រថយន្ត​ម៉ាក​ហ៊ីណូ​១​គ្រឿង​ ត្រូវ​បាន​អគ្គីភ័យ​ឆាបឆេះ​ ខណៈ​ពេលបេីកបរ​ ដោយ​​ជាន់​ហ្វ្រាំង​ផ្ញុច​ បន្ទាប់​ពី​វាក់​នឹង​រថយន្ត​១គ្រឿង​ទៀត​

កំពង់ចាម:​ រថយន្ត​សណ្តោង​រីម៉ក​មួយ​គ្រឿង​ ត្រូវ​បាន​អគ្គីភ័យ​ឆាបឆេះ​ ខណៈ​ពេល​បេីកបរ​​នៅ​លើ​ផ្លូវ​សាធារណៈ​ ហើយ​ជាន់​ហ្វ្រាំង​ផ្ញុច​ បន្ទាប់​ពី​វាក់​នឹង​រថយន្ត​១គ្រឿង​ ដែល​បាន​បង្អង់​ល្បឿន​បត់​ឆ្វេង​ ហេតុការណ៍​នេះ​បាន​កើត​មាន​ឡើង​ កាល​ពី​វេលាម៉ោង​១១និង​២០នាទី​ព្រឹក​ ថ្ងៃ​ទី​១១​ ខែឧសភា​ ឆ្នាំ​២០២០​ នៅលើ​កំណាត់​ផ្លូវជាតិលេខ៦ ត្រង់​ចំណុចមុខមន្ទីរពេទ្យស្រុកបាធាយ ស្ថិត​ក្នុងភូមិបាធាយ ឃុំបាធាយ ស្រុកបាធាយ ខេត្ត​កំពង់ចាម ។

លោក​វរសេនីយ៍ឯក​ សំ​ ណាល់​ អធិការ​នគរបាល​ស្រុក​បាធាយ​ បាន​ឲ្យដឹងថា​ ករណីគ្រោះអគ្គីភ័យនេះបានកេីតមានឡេីង បន្ទាប់​ពី​រថយន្ត១គ្រឿង​ ម៉ាកហុីណូពណ៌ស ពាក់ស្លាកលេខ កំពង់ចាម3A8193 បើកបរដោយឈ្មោះ អ៊ុន សុផាត ភេទប្រុស អាយុ២៩ឆ្នាំ មានទីលំនៅបច្ចុប្បន្ន ភូមិឬស្សីវាលឃុំកក់ ស្រុកបរសេដ្ឋ ខេត្តកំពង់ស្ពឺ មានទិសដៅពីជើងទៅត្បូង លុះមកដល់ត្រង់ចំណុច​កេីតហេតុ​ខាងលើ បានវាក់នឹងកូន​រថយន្ត​ដែលបង្អង់ល្បឿនបត់ឆ្វេង ហើយ​ក៏បានជាន់ហ្វាំង​ផ្ញុច​ ពេលនោះ សឺមីរឺម៉កបានរុញបត់ក្បាល​ ប៉ះនឹងពីដុងប្រេងចំនួន៣កាន​ ដែលដាក់នៅខាងក្រោកាប៊ីន បណ្តាលឲ្យធ្លាយ​ឆាបឆេះ​សន្ធោសន្ធៅ​ឡេីង​តែម្តង។

ក្រោយពេលកើតហេតុភ្លាម​ លោកឧត្តមេសនីយ៍ទោ​ ឯម​កុសល​ ស្នងការនគរបាលខេត្ត​កំពង់ចាម​ បានបញ្ជា​ឲ្យ​លោកវរសេនីយ៍ឯក សំ ណាល់ អធិការ​នគរបាល​ស្រុកបាធាយ ដឹកនាំកម្លាំងចេញរថយន្តពន្លត់អគ្គីភ័យ​ ចំនួន០២គ្រឿង​ អន្តរាគមន៍​ពន្លត់ទាន់ពេល​ ដោយ​ប្រើប្រាស់ទឹកអស់ចំនួន០៣រថយន្ត​ ៕