សមត្ថកិច្ចចម្រុះខេត្តស្ទឹងត្រែង បើកប្រតិបត្តិការលក្ខណៈទ្រង់ទ្រាយធំ ចុះពិនិត្យទីតាំងកាប់រុករាន ទន្រ្ទានយកដីរដ្ឋធ្វើជាកម្មសិទ្ធិ ទាំងបំពានច្បាប់ !

ខេត្តស្ទឹងត្រែង៖ ការបើកប្រតិបត្តិការលក្ខណៈទ្រង់ទ្រាយធំនោះ បន្ទាប់ពីកម្លាំងសមត្ថកិច្ចចម្រុះខេត្ត ទទួលបានបទបញ្ជាអោយអនុវត្តតាមដីការបង្គាប់ការ របស់រដ្ឋបាលខេត្តស្ទឹងត្រែង ដើម្បីស្វែងរកមេឈ្មួញធំៗ ដែលបានធ្វើសកម្មភាពកាប់ រុករាន ទន្ទ្រានយកដីព្រៃរដ្ឋធ្វើជាកម្មសិទ្ធិ ដោយខុសច្បាប់។
ប្រតិបត្តិការនោះទៀត បានធ្វើឡើងដោយគណៈកម្មាការចម្រុះ ដែលដឹកនាំដោយ ព្រះរាជអាជ្ញា នៃអយ្យការ អមសាលាដំបូងខេត្តស្ទឹងត្រែង លោក ជេត ខេមរា ក្រោមកិច្ចសហការណ៍ រវាងកម្លាំងកងរាជអាវុធហត្ថ កម្លាំងនគរបាល កម្លាំងយោធា មន្ទីរបរិស្ថាន រដ្ឋបាលព្រៃឈើ មន្ទីរដែនដីនគររូបនីយកម្ម និងសំណង់ តំណាងអាជ្ញាធរស្រុកថាឡាបរិវ៉ាត់ កាលពីថ្ងៃទី២២ឧសភាឆ្នាំ២០២០ នៅចំណុចភ្នំចារ្យភ្លើង ស្ថិតនៅចន្លោះ ភូមិស្រឡៅ និងភូមិវាលដេញ ឃុំអន្លង់ជ្រៃ ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង។
សមត្ថកិច្ចនៅក្នុងប្រតិបត្តិការនោះ បានបង្ហើបអោយដឹងថា ក្រោយការកោះប្រជុំពីសំណាក់ អភិបាលខេត្តស្ទឹងត្រែង លោកម៉ុម សារឿន និងលោកអភិបាលខេត្ត បានបង្កើតគណៈកម្មាការចម្រុះមួយ ដឹកនាំដោយស្ថាប័នអយ្យការ និងសាលាដំបូងខេត្ត ដើម្បីអនុវត្តទៅលើសកម្មភាព កាប់រុករាន ទន្រ្ទានដីព្រៃរដ្ឋដោយខុសច្បាប់ យកមកធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួន ពីក្រុមឈ្មួញខិលខូចមួយក្តាប់តូច។ មន្ត្រីសមត្ថកិច្ច បានអោយដឹងទៀតថា សកម្មភាពចុះពិនិត្យទីតាំងកាប់រានដីព្រៃនោះ គឺតែបន្តទៅមុខជានិច្ច ចំណែក លទ្ធផលនៅមិនទាន់ដឹងនៅឡើយទេ ដោយសារភូមិសាស្ត្រ កាប់រុករាន ទន្ទ្រានដីព្រៃរដ្ឋនោះ នៅឆ្ងាយៗពេក ហើយផ្លូវក៏លំបាកធ្វើដំណើរ ប៉ុន្តែ អាជ្ញាធរខេត្តស្ទឹងត្រែង បញ្ជាអោយបើកការស៊ើបអង្កេត ស្រាវជ្រាវរកមេក្លោង និងទីតាំងកាប់រានដីព្រៃនានាជាច្រើនទៀត ដើម្បីចាត់ការតាមច្បាប់ ជាធរមាន ៕