ព្រះសង្ឃ និងពុទ្ធបរិស័ទចំណុះវត្តពោធិ ញាណ(ហៅវត្តព្រះអង្គធំ) បរិច្ចាកទានជូន គណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្តស្ទឹងត្រែង

ខេត្តស្ទឹងត្រែង៖ដើម្បីជាការចូលរួមចំណែក ក្នុងការជួយដល់ជនទីទាល់ក្រ និងជនងាយរងគ្រោះ ជាមួយកាកបាទក្រហមកម្ពុជានោះ នៅព្រឹកថ្ងៃទី២៦ឧសភានេះព្រះសង្ឃ និងពុទ្ធបរិស័ទក្នុងវត្តពោធិញាណ(ហៅវត្តព្រះអង្គធំ) បាន បរិច្ចាកទានមួយចំនួនធំ រួមមានគ្រឿងឧបភោគបរិភោគ និងសម្ភារ:ប្រើប្រាស់ជាច្រើនទៀត ជូនគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយថ្នាក់ខេត្ត ដើម្បីបន្តចែកជូនទៅដល់ជនងាយរងគ្រោះ នៅក្នុងខេត្តទៅតាមតម្រូវការ ។ អភិបាលខេត្តស្ទឹងត្រែង លោក ម៉ុម សារឿន ប្រធានកាកបាទក្រហមកម្ពុជា ខេត្ត មានប្រសាសន៍ថា:អំណោយទាំងនេះ ក្នុងនាមថ្នាក់ដឹកនាំខេត្ត និងជាប្រធានកាក
បាទក្រហមកម្ពុជាខេត្តស្ទឹងត្រែង និងយកទៅប្រើប្រាស់អោយចំគោលដៅ ដើម្បីចែកជូនទៅប្រជាពលរដ្ឋដែលមានជីវភាពលំបាកនិងខ្វះខាត ក៏ដូចជាជនងាយរងគ្រោះនៅតាមទីជនបទដាច់ស្រយ៉ាល ឬនៅក្នុងខេត្តផងដែរ នៅពេលដែលប្រជាពលរដ្ឋយើងជួបប្រទះគ្រោះភ័យ នៅករណីផ្សេងៗ ដូចជាគ្រោះទឹកជំនន់ ខ្យល់ព្យុះ ភ្លើងឆេះផ្ទះ ជាដើម ។ លោកចាត់ទុកថានេះជាទឹកចិត្តមនុស្សធ៌មរបស់ព្រះសង្ឃ ក្នុងការចូលរួមចំណែកយ៉ាងធំធេង ជាមួយកាកបាទក្រហមកម្ពុជាខេត្ត ក្នុងកិច្ចការងារបំរើអោយសង្គមជាតិ នៅពេលដែលប្រទេសកម្ពុជា បានរងគ្រោះដោយសារជម្ងឺកូវីដ១៩ផងដែរ ។ព្រះតេជគុណ ហ៊ឹម ចាន់ ចៅអធិការវត្តព្រះអង្គធំមានថេរៈដីការថា៖បញ្ហានេះព្រះសង្ឃក៍មានព្រះទ័យព្រួយបានរម្ភ និងបានចូលរួមអនុវត្តតាមក្រសួងសុខាភិបាលណែនាំដែរ ពីព្រោះវាជាជម្ងឺសកលបានឆ្លងរីករាលដាលសម្លាប់ជីវិតមនុស្យនៅលើសកលលោកអស់ជាច្រើនម៉ឺននាក់ ។ព្រះតេជគុណបន្តថេរៈដីការទៀតថា:កន្លងមកនេះ ព្រះសង្ឃ និងពុទ្ធរិស័ទបាននាំគ្នា ចួលរួមគាំទ្រដល់សកម្មភាពជាមួយកាក
បាទក្រហម និងវិធានការរបស់រាជរដ្ឋាភិបាល អនុវត្តតាមក្រសួងសុខាភិបាលដែលបានណែនាំ និងបានផ្សព្វផ្សាយអប់រំប្រជាពលរដ្ឋយើង អោយលើកកម្ពស់ការការពារសុខភាពបានល្អប្រសើរ ធ្វើអោយប្រទេសកម្ពុជា ជៀសផុតពីការឆ្លងជម្ងឺទាំងនេះមកក្នុងសហគមន៍ ។ សូមបញ្ជាក់ថា:ព្រះសង្ឃនៅតាមបណ្តាវត្តនៅក្នុងខេត្តស្ទឹងត្រែង និងពុទ្ធបរិស័ទតែងបាន បរិច្ចាកនូវធនធាន ជាគ្រឿងឧបភោគ
បរិភោគជាច្រើនមុខ រួមនិងថវិកាមួយចំនួនទៀត ជូនទៅគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្តស្ទឹងត្រែង សម្រាប់ចាត់ចែងទៅលើការងារប្រយុទ្ធប្រឆាំង និងជម្ងឺកូវីដ១៩នេះ ផងដែរ ៕