កងទ័ពកម្ពុជា និងកងទ័ពថៃ ឯកភាពគ្នាលើកសំណើរការដើរល្បាតរួមគ្នាដោយមិនចាំបាច់ប្រើប្រាស់អាវុធ!

0

ខេត្តព្រះវិហារ៖ ឯកឧត្តម ឧត្តមសេនីយ៍ត្រី ច័ន្ទ សុខុន មេបញ្ជាការរង នាយសេនាធិការ កងពលតូចអន្តរាគមន៍លេខ៨ (កម្ពុជា) និងលោកវរសេនីយ៍ឯក ប៊ុន តឺម មេបញ្ជាការរង ប្រចាំទិសទី១ប្រាសាទព្រះវិហារ និងជាប្រធានទំនាក់ទំនងថៃ-កម្ពជា បានឯកភាពគ្នាលើកសំណើរចំពោះការដើរល្បាតរួមគ្នាជាក្រុម ដោយមិនចាំបាច់ប្រើប្រាស់អាវុធ ។

ការឯកភាពគ្នានេះ ធ្វើឡើងនៅក្នុងកិច្ចជំនួបទំនាក់ទំនងល្អ រវាងកងទ័ពកម្ពុជា-ថៃ ជួរមុខតាមបណ្តោយព្រំដែន ក្នុងភូមិសាស្ត្រទិសបង្គោល៨ កាលពីព្រឹកថ្ងៃអង្គារ ទី១៩ ខែឧសភា ឆ្នាំ២០២០ ។

ក្នុងគោលបំណង បង្កើនកិច្ចសហប្រតិបត្តិការ និងការទំនាក់ទំនងល្អបន្ថែមទៀត រវាងកងកម្លាំងឈរជើងជួរមុខកម្ពុជា-ថៃ ដើម្បីរក្សាបានព្រំដែនសុខសន្តិភាព និងការអភិវឌ្ឍន៍ ព្រមទាំងការរស់នៅប្រកបដោយភាពសុខសាន្ត របស់ប្រជាជន នៃប្រទេសទាំងពីរ ឈរលើការណ៍ដោះស្រាយគ្នាដោយសន្តិវិធី ដើម្បីបញ្ជៀសបានការប្រឈមមុខដាក់គ្នាដោយកម្លាំងប្រដាប់អាវុធ ។

ជាមួយគ្នានេះ កងទ័ពកម្ពុជា និងកងទ័ពថៃ ក៏បានធ្វើការឯកភាពជួបគ្នាម្តងទៀត នៅថ្ងៃខាងមុខក្នុងសប្ដាហ៍នេះ ដើម្បីធ្វើដំណើរល្បាតរួមគ្នា លើកទី១ ដោយកម្លាំងរួមគ្នាជាក្រុមចាប់ពីចំនួន ៥នាក់ រហូតដល់ទៅ ១២នាក់ ដោយមិនចាំបាច់ប្រើប្រាស់អាវុធ ។

បន្ទាប់ពីកិច្ចជំនួបពិភាក្សាបានបញ្ចប់ថ្នាក់ដឹកនាំ អង្គភាពទាំងពីរ ក៏បានធ្វើការប្រគល់ នូវប្រភេទកូនឈើហូបផ្លែ និងផ្លែឈើសម្រាប់ហូប ដល់គ្នាទៅវិញ ទៅមក បន្ថែមពីនោះកងទ័ពថៃ ក៏បានសន្យាផ្តល់ពូជកូនត្រីចំរុះចំនួន១ម៉ឺនកូន និងពូជកូនឈើក្រញូងចំនួន១៥០០ដើម ដល់អង្គភាពទីបញ្ជាការកងពលតូចអន្តរាគមន៍លេខ៨ នៅដើមខែកក្កដា ឆ្នាំ២០២០ខាងមុខ។ នេះសរបញ្ជាក់ឲ្យឃើញកាន់តែច្បាស់អំពីចំណងមិត្តភាព សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការល្អ រវាងកងកម្លាំងប្រដាប់អាវុធជួរមុខ នៃប្រទេសទាំងពីរកម្ពុជា-ថៃ៕ សួនលីណា