ប័ណ្ណកម្មសិទ្ធិដីធ្លីចំនួន ២៤៧៣ ក្បាលដីត្រូវបានប្រគល់ជូនប្រជាពលរដ្ឋនៅភូមិសានគរ(ខ) ក្នុងស្រុកកំពង់ស្វាយ

(កំពង់ធំ)៖ឯកឧត្តម សុខ លូ អភិបាលខេត្តកំពង់ធំនិងសហការីបានអញ្ជើញចូលរួមក្នុងពិធីសំណេះសំណាល និងចែកប័ណ្ណកម្មសិទ្ធិដីធ្លីជូនប្រជាពលរដ្ឋស្ថិតនៅឃុំសានគរ(ខ) ឃុំសានគរ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំចំនួន ២៤៧៣ ក្បាលដី ថ្ងៃទី ២១ ខែឧសភាឆ្នាំ ២០២០។ ដោយមានការអញ្ជើញូលរួមពីប្រជាពលរដ្ឋប្រមាណ២០០គ្រួសារ ។
លោក អ៊ុន បុត្ត អភិបាលស្រុកកំពង់ស្វាយ បានធ្វើរបាយការណ៏លើកឡើងថា ពិធីចែកប័ណ្ណកម្មសិទ្ធិដីធ្លីជូនប្រជាពលរដ្ឋនៅភូមិសានគរ(ខ)នាពេលនេះមានចំនួន ២៤៧៣ ក្បាលដី ។ ក្នុងនោះមាន៖ដីសាងសង់ ៧៩០ក្បាលដី
ដីផលិតកម្មកសិកម្ម១៦៦៨ក្បាលដី ដីសាលាឃុំ០១ក្បាលដី ដីទួលកប់ខ្មោច ០៨ក្បាលដី ដីសាលារៀន០២ក្បាលដី ដីត្រពាំង០៣ក្បាលដី ដីទួលអ្នកតា០២ក្បាលដី និងដីគ្មានទិន្នន័យ ៨៧ក្បាលដី។
ឯកឧត្តម សុខ លូ អភិបាលខេត្តកំពង់ធំបានលើកឡើងថា ដើម្បីរក្សានិងការពារបង្គោលប្រថពីវិភាគទាំងពីរនេះឲ្យស្ថិតស្ថេរ គង់វង្សជានិច្ច សូមបងប្អូន ប្រជាពលរដ្ឋ លោកមេឃុំ ចៅសង្កាត់ គ្រប់ឃុំសង្កាត់ លោកអភិបាលក្រុង/ស្រុកដែលមានបង្គោលប្រថពីវិភាគដែលបានដាំរួចហើយ ស្ថិតនៅលើទីតាំងក្នុងរង្វង់សមត្ថកិច្ចរបស់ខ្លួន ត្រូវជួយថែរក្សាការពារបង្គោលទាំងនោះឲ្យបានល្អ និងគង់វង្ស និងយកប្លង់កម្មសិទ្ធិនេះទៅប្រើប្រាស់ឲ្យបានត្រឹមត្រូវ ។
ឯកឧត្តមបានបន្តទៀតថាដោយផ្អែកតាមមាត្រាលេខ២៦០ នៃច្បាប់ ៩៥៥ ភូមិបាលឆ្នាំ២០០១ បានចែងថាជនណាដែលបានលើកចេញរំកិលចេញបំផ្លាញចោលនូវមង្គោលស៊ីម៉ង់ត៍ដោយចំណុចឋានលេខា និងទីតាំងផ្លាកសញ្ញាសូរិយោដី ត្រូវទទួលការព្រមានពីអាជ្ញាធរមានសមត្ថកិច្ច ។ក្នុងនោះឯកឧត្តមបានសង្កត់ធ្ងន់ទៅលើប័ណ្ណកម្មសិទ្ធិដីធ្លីសូមកុំអ៊ុតរឹងឲ្យសោះព្រោះធ្វើឲ្យមានការពិបាកប្រើប្រាស់នៅពេលមានការផ្ទេប្លង់កម្មសិទ្ធិ។
ជាមួយគ្នានេះដែរឯកឧត្តមសូមអំពាវនាវដល់ប្រជាពលរដ្ឋអាជ្ញាធរក្រុង/ស្រុកត្រូវចុះពិនិត្យអនាម័យតាមរមណីយដ្ឋាន ក្នុងដែនសមត្ថកិច្ចរបស់ខ្លួន ចូលរួមការពារជំងឺកូវីដ១៩ ត្រូវជៀសឲ្យឆ្ងាយពីគ្រឿងញៀន ព្រោះគ្រឿងញៀនបានបំផ្លាញខ្លួនឯង គ្រួសារនិងសង្គមជាតិ និង គោរពច្បាប់ចរាចរណ៍ផ្លូវគោកឲ្យបានត្រឹមត្រូវតាមអនុក្រឹត្យលេខ ៣៩របស់ក្រសួងមហាផ្ទៃ។