គ្រោះធម្មជាតិរន្ទះបាញ់ងាប់សត្វពាហនៈ ៦ក្បាលម្ចាស់សោកស្ដាយស្ទើបោកខ្លួន

ខេត្តពោធិ៍សាត់៖ យ៉ាងហោចសត្វពាហនៈ(គោ)ញីឈ្មោលចំនួន ៦ក្បាល ត្រូវបានរន្ទះបាញ់ងាប់គរជើងគ្នាយ៉ាងសាហាវ ម្ចាស់បានត្រឹមសោកស្ដាយ និងហួសចិត្តពិតជាទុក្ខជាន់ទុក្ខ ។

ហេតុការណ៍គ្រោះធម្មជាតិរន្ទះបាញ់ឆក់យកជីវិតសត្វខាងលើ បានកើតឡើងនៅវេលាម៉ោង១២ និង០០នាទី កណ្ដាលថ្ងៃត្រង់ ថ្ងៃសៅរ៍ ២កើត ខែជេស្ឋ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២០ ត្រង់ចំណុចកោះយ៉ា ស្ថិតក្នុងភូមិក្បាលទាហាន ឃុំឈើតុំ ស្រុកក្រគរ ខេត្តពោធិ៍សាត់ ។

នគរបាលស្រុកក្រគរប្រាប់ថា នៅវេលាខាងលើផ្ទៃមេឃស្រទុំពណ៏ខ្មៅ មានរលឹមស្រេចៗលាយឡំទៅដោយខ្យល់ ផ្គរ និងរន្ទះ ក៍ស្រាប់តែមានភ្នែកមន្ទោល និងរន្ទះបាញ់សត្វពាហនៈ(គោ)ញីឈ្មោល បណ្ដាលឲ្យងាប់ទាំងហ្វូង(៦ក្បាល)រដូករណែលបែបនេះ ។

នគរបាលស្រុកដដែលប្រាប់បន្តថា ម្ចាស់សត្វពាហនៈ(គោ)ញីឈ្មោលដែលរន្ទះបាញ់ងាប់ឈ្មោះ គង់ ហុង ភេទប្រុស អាយុ ៥៨ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្ន រស់នៅភូមិដង្គៀមក្ដាម ឃុំឈើតុំ ស្រុកក្រគរ ខេត្តពោធិ៍សាត់ គាត់ពិតជាមហាសែនសោកស្ដាយសត្វរបស់គាត់ណាស់ មិនគួរធម្មជាតិកំណត់មកលើក្រុមគ្រួសារពួកគាត់បែបនេះសោះ ប៉ុន្តែទោះជាយ៉ាងណាក្ដីនេះជាគ្រោះធម្មជាតិ ។