ទេសរដ្ឋមន្រ្តី អូស្មាន ហាស្សាន់ ផ្តល់កញ្ចប់​អាហារ​ខែ​បួស​រ៉ាម៉ាឌន​ និង​ក្រេីន​រំលឹក​ដល់​ពលរដ្ឋ​ខ្មែរ​ឥស្លាម​ ឲ្យ​បន្ត​ប្រុងប្រយ័ត្ន​ការ​ឆ្លង​រាល​ដាល​នៃ​ជំងឺ​កូវីដ​១៩

កំពង់ចាម​:​ ឯកឧត្តម អូស្មាន ហាស្សាន់ ទេសរដ្ឋមន្រ្តីទទួលបន្ទុកបេសកកម្មពិសេស អមដំណើរ​ដោយ​សហការី​ នាព្រឹក​ថ្ងៃ​ទី​៩​ ខែឧសភា​ ឆ្នាំ​២០២០នេះ​ បានអញ្ជើញជួបសំណេះសំណាល និងនាំយកអំណោយជាកញ្ចប់អាហារ សម្រាប់ទទួលទាន​ខែបួសរ៉ាម៉ាឌន ជូនដល់​បងប្អូន​ប្រជាពលរដ្ឋ​សាសនិក​ខ្មែរ​ឥស្លាម​ ដែល​ជួប​ការ​លំបាក​ក្នុង​ជីវភាព​ ចំនួន១០០គ្រួសារ នៅសង្កាត់​សំបួរ​មាស​ ក្រុង​កំពង់ចាម​ ខេត្តកំពង់ចាម​។ ដោយ​​ក្នុងមួយគ្រូសារទទួលបាន អង្ករ១០គីឡូ និងគ្រឿងឧបភោគបរិភោគមួយចំនួន មានដូចជា ស្ករសរ ត្រីខ ទឹកដោះគោ ប្រេងឆា អំបិល និង​ដំណាប់​ផ្លែ​ល្មេី​០១កញ្ចប់​ផងដែរ​។ក្នុង​ពិធី​សំណេះសំណាល​នោះដែរ​ ឯកឧត្តមទេសរដ្ឋមន្ដ្រី អូស្មាន ហាស្សាន់ បាន​ថ្លែង​​ថា​ ប្រទេស​កម្ពុជា​យេីង​មាន​សុខសន្តិភាព​ ស្ថិរភាពពេញលេញលេីផ្ទៃប្រទេស និង​មាន​ការ​អភិវឌ្ឍន៍​រីកចម្រើន​លើ​គ្រប់​វិស័យ​ ​ ដោយ​សារ​ការ​ដឹកនាំ​ប្រកប​ដោយ​គតិបណ្ឌិត​របស់​សម្តេច​តេជោ​ ហ៊ុន​ សែន​ ក្រោម​នយោបាយ​ឈ្នះ​ឈ្នះ​ ដែលបាន​នាំ​មក​នូវ​ការ​បង្រួបបង្រួម​ជាតិ​ ដូច្នេះ​សូមឲ្យ​បងប្អូន​ប្រជាពលរដ្ឋ​ ចូលរួមថែរក្សា​សុខសន្តិភាព​មួយនេះ​ ​ឲ្យ​បាន​គង់វង្ស​ ដេីម្បី​រួមចំណែកអភិវឌ្ឍន៍ប្រទេសជាតិយើង​ឲ្យ​កាន់តែមានការរីកចម្រើនទៅមុខផងដែរ។
ឯកឧត្តម​ទេសរដ្ឋមន្ត្រី​ បាន​ថ្លែង​បន្ត​ថា​ ថ្វីត្បិត​តែ​ស្ថានភាពនៃ​ជំងឺ​កូវីដ​១៩​ នា​ដំណាក់កាល​បច្ចុប្បន្ន​នេះ​ មាន​ការ​ថប់​ថយ​ចុះ​ក៏ពិត​មែន​ តែ​យើង​មិនត្រូវមានការ​ធ្វេសប្រហែស​នោះ​ឡើយ​ គឺ​ត្រូវ​បន្តការ​អនុវត្ត​គម្លាត​សុវត្ថិភាព​បុគ្គល និង​គម្លាត​សុវត្ថិភាព​សង្គម ព្រមទាំងធ្វើ​អនាម័យ ជាប់​ជាប្រចាំ ឲ្យ​បាន​គ្រប់ៗ​គ្នា ពោលគឺ​ត្រូវ​យកចិត្តទុកដាក់ បន្ត​អនុវត្ត​ ​ឲ្យ​បាន​ខ្ជាប់ខ្ជួន ទៅតាម​ការណែនាំ របស់​ក្រសួងសុខាភិបាល​ ផងដែរ​។
ជាមួយគ្នា​នោះ​ ឯកឧត្តម​ទេសរដ្ឋមន្ត្រី​ ក៏បានលេីកឡេីងផងដែរថា​ ការស្លៀកពាក់ស្បៃបិទជិតទាំងក្បាល និងមុខ ត្បិតមានពលរដ្ឋខ្លះនៅប្រទេសឥស្លាមក្នុងតំបន់មួយចំនួន ជាពិសេសនៅមជ្ឈឹមបូព៌ា ដែលអនុវត្តយកការគ្របមុខសម្រាប់ស្រ្តី ពេលចេញទៅតំបន់សាធារណៈនោះ គ្រាន់តែជាការយល់ឃើញមួយជ្រុងជាមួយនឹងប្រពៃណីរបស់ពួកគាត់ ស្របតាមស្ថានភាពនៅប្រទេសគាត់តែប៉ុណ្ណោះដែលមិនមែនជាកាតព្វកិច្ចនៃច្បាប់ឥស្លាមនោះទេ។ ស្ថានភាពនៅកម្ពុជាយើងពីដើមមកពុំមានឡើយការស្លៀកពាក់បែបនេះ ទាំងក្របខណ្ឌប្រពៃណី រឺក្របខណ្ឌសាសនាឥស្លាម គ្រាន់តែទើបបច្ចុប្បន្នយើងឃើញថាមានមួយចំនួនតូច បានយកការអនុវត្តប្រពៃណីនេះ ហើយយល់ឃើញថា ជាកាតព្វកិច្ចក្នុងច្បាប់ឥស្លាម តែតាមពិតស្រ្តីឥស្លាម គេអនុញ្ញាតអោយបើកទម្រង់មុខ និងប្រអប់ដៃ ដោយមិនមានបញ្ហាអ្វីឡើយ​ ៕