ខ្នងផ្ទះទី១៥៥ អំណោយដ៍សម្តចតេជោ ហ៊ុន សែន ត្រូវបានប្រគល់ជូនអតីតយុទ្ធជនពិការឈ្មោះឌឹត អ៊ីមស្រុកបារាយណ៍ 

ខេត្តកំពង់ធំ៖ ខ្នងផ្ទះទី១៥៥ ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានសមាគមអតីតយុទ្ធជនកម្ពុជា  ត្រូវបាន ឯកឧត្តម ឧត្តមសេនីយ៍ទោ សោម ស៊ុនប្រធានសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ធំ តំណាងឯកឧត្តម នាយ ឧត្ដមសេនីយ៍ គន់  គីម  ទេសរដ្ឋមន្រ្តីអគ្គលេខា​ធិការ សមាគម អតីតយុទ្ធជនកម្ពុជាប្រគល់ជូនអតីតយុទ្ធជនពិការឈ្មោះឌឹត អ៊ីម រស់នៅ ភូមិបឹង ឃុំបឹង  ស្រុកបារាយណ៍  ខេត្តកំពង់ធំ   នៅថ្ងៃទី២៧ ខែ ឧសភា ឆ្នាំ២០២០ ។

ឯកឧត្តម ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ មានប្រសាសន៍ថា អតីយុទ្ធជនពិការឈ្មោះ ឌឹត អ៊ីម អាយុ៥៤ឆ្នាំ មានឋានន្តរសក្ដិ ថ្នាក់នាយឯក  ធ្លាប់ចូលបម្រើក្នងជួរទ័ពនៅឆ្នាំ១៩៨៣ អតីតអង្គភាពកងពលលេខ៤ ចាស់  ប្រចាំការនៅខេត្តបាត់ដំបង ហើយបានត្រូវរបួសពិការដៃឆ្វេង នៅក្នុងសមរភូមិនៅឆ្នាំ១៩៨៧  បច្ចុប្បន្ន មានភរិយានិងកូននៅក្នុងបន្ទុកគ្រួសារចំនួន ០៥ នាក់ ។

ផ្ទះថ្មីដែលប្រគល់ មានទំហំ ៤មX៦ម សសរបេតុង ឆ្អឹងដែក ជញ្ជាំងនិងដំបូលប្រក់សង្ក័សីកិនភ្លី រនាបក្តារ  ជណ្តើរកាច់ នៅក្នុងកម្មវិធីនេះគណៈកម្មការសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ធំ រួមជាមួយព្រះសង្ឃ  អាជ្ញាធរដែនដី កងកម្លាំងប្រដាប់អាវុធ នៅស្រុកបារាយណ៍  បាននាំយកអំណោយ ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គលេខាធិការរង សមាគមអតីតយុទ្ធជនកម្ពុជា  ផ្តល់ជូនអង្ករ១០០ គ.ក មីចំនួន០៤កេស ទឹកត្រីទឹកស៊ីអ៊ីវ០៤ យួរ ចាន ឆ្នាំង  ស្លបព្រា  មុង ភួយ កន្ទេល ខ្នើយនិងសម្ភារផ្ទះបាយ ដែលជាជំនួយរបស់ព្រះសង្ឃ និងថវិកាមួយចំនួនផងដែរ ។

នៅថ្ងៃដដែលឯកឧត្តម សោម ស៊ុន បានបន្តចុះ សាកសួរសុខទុក្ខអតីតយុទ្ធជនពិការមួយគ្រួសារទៀត រស់នៅ ភូមិត្រពាំងចំបក់  ឃុំត្រពាំងឬស្សី  ស្រុកកំពង់ស្វាយ  ខេត្តកំពង់ធំ   ដែលមានជីវភាពលំបាកខ្វះខាត មានឈ្មោះ ចាន់ រ៉ាវី អាយុ៥៥ឆ្នាំ មានភរិយានិងកូននៅក្នុងបន្ទុកគ្រួសារចំនួន ០៥ នាក់ ដែលបច្ចុប្បន្នកំពុងមានជំងឺប្រចាំកាយដោយមុខរបួសចាស់រើឡើងវិញ មិនអាចទៅប្រកបមុខរបររកទទួលទានបានហើយ។

ចំណែក ភរិយាដើរស៊ីឈ្នួលគេ គ្រួសារនេះ កន្លងមកធ្លាប់ទទួលបាន ផ្ទះឈើដែលមានទំហំ ៤មX៦ម ពីសមាគមអតីតយុទ្ធជនកម្ពុជា ខេត្តកំពង់ធំ ដើម្បីឲ្យរស់នៅបានសមរម្យផងដែរ ក្នុងឱកាសនេះក្រុមការងារបាននាំយកនូវជំនួយឧបត្ថម្ភរបស់ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ផ្តល់ជូនមានអង្ករ ៥០ គ.ក មី០៤កេស ទឹកត្រីទឹកស៊ីអ៊ីវ ០២ យួរ ថ្នាំពេទ្យនិងថវិកាមួយចំនួនផងដែរ ។ដោយ ប៊ុន រដ្ឋា