អាជ្ញាធរ​ឃុំ​កោះសូទិន​ និង​អង្ការ​មូនិធិ​គាំពារ​កុមារ​​ ចុះ​ចែក​សាប៊ូ​ និងផ្សព្វផ្សាយ​សារ​អប់រំ​អំពី​វិធានការ​ការពារ​ទប់ស្កាត់​ការ​រីករាលដាល​នៃ​ជំងឺ​កូវីដ​១៩

0

កំពង់ចាម​: ដេីម្បី​ចូលរួម​ជាមួយ​រាជរដ្ឋាភិបាល​ ក្នុង​ការ​បង្ការ​ទប់ស្កាត់​ការ​រីករាលដាល​នៃ​ជំងឺ​កូវីដ​១៩​ ដែល​ពិភពលោក​កំពុង​តែ​មាន​ការ​ព្រួយបារម្ភ​នោះ នាព្រឹក​ថ្ងៃ​ទី​២១​ ខែមេសា​ ឆ្នាំ​២០២០នេះ​ លោកស្រី​ ស៊ុន​ ចន្ថា​ មេឃុំ​កោះសូទិន​ និង​លោក​ ហ៊ាប​ សេរីវុធ​ ស្ថាបនិក​អង្គការ​មូលនិធិ​គាំពារ​កុមារ​​ បាន​ដឹកនាំ​មន្ត្រី​ពាក់ព័ន្ធ​ និង​ដោយ​មាន​ការ​ចូលរួម​ពី​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​ បាននាំយក​សាប៊ូ​ និង​ខិត្តប័ណ្ណ​ ចែក​ជូន​បងប្អូន​​ប្រជាពលរដ្ឋ​ ទៅ​ដល់​ខ្នង​ផ្ទះ​​ ប្រមាណ​ជាង​២០០០គ្រូសារ​ នៅ​ក្នុង​ឃុំ​កោះសូទិន​ ស្រុក​កោះសូទិន​ ខេត្តកំពង់ចាម​ ក្នុងគោល​បំណង​ចូល​រួម​​ប្រយុទ្ធ​ប្រឆាំង​នឹង​ការ​ឆ្លង​រាតត្បាត​នៃ​វីរុស​កូរ៉ូណា​ដ៏​កាច​សាហាវ​នេះ​។

លោកស្រី​ ស៊ុន​ ចន្ថា​ មេឃុំ​កោះសូទិន​ បាន​ឲ្យដឹង​ថា​ ក្នុង​ការ​បេីក​យុទ្ធនាការ​ផ្សព្វផ្សាយ​សារ​អប់រំ​អំពី​វិធានការ​ការពារ​ទប់ស្កាត់​ការ​ឆ្លង​រីករាល​ដាល​នៃ​ជំងឺ​កូវីដ​១៩នេះ​ ដោយ​មាន​ការ​ចូល​រួម​ចំណែក​ពី​អង្គការ​មូលនិធិ​គាំពារ​កុមារ​ ដែល​បាន​​ឧបត្ថម្ភ​ជា​សាប៊ូ​ ជាង​២០០០ដុំ​ សម្រាប់​​ចែក​ជូន​បងប្អូន​ប្រជាពលរដ្ឋ​ ទៅ​តាម​ខ្នងផ្ទះ​ ដេីម្បី​ឲ្យ​មាន​ការ​យល់ដឹង​បន្ថែម​​ពី​ការ​ធ្វើ​អនាម័យ​ជាប្រចាំ​ ជៀសវាង​ការ​ឆ្លង​ជំងឺ​ផ្សេងៗ​ ជាពិសេស​គឺ​ជំងឺ​កូវីដ​១៩នេះ​តែ​ម្ដង​ ដែល​ជា​ជំងឺ​ដ៏​កាច​សាហាវ​ ធ្វើ​ឲ្យ​ពិភពលោក​មាន​ការ​ឧបត្តម្ភ​ផងដែរ​។
ក្នុង​យុទ្ធនាការ​នេះ​ដែរ​ ក្រុម​ការងារ​ក៏​បាន​ធ្វេី​ការ​ផ្សព្វផ្សាយ​ អំពី​ការ​​ចូលរួម​បង្ការ​ទប់ស្កាត់​ការ​រីករាលដាល​នៃ​ជំងឺ​កូវីដ​១៩​ ដោយផ្តើមចេញពីការថែរក្សាអនាម័យផ្ទាល់ខ្លួន ក្នុង​គ្រួសារ​ ក៏ដូចជា​នៅ​ក្នុង​សហគមន៍​ទាំង​មូល​ ពោលគឺ​ត្រូវ​ជៀសវាងការជួបជុំគ្នា​ក្នុង​ពិធី​ធំ​ៗ​ និង​ត្រូវ​ពាក់ម៉ាស់​​នៅ​ទី​ប្រជុំជន​ ព្រមទាំង​លាងសម្អាតដៃដោយសាប៊ូ អាល់កុល ឬជែលសម្លាប់មេរោគ និង​វាស់ស្ទង់​កម្ដៅ​ជា​រៀង​រាល់​ថ្ងៃ​ ស្របតាមការណែនាំ របស់ក្រសួងសុខាភិបាល​ផងដែរ​ ៕