អភិបាលខេត្តកំពង់ចាម​ ថ្លែង​ប្រាប់​​ដល់​មន្ត្រី​ពាក់ព័ន្ធ​ ឲ្យ​អនុវត្ត​គោលនយោបាយ​ជាតិ​គាំពារ​សង្គម​ តែកុំ​ធ្វើ​ការ​តាម​របៀប​ កន្ទេល​ធំ​បន្លំ​ដេក​

កំពង់ចាម​:​ អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម​ ឯកឧត្តម​ អ៊ុន​ ចាន់ដា​ បាន​ជំរុញ​​​ដល់​មន្ត្រី​ពាក់ព័ន្ធ​ថា​​ ធ្វើ​យ៉ាងណា​ត្រូវ​អនុវត្ត​គោលនយោបាយជាតិ​គាំពារ​សង្គម​​​របស់​រាជរដ្ឋាភិបាល​ ក្នុង​ការកំណត់អត្តសញ្ញាណគ្រួសារក្រីក្រ​ ក្នុង​មូលដ្ឋាន​ឲ្យ​ដំណើរ​ការ​បានល្អ​ប្រសើរ​ ដើម្បី​ឲ្យ​រាជរដ្ឋាភិបាលបានជួយសង្គ្រោះ​ដល់ពូកគាត់ទាន់ពេលវេលា​ តែ​កុំ​ធ្វើ​ការ​តាម​របៀប​កន្ទេល​ធំ​បន្លំ​ដេក​។ ការ​ថ្លែង​យ៉ាង​ដូច្នេះ​ក្នុង​កិច្ច​ប្រជុំ​ពិភាក្សា​ ​អំពី​ការ​ធ្វេី​អត្តសញ្ញាណកម្មលើគ្រួសារក្រីក្រ​ នាព្រឹក​ថ្ងៃ​ទី​២០​ ខែឧសភា​ ឆ្នាំ​២០២០​ នៅ​សាលា​ខេត្ត​កំពង់ចាម​ ក្រោម​វត្តមានឯកឧត្តម ប៉ាន​ ប៊ុនធឿន​ រដ្ឋលេខាធិការក្រសួងផែនការ​ និង​ឯកឧត្តម ថេង បញ្ញាធន ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកអគ្គនាយកដ្ឋានផែនការ នៃក្រសួងផែនការ​។ក្នុង​កិច្ច​ប្រជុំ​ពិភាក្សា​នេះ​ ឯកឧត្តម​ប្រតិភូរាជរដ្ឋាភិបាល​ បាន​លេីក​ឡើង​ថា​ ដោយសារចាប់ផ្តើមពីដើមឆ្នាំ២០២០នេះ ប្រទេសស្ទើរតែទាំងអស់ទូទាំងពិភពលោករួមទាំងកម្ពុជាយើងផង កំពុងរងផលប៉ះពាល់ ដោយសារការរីករាលដាលនៃជំងឺ Covid-19 ហើយរាជរដ្ឋាភិបាលកម្ពុជា កំពុងពិនិត្យផ្តល់អន្តរាគមន៍បន្ទាន់ផ្ទាល់ដល់ប្រជាជនកម្ពុជាទាំងអស់ ដែលរងផលប៉ះពាល់នេះ ដោយប្រើប្រាស់ទិន្នន័យគ្រួសារក្រីក្រ របស់ក្រសួងផែនការជាពិសេសគ្រួសារក្រីក្រ និងគ្រួសារទទួលរងផលប៉ះពាល់ខ្លាំងជាងគេ។​ ដើម្បីជួយសម្រួលជីវភាពរបស់ប្រជាជន និងកាត់បន្ថយផលប៉ពាល់ដោយសារការរីករាលដាលជំងឺ Covid-19 រាជរដ្ឋាភិបាលបានសម្រេចជួយឧបត្ថម្ភ ជាសាច់ប្រាក់ ជូនគ្រួសារក្រីក្រ ដែលមានបណ្ណ សមធម៌រួចហើយ និងគ្រួសារក្រីក្រខ្លះដែលអវត្តមានតាមជុំនៃការប្រមូលទិន្នន័យ និងគ្រួសារខ្លះទៀតទើបទទួលរងផលប៉ះពាល់ បាត់បង់ចំណូលធ្លាក់ខ្លួនក្រីដោយជំងឺ Covid-19។​ ជាមួយគ្នា​នោះ​ គណៈ​ប្រតិភូ​ បាន​បញ្ជាក់​ថា​ បានបន្តថា ដើម្បីឆ្លើយតបទៅនឹងបញ្ហាប្រឈមក្រសួងផែនការ បានធ្វើការសិក្សាស្រាវជ្រាវ និងបង្កើតនូវយន្តការថ្មី គឺការកំណត់អត្តសញ្ញាណ គ្រួសារក្រីក្រ តាមការស្នើសុំដើម្បីផ្ដល់ឱកាសឲ្យគ្រួសារទាំងនេះ អាចដាក់ពាក្យស្នើសុំទៅក្រុមប្រឹក្សាឃុំ សង្កាត់ សុំសម្ភាសន៍ដើម្បីទទួលបានប័ណ្ណសមធម៌ក្នុងចន្លោះ ជុំប្រមូលទិន្នន័យគ្រួសារក្រីក្រ ហើយក្រសួងផែនការនិងដាក់ដំណើរការក្នុងឆ្នាំ២០២០នេះ​ ៕​