បង្រ្កាបសិប្បកម្មគ្មានលិខិតអនុញ្ញាត ដកហូតនូវវត្ថុតាង និងឧបករណ៍កែច្នៃ

ខេត្តពោធិ៍សាត់៖ ដោយមានការសម្របសម្រួលពីលោកព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តពោធិ៍សាត់ កម្លាំងកងរាជអាវុធហត្ថលើផ្ទៃប្រទេស ខេត្តពោធិ៍សាត់ មូលដ្ឋានស្រុកវាលវែង សហការជាមួយមន្ត្រីបរិស្ថាន ចុះត្រួតពិនិត្យ និងបង្រ្កាបបទល្មើសធនធានធម្មជាតិ(កន្លែងសិប្បកម្មកែច្នៃឈើ)សង្ស័យគ្មានលិខិតអនុញាត ដោយដកហូតនូវវត្ថុតាង(ឈើ និងឧបករណ៍កែច្នៃ)ផងដែរ ដើម្បីយកមកបន្តនីតិវិធី ។

ករណីបង្រ្កាបកន្លែងសិប្បកម្មកែច្នៃឈើខាងលើ ធ្វើឡើងនៅវេលាម៉ោង១២ និង០៣នាទី ថ្ងៃអាទិត្យ ៣កើត ខែជេស្ឋ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២០ ត្រង់ចំណុចរោងសិប្បកម្មពីកន្លែងផ្សេងគ្នា ស្ថិតក្នុងភូមិក្រពើពី ឃុំក្រពើពី ស្រុកវាលវែង ខេត្តពោធិ៍សាត់ ។

ប្រភពព័ត៌មានពីកម្លាំងចុះបង្រ្កាបប្រាប់ថា លទ្ធផល៖ ដកហូតនូវវត្ថុតាងរួមមាន ឈើអារប្រភេទលេខ ២(វល្លិ៍យោង.ខ្វាវ. និងរាជកុល)សរុបចំនួន ៩៧ដុំ ស្មើនឹងចំនួន ៦,២០៥ម៉ែត្រត្រីគុណ និងតាបវាលចំនួន ១គ្រឿងផងដែរ ចំណែកជនប្រព្រិត្តរត់គេចបាត់ ។

ប្រភពដដែលបន្តទៀតថា វត្ថុតាង(ឈើ និងឧបករណ៍)ដែលកម្លាំងរិបអូសដកហូតទាំងអស់ ប្រគល់ទទួលជូនមនមន្រ្តីបរិស្ថាន ស្នាក់ការដែនជំរកសត្វព្រៃភ្នំសំកុស រក្សាទុក និងចាត់ចែងបន្តនីតិវិធី ៕