អភិបាលខេត្តព្រះវិហារ៖ ណែនាំឲ្យមន្រ្តីជំនាញធ្វើការស្រាវជ្រាវរកមុខជនខិលខូតដែលលបលួចចូលបាញ់សម្លាប់សត្វ នៅក្នុងទំនប់អាងបង្ហៀរទឹកអូស្វាយ យកមកដាក់ទោសដោយមិនលើកលែងឱ្យបានជាដាច់ខាត !

0

ព្រះវិហារ៖ ឯកឧត្តម ប្រាក់ សុវណ្ណ អភិបាល នៃគណៈអភិបាលខេត្តព្រះវិហារ នៅព្រឹកថ្ងៃអង្គារ ទី២១ ខែមេសា ឆ្នាំ២០២០ បានធ្វើការណែនាំទៅកាន់មន្ត្រីជំនាញ ត្រូវស្រាវជ្រាវរកមុខជនខិលខូត ដើម្បីមកដាក់ទោស ដោយមិនលើកលែង ឱ្យបានជាដាច់ខាត ចំពោះជនណាដែលបានលួចចូលមកបាញ់សម្លាប់សត្វ នៅក្នុងតំបន់អាងបង្ហៀរទឹកអូស្វាយ ។

អភិបាលខេត្តព្រះវិហារ ឯកឧត្តម ប្រាក់ សុវណ្ណ ថ្លែងលើកឡើងបែបនេះ នៅក្នុងគ្រាដែលឯកឧត្ដម អញ្ជើញដឹកនាំសហការី អមដំណើរដោយមន្ត្រីរាជការក្រោមឱវាទ នៃអង្គភាពស្ថាប័នពាក់ព័ន្ធទាំងអស់ចំណុះឲ្យខេត្ត ចុះពិនិត្យមើលទីកន្លែងសត្វស្លាបកំពុងរស់នៅ និងពិនិត្យនូវរាល់សមទ្ធិផលដែលកំពុងរងការខូចខាត ក្នុងវត្តមរតកតេជោបុរីស្វៈរៈ ស្ថិតក្នុងភូមិធម្មជាតិសម្តេចតេជោ ឃុំស្រអែម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ។

ឯកឧត្តម ប្រាក់ សុវណ្ណ បានថ្លែងដោយលើកឡើងថា៖ បើយើងរួមគ្នាថែរក្សា ការពារ និងអភិរក្សបាន នូវប្រភេទសត្វស្លាបដ៏កម្រនេះ នោះតំបន់ដាច់ស្រយាលមួយនេះ និងប្រែក្លាយទៅជាកន្លែងដ៏មានសារៈសំខាន់មួយបន្ថែមទៀត នៅក្នុងការទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិ ឲ្យចូលមកលែងកម្សាន្ត ធ្វើឲ្យប្រជាជនរស់នៅក្បែរតំបន់នេះ មានជីវភាពធូរធារឡើង កាត់បន្ថយការធ្វើដំណើរចំណាកស្រុក ទៅរកការងារធ្វើនៅឯប្រទេសជិតខាងផងដែរ ។

លោកប្រាក់ ភី មេឃុំស្រអែម បានបញ្ជាក់ឲ្យដឹងថា៖ ចំពោះហ្វូងសត្វស្លាបដ៏កម្រនេះ បានចូលមករស់នៅក្នុងទំនប់អាងបង្ហៀរទឹកអូស្វាយ តាំងពីចុងឆ្នាំ២០១៩មកម្លេះ។ លោកថា ពីមុនហ្វូងសត្វស្លាបនេះ មានបន្តិចបន្តួចនៅឡើយទេ។ ប៉ុន្តែនៅក្រោយពីអាជ្ញាធរ បានសម្រេចដាក់ចេញនូវវិធានការថែរក្សា ការពារ ដើម្បីអភិរក្ស ឃើញថា ចំនួនសត្វចូលមករស់នៅក្នុងតំបន់នេះ កាន់តែច្រើនឡើង បន្ទាប់ពីអាជ្ញាធរបានធ្វើការណែនាំ ក៏ដូចជាការហាមឃាត់មិនឲ្យប្រជាពលរដ្ឋ ចូលធ្វើការនេសាទគ្រប់ប្រភេទ នៅក្នុងអាងបង្ហៀរទឹកអូស្វាយនេះ។ លោកប្រាក់ ភី បានបន្ថែមថា៖ ជារៀងរាល់ព្រឹកសត្វចង្កៀលខ្យង បានហើរប្រមូលផ្តុំគ្នាជាហ្វូងៗ មកចុះរកស៊ីចំនី ដោយមិនមានការភ័យខ្លាច ចំពោះការធ្វើដំណើរចុះឡើងរបស់មនុស្ស នៅតាមមាត់ទំនប់ដូចពីមុននោះទេ ។

បន្ទាប់មកឯកឧត្តម ប្រាក់ សុវណ្ណ អភិបាលខេត្តព្រមទាំងសហការី បានបន្តដំណើរ ដោយនាំយកនូវទេយ្យទាន មានបច្ច័យ ទៅវេរប្រគេនដល់ព្រះភិក្ខុសង្ឃ និងចែកអំណោយជូនដល់លោកយាយលោកតា ដោយម្នាក់ៗថវិកា២ម៉ឺនរៀល ក្រមា១ និងពិនិត្យមើល នូវរាល់សមទ្ធិផលដែលកំពុងរងការខូចខាតក្នុងវត្ត ហើយបន្តចុះទៅពិនិត្យមើលសាលាបណ្តុះបណ្តាលវិជ្ជាវីវយ៉ាឡាយ ដែលគ្រោងនឹងបើកវគ្គបណ្តុះបណ្តាលឡើងវិញទៅតាមជំនាញដែល លោកគ្រូ ធ្លាប់ បង្ហាត់បង្រៀន កន្លង មក ផងដែរ៕ សួនលីណា