ដីបឹងផ្លូវទូក ត្រូវគេឈូសលប់ធ្វើជាដីស្រែអស់ជាង១០ហិកតាប្រជាពលរដ្ឋស្នើសុំឲ្យមន្ត្រីជំនាញជួយទប់ស្កាត់និងដកហូតទុកជាដីសាធារណៈរបស់រដ្ឌវិញដែលស្ថិតនៅក្នុងភូមិកោះតាម៉ូវ ឃុំកំពង់ព្រះគគីរ

0

ខេត្តកំពង់ឆ្នាំង៖ ដីបឹងផ្លូវទូកជាបឹងធម្មជាតិដែលប្រជាពលរដ្ឋប្រកបមុខរបរនេសាទធ្លាប់ដាក់មងចងសន្ទូចនិងទុកទឹកអោយគោ ក្របីផឹក នៅក្នុងភូមិកោះតាម៉ូវ ឃុំកំពង់ព្រះគគីរ ស្រុកបរិបូរណ៌ ក្នុងពេលថ្មីៗនេះត្រូវបានជនខិលខូចលួចឈូសឆាយពង្រាបធ្វើជាស្រែអស់ប្រមាណជាង១០ហិកតាហើយ ប្រជាពលរដ្ចស្នើសុំឲ្យមន្ត្រីជំនាញនិងអាជ្ញាធរឃុំស្រុកមេត្តាជួយមានវិធានការទប់ស្កាត់ និងសូមជួយដកហូតដីទាំងនេះទុកជាបឹងធម្មជាតិរបស់រដ្ឌវិញ ដើម្បីឲ្យប្រជាពលរដ្ឋអាស្រ័យផលជាសាធារណៈ ។

ប្រជានេសាទនៅក្នុងភូមិកោះតាម៉ូវនៅល្ងាចថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២០ ក្នុងពេលនាំក្រុមអ្នកយកពត៏មានយើងទៅចង្អុលបង្ហាញបឹងផ្លូវទូកនេះ បាននិយាយអោយដឹងថា៖ តាំងពីដូនពីតាមកនៅចំណុចនេះជាបឹងផ្លូវទូកដែលឆ្នាំមុនៗមិនដែលរីងស្ងួតបែបនេះឡើយ ។ បឹងនេះនៅរដូវវស្សាជាកន្លែងរកត្រីដាក់មងចងសន្ទូច នៅរដូវប្រាំងគឺទុកទឹកអោយគោក្របីផឹក ប៉ុន្តែក្នុងពេលថ្មីៗនេះមានជនខិលខូចលួចឈូសឆាយពង្រាបធ្វើជាដីស្រែប្រាំងអស់ប្រមាណជាង១០ហិកតាទៅហើយ ។ កន្លងមកក្នុងពេកគេកំពុងឈូសឆាយបឹងនេះបន្តិចបន្តួច ខាងសហគមន៍នេសាទក៏ធ្លាប់រាយការណ៍ជូនជំនាញជលផលសង្កាត់បរិបូណ៌ និងខណ្ឌរដ្ឋបាលជលផលជាច្រើនលើកផងដែរអោយជួយទប់ស្កាត់ តែពុំឃើញអ្នកណាចុះមកទប់ស្កាត់ឡើយ ។
ទាក់ទងនិងរឿងនេះប្រជាពលរដ្ឋនៅក្នុងភូមិកោះតាម៉ូវមួយចំនួនបាននិយាយថា អ្នកឈូសឆាយបឹងនេះគឺលោក ផាន់ ផល្លា ប្រធានសហគមន៍នេសាទឃុំកំពង់ព្រះគគីរ ជាអ្នកអោយគេឈូសឆាយ ។ប៉ុន្តែនៅល្ងាចថ្ងៃទី០៣ ខែឧសភានេះ ពេលក្រុមអ្នកយកពត៏មានយើងយើងទូរសព្ទ័សួរ លោក ផាន់ ផល្លា លោកបានឆ្លើយថាលោកមិនដឹងទេហើយប្រជាពលរដ្ឋឈ្មោះអីំ ដែលបានចោទថាលោកអោយគេឈូសដីបឹងនេះ ។ មិនតែប៉ុណ្ណោះនៅយប់ថ្ងៃទី០៣ ខែឧសភា នេះប្រជាពលរដ្ឋបានរាយការណ៍អោយដឹងទៀតថា ក្រោយពេលក្រុមអ្នកយកពត៏មានយើងចេញមកផុតបន្ទិច ពួកគាត់បានឃើញត្រាក់ទ័ររបស់កូនចៅលោក ផាន់ ផល្លា បានចូលទៅឈូសឆាយលប់ប្រឡាយក្នុងបឹងនេះទាំងយប់អស់ទៅហើយ ពិតជាធ្វើឌឺខ្លាំងណាស់នរ ។ រឿងនេះ ប្រជាពលរដ្ឋស្នើសុំសមត្ថកិច្ចជំនាញនិងសមត្ថកិច្ចពាក់ព័ន្ធមេត្តាមានវិធានការទប់ស្កាត់ឲ្យបានទាន់ពេលវេលាបើពុំនោះទេបឹងនេះនឹងក្លាយទៅជាដីរបស់ឯកជនទាំងអស់។
ដោយឡែកក្នុងពេលអ្នកយកពត៏មានយើងចុះថតបទល្មើសឈូសដីលប់បឹងនេះ លោក គង់ គឹមហាក់ មេឃុំកំពង់ព្រះគគីរ ក៏បានចុះទៅពិនិត្យមើលបឹងនេះផងដែរ ដោយលោកមេឃុំ បានបញ្ជាក់អោយដឹងថា៖បឹងមួយនេះមានបណ្តោយជាង២គីឡូម៉ែត្រ ដែលក្នុងពេលនេះត្រូវជនខិលខូចលួចឈូសលប់បឹងធ្វើជាស្រែអស់ជាច្រើហិកតាទៅហើយ ។ កន្លងមកលោកក៏ធ្លាប់បានចុះមកហាមឃាត់និងទប់ស្កាត់មិនអោយអ្នកដាំឈូកទាំងនេះឈូសដីលប់បឹងនេះដែរ តែពេលលោកទៅវិញគឺគេលួចឈូសដដែល ។ រឿងនេះលោកក៏បានរាយការណ៍ជូនលោកអភិបាលស្រុកបរិបូណ៌រួចហើយដែរ ដើម្បីសុំគោលការទប់ស្កាត់ ។
ចំណែក លោក ងិន ហ៊ុន ប្រធានមន្តីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត វិញពេលក្រុមអ្នកយកពត៏មានយើងចុះថត
យករូបភាពនិងផ្ញើរូបភាពជូនលោកតាមតេឡេក្រាមអោយលោកពិនិត្យមើល លោកបានប្រាប់មកវិញថា លោកអរគុណណាស់ តែមិនបានដឹងរឿងនេះទេ !! ហើយក៏មិនបានទទួលរបាយការណ៍ពីមន្ត្រីជំនាញដែរផង។

រឿងនេះស្អែកថ្ងៃទី០៤ ខែឧសភា លោកនឹងដឹកនាំមន្ត្រីជំនាញចុះទៅពិនិត្យមើលបទល្មើសនេះ ដើម្បីចំណាត់ការតាមនីតិវិធី និងមិនលើកលែងចំពោះជនខិលខូចដែលបានលួចឈូសដីលប់បឹងនេះឡើយ ៕