អភិបាល​ស្រុក​កោះសូទិន​ ចូលរួម​ចែកកញ្ចប់អាហារស្រាយបួសរ៉ាម៉ាឌន​ ជូន​ពលរដ្ឋខ្មែរ-ឥស្លាម ជាង២០០គ្រួសារ

កំពង់ចាម​: លោក​ យី​ វណ្ណៈ​ អភិបាល​ស្រុក​កោះសូទិន​ រួម​នឹង​មន្ត្រី​ពាក់ព័ន្ធ​ នាព្រឹក​ថ្ងៃ​ទី​២១​ ខែមេសា​ ឆ្នាំ​២០២០នេះ​ បាន​អញ្ជើញ​ចូល​រួម​ចែកកញ្ចប់អាហារស្រាយបួសរ៉ាម៉ាឌន ជូនបងប្អូនប្រជាពលរដ្ឋខ្មែរ-ឥស្លាម ចំនួន២៣៧​គ្រួសារ ស្ថិត​នៅ​ក្នុង​ភូមិទី១៣​ ឃុំ​កោះសូទិន​ ស្រុក​កោះសូទិន​ ខេត្តកំពង់ចាម​ ដែល​ជា​អំណោយ​របស់​សប្បុរសជន​នានា​នៅ​ប្រទេស​ម៉ាឡេស៊ី​ ។ឆ្លៀត​ក្នុង​ឱកាស​នោះ​ដែរ​ លោក​ យី​ វណ្ណៈ​ អភិបាល​ស្រុក​កោះសូទិន​ បានរំលឹកឡើងវិញ​ អំពី​ប្រវត្តិ​ជូរចត់​ ពីអតីតកាល​ សម័យប៉ុល ពត​ ៣ឆ្នាំ​៨ខែ២០ថ្ងៃ​ ដែល​ជំនឿសាសនា​ទាំងអស់​ ត្រូវបានបំបិទសិទ្ធសេរីភាព​ មិនថាព្រះពុទ្ធសាសនា ឬ​ឥស្លាម​សាសនាឡើយ តែដោយ​នយោបាយ​ឈ្នះ​ៗ​ ក្រោម​ការ​ដឹកនាំ​ប្រកប​ដោយ​គតិបណ្ឌិត​របស់​សម្តេចតេជោ ហ៊ុន សែន ទើបធ្វើអោយប្រទេសកម្ពុជា ទទួលបានសុខសន្តិភាព និងការអភិវឌ្ឍឡើងវិញ​ ក្នុងនោះជំនឿសាសនា ក៏រស់ឡើងវិញ ហើយពុកម៉ែបបងប្អូនខ្មែរ-ឥស្លាមក៏អាចគោរព ប្រកាន់ទំនៀមទំលាប់របស់ខ្លួនបានរហូតដល់សព្វថ្ងៃនេះ។
ជាមួយគ្នា​នោះ​ លោក​អភិបាល​ស្រុក​ ក៏​បាន​អំពាវនាវ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់​ សូម​ឲ្យ​មានការ​ចូលរួម​បង្ការ​ទប់ស្កាត់​ការ​រីករាលដាល​នៃ​ជំងឺ​កូវីដ​១៩​ ដោយផ្តើមចេញពីការថែរក្សាអនាម័យផ្ទាល់ខ្លួន ក្នុង​គ្រួសារ​ ក៏ដូចជា​នៅ​ក្នុង​សហគមន៍​ទាំង​មូល​ ពោលគឺ​ត្រូវ​ជៀសវាងការជួបជុំគ្នា​ក្នុង​ពិធី​ធំ​ៗ​ និង​ត្រូវ​ពាក់ម៉ាស់​​នៅ​ទី​ប្រជុំជន​ ព្រមទាំង​លាងសម្អាតដៃដោយសាប៊ូ អាល់កុល ឬជែលសម្លាប់មេរោគ និង​វាស់ស្ទង់​កម្ដៅ​ជា​រៀង​រាល់​ថ្ងៃ​ ស្របតាមការណែនាំ របស់ក្រសួងសុខាភិបាល​ផងដែរ​ ។​លោក លី​ មូសា​ សមាជិក​ក្រុម​ប្រឹក្សា​ស្រុក​កោះសូទិន​ និង​ជា​អ៊ីម៊ាំ​ស្រុក​កោះសូទិន​ បាន​ធ្វេី​ការ​ថ្លែង​អំណរគុណ​ចំពោះ​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​ ក៏ដូចជា​សប្បុរសជន​នានា​ ទាំង​ក្នុង​និង​ក្រៅ​ប្រទេស​ ដែល​តែងតែយកចិត្តទុកដាក់​ គិតគូរអំពីសុខទុក្ខ​ ក្នុងការរស់នៅរបស់បងប្អូន​ខ្មែរ​ឥស្លាម​ជានិច្ច ជាពិសេសនៅក្នុង​រដូវ​ បួសខែរ៉ាម៉ាឌននេះផ្ទាល់តែម្តង​ ដែល​បាន​ផ្តល់​អំណោយ​ជា​ អង្ករ​០៨គីឡូក្រាម​ ស្ករស​០៣គីឡូ​ ទឹក​ដោះគោ០២កំប៉ុង​ ទឹកស៊ីរ៉ូ​០១ដប​ ប្រេងឆា​០១ដប​ សាគូ​០១គីឡូ​ និង​តែ០១​កញ្ចប់​ ​គិត​ជា​ថវិកា​អស់​៤.៥៤០០៛​ សម្រាប់​ក្នុង​០១គ្រួសារ​ ដែល​សរុប​រួម​អស់​ថវិកា​ ចំនួន​១០.៧៥៩.៨០០៛​ សម្រាប់​ចែក​ជូន​ប្រជាពលរដ្ឋ​ ចំនួន​២៣៧​គ្រួសារ​ ៕