​អភិបាលខេត្តកំពង់ចាម​៖​ រាជរដ្ឋាភិបាល​កម្ពុជា​ បាន​ដាក់​ចេញ​នូវ​ផែនការ​យុទ្ធសាស្ត្រ​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​កូវីដ​១៩​ ទទួល​បាន​លទ្ធផល​ជា​ទី​មោទនៈ​

0

​កំពង់ចាម​: អភិបាល​នៃ​គណៈ​អភិបាល​ខេត្តកំពង់ចាម​ ឯកឧត្តម​ អ៊ុន​ ចាន់ដា​ បាន​ថ្លែង​អះអាង​ថា​​ ចំពោះ​ស្ថានភាព​ការ​រីករាលដាល​នៃ​ជំងឺ​កូវីដ​១៩​ ដែល​ជា​ជំងឺ​ដ៏​កាច​សាហាវ​មួយ​ ជា​កង្វល់​ និង​ការ​ព្រួយបារម្ភ​ របស់​ប្រជាជន​លើ​ពិភពលោក​​ ក៏ដូចជា​ប្រជាជន​កម្ពុជា​ដែរ​ ត្រូវ​បាន​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​ ​ក្រោម​ការ​ដឹកនាំ​ប្រកប​ដោយ​គតិបណ្ឌិត​ របស់​សម្តេច​តេជោ​ ហ៊ុន​ សែន​ ដោយ​បាន​ដាក់​ចេញ​នូវ​ផែនការ​ ​​យុទ្ធសាស្ត្រ​ ប្រយុទ្ធ​ប្រឆាំង​នឹង​វីរុស​កូរ៉ូណា​ ​ក្នុង​ក្របខ័ណ្ឌ​ទូទាំង​ប្រទេស​ ទទួល​បាន​លទ្ធផល​ជា​ទី​មោទនៈ​ ដោយ​យេីង​អាច​ទប់ទល់​ស្ថានការណ៍​រីករាលដាលនៃ​ជំងឺ​កូវីដ​១៩បាន​ និង​មិន​បាន​ធ្វេី​ឲ្យ​ប្រជាពលរដ្ឋ​កម្ពុជា​ណា​ម្នាក់​ ស្លាប់​ដោយសារ​ជំងឺ​ដ៏​កាច​សាហាវ​នេះ​ឡើយ​។ ការ​ថ្លែង​យ៉ាង​ដូច្នេះ​ក្នុង​ពិធី​ជួប​សំណេះសំណាល​ផ្តល់​ការ​លើក​ទឹកចិត្ត​ដល់​ថ្នាក់​ដឹកនាំ​ និង​មន្ត្រី​សុខាភិបាល​ នៃ​មន្ទីរ​ពេទ្យ​ខេត្ត​កំពង់ចាម​ នាព្រឹក​ថ្ងៃ​ទី​២៨​ ខែមេសា​ ឆ្នាំ​២០២០​ ក្រោម​វត្តមាន​ឯកឧត្ដម​ ព្រុំ​ សុខា​ រដ្ឋមន្ត្រី​ក្រសួង​មុខងារ​សាធារណៈ​ និង​ឯកឧត្តម​ ខ្លូត​ ផន​ ប្រធាន​ក្រុម​ប្រឹក្សា​ខេត្ត​ ព្រមទាំង​មាន​ការ​ចូលរួម​ពី​​ថ្នាក់ដឹកនាំ​ មន្ត្រី​រាជការ​ជាច្រើន​រូប​ផង​ដែរ​។

