នាយឧត្តមសេនីយ៍ ហ៊ីង ប៊ុនហៀង និងអភិបាលខេត្តត្បូងឃ្មុំ ចុះត្រួតពិនិត្យ បែងចែកភារកិច្ច ក្នុងពិធីដង្ហែ និងពិធីបុណ្យសព អ្នកឧកញ៉ាព្រឹទ្ធមហាឧបាសិកា ធម្មញ្ញាណវិវឌ្ឍនា ប៊ុន ស៊ាងលី

0

ត្បូងឃ្មុំ៖ នាយឧត្តមសេនីយ៍ ហ៊ីង ប៊ុនហៀង អគ្គមេបញ្ជាការរង នៃកងយុទ្ធពលខេមភូមិន្ទ និងឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំ ព្រមទាំងប្រតិភូអមដំណើរ អភិបាលរងខេត្ត កងកម្លាំងប្រដាប់អាវុធទាំង៣ប្រភេទ អភិបាលស្រុក ប្រធានមន្ទីរពាក់ព័ន្ធ នៅព្រឹកថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២០នេះ បានចុះពិនិត្យទីតាំងត្រៀមរៀបចំពិធីបុណ្យសព និងតាមដងផ្លូវដែលត្រូវដង្ហែសព អ្នកឧកញ៉ាព្រឹទ្ធមហាឧបាសិកា ធម្មញ្ញាណវិវឌ្ឍនា ប៊ុន ស៊ាងលី នៅភូមិគ្រឹះស្រុកកំណើតសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុនសែន ស្ថិតនៅភូមិទី២ ឃុំរការខ្នុរ ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ។ សពនឹងត្រូវធ្វើការដង្ហែពីរាជធានីភ្នំពេញមកកាន់ទីនេះ នាព្រឹកថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២០ស្អែកនេះ ដើម្បីប្រារព្ធពិធីបុណ្យទៅតាមប្រពៃណីសាសនា។

ក្នុងដំណើរចុះត្រួតពិនិត្យទីតាំងប្រារព្ធពិធីបុណ្យសពនោះ នាយឧត្តមសេនីយ៍ ហ៊ីង ប៊ុនហៀង បានបើកកិច្ចប្រជុំពិភាក្សាពីផែនការបែងចែកភារកិច្ចលំអិត នៃការទទួលខុសត្រូវក្នុងដំណើរនៃការដង្ហែសព និងកម្មវិធីប្រារព្ធពិធីបុណ្យសពតាមប្រពៃណីសាសនា ដើម្បីធ្វើយ៉ាងណាឲ្យការប្រព្រឹត្តទៅធានាបានសន្តិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់ ជូនថ្នាក់ដឹកនាំក៏ដូចជាកម្មវិធីបុណ្យទាំងមូលប្រកបដោយភាពរលូន និងជោគជ័យ។

សូមជម្រាបថា៖ អ្នកឧកញ៉ាព្រឹទ្ធមហាឧបាសិកា ធម្មញ្ញាណវិវឌ្ឍនា ប៊ុន ស៊ាងលី ត្រូវជាមាតាក្មេកសម្តេចតេជោ ហ៊ុន សែន និង ជាមាតាបង្កើត សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានទទួលមរណភាពនាថ្ងៃចន្ទ ១៣កើត ខែពិសាខ ឆ្នាំជូត ទោស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី៤ ខែឧសភា ឆ្នាំ ២០២០ វេលាម៉ោង២៖១២នាទីទៀបភ្លឺ ក្នុងជន្មាយុ ៩៦ឆ្នាំ ដោយជរាពាធ។

បច្ចុប្បន្នសពអ្នកឧកញ៉ាព្រឹទ្ធមហាឧបាសិកា ធម្មញ្ញាណវិវឌ្ឍនា ប៊ុន ស៊ាងលី ត្រូវបានតម្កល់ធ្វើបុណ្យនៅផ្ទះសម្តេចតេជោនាយករដ្ឋមន្ត្រីនៅក្បែរវិមានឯករាជ្យ ក្នុងរាជធានីភ្នំពេញ។

នៅថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២០នេះ ថ្នាក់ដឹកនាំនៅតាមបណ្តាស្ថាប័នកំពូលៗរបស់ជាតិ និងមកពីតាមក្រសួងនានា ត្រូវបានអនុញ្ញាតឱ្យអញ្ជើញទៅធុជធូបគោរពវិញ្ញាណក្ខន្ធ។

សពអ្នកឧកញ៉ាព្រឹទ្ធមហាឧបាសិកា ធម្មញ្ញាណវិវឌ្ឍនា ប៊ុន ស៊ាងលី នឹងត្រូវដង្ហែយកមកបញ្ចុះនៅឯស្រុកកំណើត ស្ថិតក្នុងស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ នៅថ្ងៃទី០៦ ខែឧសភា៕