបាត់ ហើយរូបគាត់ក៏ត្រូវបានបងប្អូនប្រជាពលរដ្ឋជួយដឹកយកទៅព្យាបាលនៅមណ្ឌលសុខភាពកំពង់ប្រាសាទផងដែរ។

បច្ចុប្បន្នជនរងគ្រោះបានដាក់ពាក្យបណ្ដឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំឬស្សីស្រុកដែលមានលោក កែន សុខុន ជាមេប៉ុស្តិ៍ដើម្បីជួយរកយុត្តិធម៌ និងចាប់ជនដៃដល់មកផ្ដន្ទាទោសតាមផ្លូវច្បាប់៕