ឯកឧត្តម​ អ៊ុន​ ចាន់ដា​ ទទួល​ជួបប្រជុំពិភាក្សាជាមួយក្រុមការងារអធិការកិច្ចពលករ បរទេស​ ​នៅតាមបណ្តារោងចក្រ សហគ្រាស និងគ្រឹះស្ថាននានា​ ក្នុងខេត្តកំពង់ចាម

កំពង់ចាម​: ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម កាលពី​រសៀល​ថ្ងៃ​ទី​២៧​ ខែឧសភា​ ឆ្នាំ​២០២០នេះ​ បាន​ទទួលជួបប្រជុំពិភាក្សាជាមួយក្រុមការងារអធិការកិច្ចពលករ បរទេស​ ​នៅតាមបណ្តារោងចក្រ សហគ្រាស និងគ្រឹះស្ថាននានា​ ក្នុងខេត្តកំពង់ចាម ដែលដឹកនាំដោយលោក ឧត្តមសេនីយ៍ទោ ចាន់​ វិចិត្រ អនុប្រធាន​នាយកដ្ឋាន​ជនបរទេសអន្តោប្រវេសន៍​ ជាអ្នកវិនិយោគឯកជន​នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងារអធិការកិច្ចពលករបរទេស​ប្រចាំខេត្តកំពង់ចាម ដោយមានការអញ្ជើញចូលរួមពីលោកឧត្តមសេនីយ៍ទោ ឯម កុសល ស្នងការនគរបាលខេត្ត ឧត្តមសេនីយ៍ស្នងការរង អនុប្រធានមន្ទីរការងារ និងបណ្តះបណ្តាលវិជ្ជាជីវៈខេត្ត និងសហការី​ ផងដែរ​។

គួរបញ្ចាក់ផងដែរថា កាលពីឆ្នាំ២០១៩ ក្រុមការងារអធិការកិច្ចពលករបរទេស លើការងារចុះពិនិត្យលើប័ណ្ណការងារ និងសៀវភៅការងារជនបរទេស នៅតាមបណ្តារោងចក្រ សហគ្រាស និងគ្រឹះស្ថាននានា ក្នុងភូមិសាស្ត្រខេត្តកំពង់ចាម បានសរុបចំនួន៥៤៤នាក់ ស្រី១៧២នាក់ មាន១៥សញ្ជាតិ ក្នុងនោះរកឃើញអ្នកគ្មានប័ណ្ណការងារចំនួន០៦នាក់ ត្រូវពិន័យអន្តរការណ៍ជាប្រាក់កក្នុងម្នាក់ៗ៥០ម៉ឺនរៀល សរុប៣លានរៀល។ ដោយឡែក សម្រាប់ឆ្នាំ២០២០នេះ ជំនាញនៃស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម បានសហការជាមួយមន្ទីរការងារ និងបណ្តះបណ្តាលវិជ្ជាជីវៈខេត្ត បានរៀបចំគ្រឹះស្ថាន អាជីវកម្មនានាចំនួន៦៣កន្លែងទូទាំខេត្ត ដើម្បីត្រៀមចុះអធិការកិច្ចលើប័ណ្ណការងារ និងសៀវភៅការងារជនបរទេស ដើម្បីអនុវត្តតាមច្បាប់ស្តីពីអន្តោប្រវេសន៍ និងច្បាប់ការងារឲ្យមានប្រសិទ្ធភាព៕