បន្ទាប់​ពី​ថ្លែង​ការ​កោតសរសើរ​ និង​វាយតម្លៃ​ខ្ពស់​ចំពោះ​ថ្នាក់ដឹកនាំ​ មន្ត្រី​សុខាភិបាល​ ដែល​បាន​បំពេញ​ភារកិច្ច​ជួរមុខ​នោះ​ ឯកឧត្តម​ អ៊ុន​ ចាន់ដា​ អភិបាលខេត្តកំពង់ចាម​ បាន​លេីក​ឡើង​ថា​ ​ពាក់ព័ន្ធ​នឹង​ការ​ឆ្លង​រីករាល​ដាល​នៃ​ជំងឺ​កូវីដ​១៩នេះ​ រដ្ឋបាល​ខេត្ត​កំពង់ចាម​ បាន​រៀបចំ​កន្លែង​សម្រាប់​ចត្តាឡីស័ក​ ចំនួន​៣កន្លែង​ សរុប​១៧៩បន្ទប់​ ស្មើ​នឹង​៧៥៦គ្រែ​ កន្លងមក​អ្នក​ជំងឺ​កូវីដ​១៩​ ​មាន​ចំនួន​១៦​នាក់​ ​ដែល​បាន​ព្យាបាល​នៅ​ក្នុង​មន្ទីរ​ពេទ្យ​ខេត្ត​កំពង់ចាម​ ក្នុង​នោះ​មាន​ ជនជាតិ​អាមេរិក​ ២នាក់​ ជនជាតិ​អង់គ្លេស​ ៥នាក់​ ជនជាតិ​ម៉ាឡេស៊ី​ ៨នាក់​ ជនជាតិ​ខ្មែរ​ ១នាក់​ បានឆ្លងនៅក្នុងប្រទេស គឺជាអ្នកធ្វើការផ្ទាល់​ និងស្នាក់នៅជាមួយ​ជនជាតិ​ម៉ាឡេស៊ី​ ដែល​មាន​ជំងឺ​កូវីដ​១៩​ ។ ក្រោយ​​ពី​ទទួល​បាន​ការ​ព្យាបាល​យ៉ាង​យក​ចិត្ត​ទុកដាក់​ ​ពី​សំណាក់​ក្រុម​គ្រូពេទ្យ​របស់​យេីង​ អ្នក​ជំងឺ​ទាំង​អស់​បាន​ជា​សះស្បើយ​ ហើយ​ត្រឡប់​ទៅ​កាន់​គេហដ្ឋាន​ និង​ប្រទេស​របស់​គេ​វិញ​អស់​ហើយ​ ។
ឯកឧត្តមអភិបាលខេត្ត​ បាន​បន្តថា​ បន្ទាប់​ពី​បាន​បំពេញ​ភារកិច្ច​ជួរមុខ​តាម​កាល​កំណត់​ យេីង​បានធ្វើ​ចត្តា​ឡី​ស័ក​ដល់​មន្ត្រី​ទាំង​អស់​ ​ចំនួន​១៤​ថ្ងៃ​ ដោយ​ដាក់​ឲ្យសម្រាក​ដាច់​ដោយ​ឡែក​ ក្នុង​អាគារ​ដែល​មាន​ស្រាប់​ ប្រកប​ដោយ​សុខ​សុវត្ថិ​ភាព​ ​ដេីម្បី​ស្រាវជ្រាវ​រក​មេរោគ​កូវីដ​១៩​ ជាលទ្ធផល​អវិជ្ជមាន​ផង​ដែរ​ ។
ឯកឧត្តមអភិបាលខេត្ត​ បាន​បន្ត​ទៀត​ថា​ បច្ចុប្បន្ន​នេះ​គណៈកម្មាធិការ​ខេត្ត​ប្រយុទ្ធ​នឹង​ជំងឺ​កូវីដ​១៩​ ​ថ្នាក់​ដឹកនាំ​មន្ទីរ​ពេទ្យ​ខេត្ត​មាន​កិច្ចការ​មួយ​ទៀត​ ​គឺ​រៀបចំ​ក្រុម​ការងារ​ចម្រុះ​សម្រាប់​ធ្វើ​ការ​ស្រាវជ្រាវ​រក​មេរោគ​ កូវីដ​១៩​ ចំពោះ​​ការវិល​ត្រឡប់​មក​មាតុ​ភូមិ​វិញ​ របស់​បងប្អូន​ កម្មករដែល​បាន​ធ្វើ​ការ​នៅ​បរទេស​ និង​កម្មករ​ កម្មការិនី​រោង​ចក្រ​ ដោយ​មាន​ ចំនួន​ដ៏​ច្រើន​យេីង​បាន​ធ្វើ​ការ​ស្រាវជ្រាវ​រក​មេរោគ​កូវីដ​-១៩នេះ​ ​ដោយ​បង្កើត​កន្លែង​ស្គ្រីន​២​កន្លែង​ គឺ​មួយ​នៅ​មន្ទីរ​ពេទ្យ​ខេត្ត​កំពង់ចាម​ ដែល​មាន​ស្រាប់​ និង​មួយ​កន្លែង​ទៀត​នៅ​សណ្ឋាគារ​មេគង្គ​ ។ រហូត​មក​ដល់​ថ្ងៃ​ទី​២៧​ខែមេសានេះ​ ការ​​ស្រាវជ្រាវ​រក​មេរោគ​កូវីដ​-១៩​ លេី​បងប្អូន​កម្មករ​ រោង​ចក្រ​ និង​ពលករ​ មក​ពី​បរទេស​ បាន​ចំនួន​ ៧៥៥​ នាក់​ ​។ រីឯ​ការ​យក​សំណាក​បាន​ ​៥៥០​សំណាក​ តែ​យើង​ពុំ​បាន​រក​ឃើញ​នូវ​ករណី​ថ្មី​នោះ​ទេ​ ។ ដោយឡែកចំពោះពលករ ពលការិនី ដែលបានអនុវត្តចត្តាឡីស័ក ដោយស្នាក់នៅដាច់ដោយឡែក រយៈពេល ១៤ថ្ងៃ មកទល់នឹងថ្ងៃនេះមានចំនួន ២,៩២៦នាក់ បានសមាហរណកម្មទៅក្នុងសហគមន៍ និងគ្រួសារវិញនៅសល់ចំនួន ១១០នាក់ កំពុងបន្តអនុវត្តន៍​ ៕