កម្លាំង​មួកខៀវរបស់កម្ពុជា បានស្លាប់នៅប្រទេសម៉ាលី ដោយជំងឺកូវីដ១៩

ប្រទេសម៉ាលី៖នាយឧត្តមសេនីយ៍ ឈុំ សុជាត អ្នកនាំពាក្យក្រសួងការពារជាតិ បានបញ្ជាក់ថា​​ នៅថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២០ ម្សិលមិញនេះកងកម្លាំងមួកខៀវកម្ពុជាម្នាក់ បានស្លាប់នៅក្នុងមន្ទីរពេទ្យប្រទេសម៉ាលី ដោយសារតែឆ្លងជំងឺកូវីដ១៩

បើតាម លោកនាយឧត្តមសេនីយ៍ អ្នកនាំពាក្យក្រសួងការពារជាតិ, ទាហានកម្ពុជាម្នាក់ដែលបានបាត់បង់ជីវិតនៅប្រទេសម៉ាលីនេះមានឈ្មោះ ស សាវី មានឋានន្តរស័ក្តិថ្នាក់ ឧត្តមសេនីយ៍ទោ ដែលបានទៅបំពេញបេសកកម្មមនុស្សធម៌ ក្រោមស្លាកអង្គការសហប្រជាជាតិ។ លោកបានសម្តែងការសោកស្តាយ និងចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំចំពោះក្រុមគ្រួសាររបស់យុទ្ធជនដែលបានពលីនៅប្រទេសម៉ាលីនេះផងដែរ។

កាលពីពេលថ្មីៗនេះ មានកងកម្លាំងយោធាមួកខៀវកម្ពុជា ៣នាក់ ដែលបំពេញបេសកកម្ម នៅប្រទេសម៉ាលី បានឆ្លងជំងឺកូវីដ១៩ ក្នុងនោះមាន២នាក់ជាសះស្បើយឡើងវិញ។

បច្ចុប្បន្ននេះកងកម្លាំងមួកខៀវរបស់កម្ពុជា ចំនួន៥ កងកម្លាំងធំៗ សរុបជិត ៨០០នាក់ ក្នុងនោះនារីជិត ