ប្រតិបត្តិការបង្រ្កាបគ្រឿងញៀនកន្លះគីឡូក្រាមនិងឃាត់ខ្លួនជនសង្ស័យ០២នាក់ប្តីប្រពន្ធ

0

រាជធានីភ្នំពេញ ៖ នគរបាលប្រឆាំងគ្រឿងញៀនរាជធានីភ្នំពេញចេញប្រតិបត្តិការបង្រ្កាបចាប់ឃាត់ខ្លួនជនសង្ស័យ០២នាក់ប្តីប្រពន្ធនិងដកហូតវត្ថុតាងគ្រឿងញៀនកន្លះគីឡូក្រាមខណៈដែលជនសង្ស័យកំពុងធ្វើសកម្មភាពប្រព្រឹត្តបទល្មើសជួញដូរគ្រឿងញៀនខុសច្បាប់។

ប្រតិបត្តិការបង្រ្កាបគ្រឿងញៀនដឹកនាំបញ្ជាកម្លាំងផ្ទាល់ដោយលោកឧត្តមសេនីយ៍ទោ ហួត ចាន់យ៉ារ៉ាន់ ស្នងការរងទទួលផែនការងារប្រឆាំងគ្រឿងញៀន និងសម្របសម្រួលនីតិវិធីពីលោក ឆាយ ហុង ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ នៅវេលាម៉ោង០៤និង៣០នាទីរសៀលថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២០ នៅចំណុចផ្លូវ គីម អ៊ីលសុង ក្បែរអង់តែនទួលគោក សង្កាត់បឹងកក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

លោកឧត្តមសេនីយ៍ទោ ហួត ចាន់យ៉ារ៉ាន់ ស្នងការរងទទួលផែនការងារប្រឆាំងគ្រឿងញៀនគ្រឿងញៀនប្រាប់ឱ្យដឹងថា ជនសង្ស័យទាំង០២នាក់មានឈ្មោះ សុខ ធឿន ភេទប្រុស អាយុ៣៥ឆ្នាំ និងឈ្មោះ គង់ ចិន្តា ភេទស្រី អាយុ៣០ឆ្នាំ ជនជាតិខ្មែរ គ្មានមុខរបរពិតប្រាកដ។

លោកឧត្តមសេនីយ៍ស្នងការរងប្រាប់ឱ្យដឹងទៀតថា ការបង្រ្កាបជនសង្ស័យគ្រឿងញៀន០២នាក់ប្តីប្រពន្ធជាមួយនឹងគ្រឿងញៀនកន្លះគីឡូក្រាមគឺនគរបាលការិយាល័យជំនាញបានស្រាវជ្រាវស៊ើបអង្កេត តាមរយៈការផ្តល់ព័ត៌មានពីប្រជាពលរដ្ឋ ទើបសមត្ថកិច្ចឈានទៅដល់បង្រ្កាបជនសង្ស័យប្រព្រឹត្តបទល្មើសជួញដូរគ្រឿងញៀនជាក់ស្តែង។ជនសង្ស័យទាំង០២នាក់និងវត្ថុតាងគ្រឿងញៀនត្រូវបាននគរបាលការិយាល័យជំនាញកំពុងកសាងសំណុំរឿងនិងវត្ថុតាងគ្រឿងញៀនបញ្ជូនទៅតុលាការចាត់ការតាមផ្លូវច្បាប់។

សូមបញ្ជាក់ថា អនុវត្តតាមទិសដៅការងារដើម្បីកាត់បន្ថយបញ្ហាគ្រឿងញៀននៅក្នុងរាជធានីភ្នំពេញោឱ្យមានប្រសិទ្ធភាព ឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរងនគរបាលជាតិនិងជាស្នងការនគរបាលរាជធានីភ្នំពេញ តែងតែបានរំលឹកណែនាំឱ្យកម្លាំងនគរបាលការិយាល័យប្រឆាំងគ្រឿងញៀន និងកម្លាំងតាមអធិការដ្ឋាននគរបាលខណ្ឌទាំង១៤ ត្រូវអនុវត្តវិធានការបង្រ្កាបគ្រឿងញៀនជាប្រចាំ និងមិនដកថយនោះឡើយទាំងនៅក្នុងក្លឹបកម្សាន្តនិងកន្លែងជួញដូរគ្រឿងញៀនដទៃទៀត។

ក្នុងរយៈពេលឆមាសទី១ ឆ្នាំ២០២០ កម្លាំងនគរបាលអធិការដ្ឋានខណ្ឌទាំង១៤ និងកម្លាំងការិយាល័យជំនាញចេញប្រតិបត្តិការបង្រ្កាបបទល្មើសគ្រឿងញៀន១,១៥៣ករណីឃាត់ខ្លួនជនសង្ស័យ២,០៧៨នាក់ ដកហូតវត្ថុតាងគ្រឿងញៀនជាង៣គីឡូក្រាម។ជនសង្ស័យនិងវត្ថុតាងគ្រឿងញៀនទាំងនោះក៏ត្រូវបានបញ្ជូនទៅតុលាការចាត់ការតាមផ្លូវច្បាប់រួចហើយ ៕