កសិករ​អាច​មាន​ទឹក​ប្រើប្រាស់​គ្រប់គ្រាន់​​ ខណៈ​អាជ្ញាធរ​ខេត្តកំពង់ចាម​ ​យកចិត្តទុកដាក់​ ចុះធ្វើបច្ចុប្បន្នប្រពន្ធ័ធារាសាស្រ្ត​ និង​ផ្ដល់​គម្រោង​ផ្គត់ផ្គង់ទឹកជនបទ

កំពង់ចាម​:​ ឯកឧត្តម លឹម ពុយ អនុប្រធានអាជ្ញាធរទន្លេសាប និងជាទីប្រឹក្សាក្រសួងធនធានទឹក និងឧតុនិយម រួម​ជាមួយ​ក្រុមការងារបច្ចេកទេសក្រសួង ដោយ​មាន​ការ​ចូលរួម​ពី​ លោក អ៊ុម វិបុល ប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្ត​កំពង់ចាម​ និងមន្រ្តីបច្ចេកទេស នាថ្ងៃ​ទី​២៦​ ខែឧសភា​ ឆ្នាំ​២០២០នេះ​ បាន​អញ្ជើញ​ចុះធ្វើបច្ចុប្បន្នប្រពន្ធ័ធារាសាស្រ្ត CISIS MOWRAM នៅភូមិសាស្រ្តខេត្តកំពង់ចាម​ ដេីម្បី​នាំយក​ប្រភព​ទឹក​ផ្តល់ជូន​ប្រជាកសិករ​ប្រេីប្រាស់​ក្នុង​ការ​​បង្កបង្កើនផល​ដំណាំស្រូវ​ ឬ​ដំណាំ​រួម​ផ្សំ​។
លោក អ៊ុម វិបុល ប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្ត​កំពង់ចាម​ បាន​ឲ្យដឹង​ថា​​ ប្រព័ន្ធធារាសាស្ត្រដែល​បានចុះធ្វើបច្ចុប្បន្នភាព​​នេះ រួមមាន៖​ ប្រព័ន្ធធារាសាស្ត្រ ៧មិនា ស្ថិតនៅក្នុងឃុំជាលា ស្រុកបាធាយ​ ប្រព័ន្ធធារាសាស្ត្រ អាងទឹកឆា ស្ថិតនៅក្នុងឃុំក្រូច និងឃុំបឹងណាយ ស្រុកព្រៃឈរ​ និង​ប្រព័ន្ធធារាសាស្ត្រ អាងទឹកថ្មដា ស្ថិតនៅ​ក្នុង​ឃុំបឹងណាយ ស្រុកព្រៃឈរ​ ខេត្តកំពង់ចាម​ ផង​ដែរ​ ។
ដោយឡែក​ នៅថ្ងៃទី២៦ ឧសភា​ ដដែល​នេះ​ លោក អុឹង វិសុទ្ធ ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តខេត្តកំពង់ចាម បានអញ្ជើញចូលរួមបើកការដ្ឋានសាងសង់អណ្តូងស្នប់​ ចំនួន១០០អណ្តូង និងស្រះសហគមន៍​ ចំនួន៤ ក្នុងស្រុកទាំង៧ របស់ខេត្តកំពង់ចាម រួមមានស្រុកព្រៃឈរ កងមាស ស្ទឹងត្រង់ ចំការលើ ជើងព្រៃ បាធាយ និងស្រុកកំពង់សៀម ដែលជាជំនួយឥតសំណងរបស់សាធារណៈរដ្ឋប្រជាមានិតចិន ក្នុងក្របខ័ណ្ឌគម្រោងផ្គត់ផ្គង់ទឹកជនបទនៅកម្ពុជា ជំហានទី២ តាមរយៈក្រសួងអភិវឌ្ឍន៍ជនបទ ដោយមានការចូលរួមពីលោក កែវ សិគុណ ប្រធានគ្រប់គ្រងគម្រោងក្រុមហ៊ុន China Jiangxi International និងអាជ្ញាធរ ស្រុក ឃុំ រួម​ទាំង​បងប្អូនប្រជាពលរដ្ឋចូលរួមយ៉ាងច្រើនកុះករផងដែរ។
គួរ​បញ្ចាក់ផងដែលថា ក្នុងពីជំហានទី១ ខេត្តកំពង់ចាម បានទទួលសមិទ្ធិផល ផ្លូវចាក់កៅស៊ូ២ជាន់ DBST នៅក្នុងស្រុកចំការលើ ពីចំណុចភូមិថ្នល់បែក ដល់ភូមិបុសថ្លាន់ ឃុំស្វាយទាប ប្រវែង១១,២០០ម៉ែត្រ​ បានកសាងរួចជាស្ថាពរ ។ ចំពោះជំហានទី២ ការបើកការដ្ឋានចាប់ផ្តើមពីស្រុកព្រៃឈរ ដែលទទួលបានអណ្តូងស្នប់១៤ និងស្រះសហគមន៍ ចំនួន០១ ទំហំ៥០ម៉ែត្រ គុណ៥០ម៉ែត្រ​ ៕