ជនសង្ស័យដែលបាញ់សម្លាប់ប្អូនថ្លៃនៅកោះឧកញ៉ាតី ខេត្តកណ្តាលនោះ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបាន នៅខេត្តស្ទឹងត្រែង

0

ខេត្តស្ទឹងត្រែង៖ ជនសង្ស័យ ដែលបាញ់សម្លាប់ប្អូនថ្លៃ ហើយរត់គេចខ្លួននោះត្រូវបានកម្លាំងសមត្ថកិច្ចខេត្តកណ្តាលពន្លាតដែនដី សហការជាមួយកម្លាំងសមត្ថកិច្ចព្រហ្មទណ្ឌកំរិតស្រាល នៃស្នងការដ្ឋាននគរបាលខេត្តស្ទឹងត្រែង ធ្វើការឃាត់ខ្លួនបាន នៅចំនុចភូមិអន្លង់ជ្រៃ ឃុំអន្លង់ជ្រៃ ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែងនៅវេលាម៉ោង៥ល្ងាច ក្នុងថ្ងៃទី២២មេសា ម្សិលម៉ិញ ស្ថិតនៅក្នុងសកម្មភាពនោះ សមត្ថកិច្ចបានប្រាប់ឲ្យដឹងថា:ជនសង្ស័យមានឈ្មោះ សែម រ៉ានុន ភេទប្រុស អាយុ៣៥ឆ្នាំ ជាអតីតមន្ត្រីនគរបាលប៉ុស្តិ៍រដ្ឋបាលបាក់ខែង មានទីលំនៅ នៅភូមិចុងកោះ ឃុំកោះឧកញ៉ាតី ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល ។ សមត្ថកិច្ចបានឲ្យដឹងទៀតថា:ជនសង្ស័យដែលសមត្ថកិច្ចខេត្តកណ្តាលតាមប្រម៉ាញ់ និងឃាត់ខ្លួនបានពេលនេះ គឺជាប់ពាក់ព័ន្ធនិងករណីមនុស្សឃាតបាញ់សម្លាប់ប្អូនថ្លៃខ្លួនឯង ។

សូមរំលឹកថា:កាលពីថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២០ កន្លងទៅ វេលាម៉ោង៦ និង៣០នាទីល្ងាច នៅចំនុចភូមិចុងកោះ ឃុំកោះឧកញ៉ាតី ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល ជនសង្ស័យបានដកអាវុធខ្លីរបស់ខ្លួន បាញ់សំដៅទៅប្អូនថ្លៃប្រុស ឈ្មោះ ម៉ៅ ប៊ុនហេង អាយុ២៥ឆ្នាំ ចំនួន០១គ្រាប់ត្រូវចំបំពង់ក បណ្តាលឲ្យស្លាប់ភ្លាមៗនៅ
នឹងកន្លែងកើតហេតុក្នុងភូមិ/ឃុំខាងលើ។ក្រោយបង្ករហេតុជនសង្ស័យបានរត់គេច មកសំងំលាក់ខ្លួននៅស្រុកថាឡាបរិវ៉ាត់ នៃខេត្តស្ទឹងត្រែង សូមបញ្ជាក់ថា:ករណីនេះជនសង្ស័យផ្តើមឡើងពីការប្រច័ណ្ឌជនរងគ្រោះ ជាមួយប្រពន្ធរបស់ខ្លួន ៕