ក្រុមអ្នកជំនាញការស្ម័គ្រចិត្តចិន អង្គការសង្គ្រោះមេឃពណ៌ខៀវ និង អាជ្ញាធរ ខេត្តកំពង់ចាម ចុះបាញ់ថ្នាំសម្លាប់មេរោគ ដើម្បីចូលរួមបង្ការទប់ស្កាត់ ការ ឆ្លង រាលដាល នៃ ជំងឺ កូវីដ ១៩

0

កំពង់ចាម: ដេីម្បី ចូលរួម ប្រយុទ្ធ ប្រឆាំង នឹង ជំងឺ កូវីដ ១៩ ក្រុមអ្នកជំនាញស្ម័គ្រចិត្តអង្គការសង្គ្រោះមេឃពណ៌ខៀវ នៃសាធារណរដ្ឋប្រជាមានិតចិន សហការ ជាមួយ អាជ្ញាធរ ខេត្តកំពង់ចាម ចុះបាញ់ថ្នាំសម្លាប់មេរោគ ទៅ លើ ទីតាំង សំខាន់ៗ នៅទូទាំង ខេត្តកំពង់ចាម រយៈពេល ២ថ្ងៃ ចាប់ ពី ថ្ងៃ ទី ១០ -១១ ខែឧសភា ឆ្នាំ ២០២០ ។

ឯកឧត្តម ហាន កុសល អភិបាល រង ខេត្ត កំពង់ចាម បាន ឲ្យដឹងថា ការ ចុះ បាញ់ ថ្នាំ សម្លាប់ មេរោគ ដេីម្បី ចូលរួម បង្ការ ទប់ស្កាត់ ការ ឆ្លង រីករាល ដាល នៃ ជំងឺ កូវីដ ១៩ នេះ គឺ បាន ធ្វើ ឡើង នៅ ទីតាំង សំខាន់ៗ ចំនួន ៥ទីតាំង ក្នុងនោះរួមមាន៖ទីតាំងទី១ នៅវិហារឥស្លាម ស្ថិត ក្នុង ភូមិស្វាយតាហែន ឃុំរកាគយ ស្រុកកងមាស ជាទីកន្លែងដែលជនជាតិម៉ាឡេស៊ី ធ្វើពិធីសាសនានៅទីនោះ។
-ទីតាំងទី២ វិហារឥស្លាម និងតាមផ្ទះប្រជាពលដ្ឋ នៅភូមិសាច់សូរ ឃុំពាមជីកង ស្រុកកងមាស ជាទីកន្លែងដែលរកឃើញបុរសជនជាតិខ្មែរ០១រូប បានឆ្លងជម្ងឺកូវីដ១៩ និងជនជាតិម៉ាឡេស៊ី ៨រូប មានផ្ទុកជម្ងឺកូវីដ១៩ ដែលមកស្នាក់នៅបណ្តោះអាសន្ន ដើម្បីធ្វើពិធីសាសនានៅទីនោះ។
ទីតាំងទី៣ នៅសណ្ឋាគាមេគង្គដែលជាទីកន្លែងសម្រាប់ដាក់ឲ្យនៅដាច់ដោយឡែកសម្រាប់អ្នកដែលបានប៉ះពាល់ដោយផ្ទាល់ជាមួយអ្នកជម្ងឺកូវីដ១៩។
ទីតាំងទី៤ នៅចំណតរថយន្ត ផ្សារកំពង់ចាមនិងទីតាំងទី៥ នៅមន្ទីរពេទ្យខេត្តកំពង់ចាម ដែលជាទីតាំងព្យាបាលអ្នកជំងឺកូវីដ១៩។ ក្នុង ការ បាញ់ ថ្នាំ សម្លាប់ មេរោគ នេះ ដែរ ក្រុមអ្នកស្ម័គ្រចិត្តអង្គការសង្គ្រោះមេឃពណ៌ខៀវចិន មិនអនុញ្ញាតឲ្យប្រជាពលរដ្ឋ នៅលើផ្ទះ ឬបុគ្គលិក នៅតាមបន្ទប់ធ្វើការ ក្នុងកំឡុងពេលបាញ់ថ្នាំនោះឡើយ គឺត្រូវទុករយ:ពេលពី២០ទៅ ៣០នាទី ទើបអាចចូលផ្ទះ ឬធ្វើការងារ ធម្មតា វិញ បាន។ ហើយក្រុមគ្រូពេទ្យ ចិនក៏បានបង្ហាត់បង្ហាញ និងបង្រៀនដល់ មន្ត្រី សុខាភិបាល នៃមន្ទីរពេទ្យខេត្តកំពង់ចាម ដើម្បី ឲ្យពួកគាត់ចេះបាញ់ថ្នាំ ខណ:ថ្នាំនេះមានកម្រិតខ្ពស់ ដោយបាញ់ថ្នាំក្នុងបន្ទប់ ចំហាយវាអាចទៅសម្លាប់មេរោគបានដោយងាយផងដែរ។

ជាមួយ គ្នានោះ ឯកឧត្តម ហាន កុសល អភិបាលរងខេត្ត តំណាងឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈកម្មការខេត្តប្រយុទ្ធនឹងជម្ងឺកូវីដ១៩ បានទទួលស្វាគមន៌យ៉ាងកក់ក្តៅ និងថ្លែងអំណរគុណ ចំពោះរដ្ឋាភិបាល និងប្រជាជនចិន, ក្រុមអ្នកជំនាញស្ម័គ្រចិត្តអង្គការសង្គ្រោះមេឃពណ៌ខៀវ នៃសាធារណរដ្ឋប្រជាមានិតចិន ដែលបានមកជួយបាញ់ថ្នាំសម្លាប់មេរោគ ដើម្បី ចូលរួម បង្ការ ទប់ស្កាត់ការឆ្លងរាតត្បាតនៃជម្ងឺកូវីដ១៩ នៅខេត្តកំពង់ចាម។

គួរ បញ្ជាក់ ផងដែរថា ក្រុមគ្រូពេទ្យ ជំនាញស្ម័គ្រចិត្ត អង្គការសង្គ្រោះមេឃពណ៌ខៀវ នៃសាធារណរដ្ឋប្រជាមានិតចិន មានចំនួន១៨នាក់ បន្ទាប់ពី បានចុះបេសកម្ម បាញ់ថ្នាំក្នុងខេត្តកំពង់ធំ រួចចុះ បាញ់ ថ្នាំ នៅ ខេត្ត កំពង់ចាម នេះ ហេីយនឹង បន្តដំណើរទៅបាញ់ថ្នាំសម្លាប់មេរោគ កូវីដ ១៩ នៅខេត្តត្បូងឃ្មុំ ផងដែរ ៕