អភិបាលខេត្តកំពង់ចាម​ បាន​អញ្ជើញ​ចូលរួម​ពិធីបុណ្យ​ខូប​គម្រប់​៧ថ្ងៃ​ មាតា​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​

កំពង់ចាម​:​ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម បាន​ដឹកនាំ​មន្រ្តីរាជការ​ នៃ​មន្ទីរ​អង្គភាព​ពាក់ព័ន្ធ​ជុំវិញខេត្ត​​ នារសៀល​ថ្ងៃ​ទី​០៩​ ខែឧសភា​ ឆ្នាំ​២០២០នេះ​ បាន​អញ្ជើញចូលរួមពិធីបុណ្យ​ខួប​គម្រប់​ ៧ថ្ងៃ នៃ​មាតាបង្កើត សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ស្ថិតនៅក្នុងភូមិទី២ ឃុំរការខ្នុរ ស្រុកក្រូចឆ្មា ខេត្តត្បូងឃ្មុំ និងបានចូលបច្ច័យ​ ចំនួន០៥លានរៀល ដើម្បីឧទ្ទិសកុសលផលបុណ្យ ជូនដល់វិញ្ញាណក្ខន្ធ អ្នកឧកញ៉ា ព្រឹទ្ធមហាឧបាសិកា ធម្មញ្ញាណវិវឌ្ឍនា​ ប៊ុន​ ស៊ាងលី សូម​ឲ្យ​បានទៅសោយសុខក្នុងឋានសុខគតិភព កុំបីឃ្លៀងឃ្លាតឡើយ។

គួរ​រំលឹក​ផង​ដែរ​ថា អ្នកឧកញ៉ាព្រឹទ្ធមហាឧបាសិកាធម្មញ្ញាណវិវឌ្ឍនា ប៊ុន​ ស៊ាងលី​ បានទទួលមរណភាព នៅវេលាម៉ោង ២៖១២នាទីទៀបភ្លឺ ថ្ងៃ១៣កើត ខែពិសាខ ឆ្នាំជូត ទោស័ក ពុទ្ធសករាជ ២៥៦៣ ត្រូវនឹងថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២០ ក្នុងជន្មាយុ ៩៦ឆ្នាំ ដោយជរាពាធ សពត្រូវដម្កល់ទុក​ធ្វើបុណ្យ២យប់-៣ថ្ងៃនៅរាជធានីភ្នំពេញ និងត្រូវបានដង្ហែ យកមកបញ្ចុះនៅវេលាម៉ោង ៣៖៣៣នាទីរសៀលថ្ងៃទី៦​ ឧសភា​នេះ​ នៅឯស្រុកកំណើត​ ស្ថិត​នៅ​ក្នុងភូមិទី២ ឃុំរការខ្នុរ ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ​ ៕