អភិបាលខេត្តកំពង់ចាម​ បន្តទទួលថវិកា និងសម្ភារៈ ពី​សប្បុរសជន​ ដេីម្បី​ចូលរួម​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​កូវីដ​១៩​

0

កំពង់ចាម: លោក មាស ធីបញ្ញា និងសហការី នៅរសៀលថ្ងៃទី២១ ខែមេសា ២០២០នេះ បានចូលរួមបរិច្ចាគថវិកាផ្ទាល់ខ្លួនចំនួន ១ លានរៀល ,ម៉ាស់ ១.០០០ , សាប៊ូ ១,០០០ដុំ ជែលលាងដៃ ១០០ ដប និងភេសជ្ជៈ អាដេ ចំនួន ១០ កេះ ផ្តល់ជូន លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈកម្មការប្រយុទ្ធនិងជំងឺកូវីដ-១៩ ខេត្ត ដើម្បីប្រើប្រាស់ ក្នុងយុទ្ធនាការប្រយុទ្ធនឹងជំងឺកូវីដ-១៩។

ក្នុងឱកាសនោះដែរ​ លោក​​ អ៊ុន​ ចាន់ដា​ អភិបាលខេត្តកំពង់ចាម និង​ជា​ប្រធាន​គណៈកម្មការ​ខេត្ត​ប្រយុទ្ធ​នឹង​ជំងឺ​កូវីដ​១៩​ បាន​ថ្លែងអំណរគុណ ដល់លោក មាស ធីបញ្ញា និងសហការី ទាំងអស់ ដែល​បាន​ចូល​រួម​ចំណែក​ ក្នុង​ការ​​ឧបត្ថម្ភ​ជា​​ថវិកា​​ សម្រាប់​គណៈកម្មការ​ប្រយុទ្ធ​នឹង​ជំងឺ​កូវីដ​១៩​ ខេត្តកំពង់ចាម​ យកទៅប្រេីប្រាស់ តាមតម្រូវការចាំបាច់ ក្នុង​យុទ្ធនាការ​នានា​ ដេីម្បី​រួម​គ្នា​បង្ការ​ទប់ស្កាត់​ការឆ្លង​រីករាលដាល​​នៃ​ជំងឺ​ដ៏​កាច​សាហាវ​នេះ​។

គួរ​បញ្ជាក់​ថា ខេត្តកំពង់ចាម កន្លងមកមានអ្នកកេីតជំងឺកូវីដ១៩ សុទ្ធសឹងតែ​ជា​ជន​បរទេស​ សរុប​ចំនួន​១៦នាក់​ ។ តែរហូតមកដល់ពេលនេះ គឺក្រុមគ្រូពេទ្យខេត្តកំពង់ចាម បាន​ធ្វេី​ការ​ព្យាបាល​អ្នក​ផ្ទុក​វីរុស​ទាំង​នោះ​ បានជាសះស្បើយអស់ហើយ។

ជាមួយ​គ្នានោះ​ អាជ្ញាធរ​ខេត្តកំពង់ចាម​ នៅតែ​បន្ត​ការ​ប្រុងប្រយ័ត្ន​ខ្ពស់​ដដែល​ ដោយ​បាន​បំពាក់​ម៉ាស៊ីន​ស្វ័យប្រវត្តិ​បាញ់​សម្លាប់​មេរោគ​ នៅតាមច្រក​ចេញចូល​សំខាន់ៗ​ ដេីម្បី​សម្រួល​ដល់​ការ​ធ្វើ​អនាម័យ​ ព្រមទាំង​បាន​បន្ត​ការ​ផ្សព្វផ្សាយ​សារ​អប់រំ​ អំពី​ការ​ធ្វើ​អនាម័យ​ ដើម្បី​ចៀស​ផុត​ពី​ការ​ឆ្លង​ជំងឺ​ដ៏​កាច​សាហាវ​នេះ​ផង​ដែរ​ ៕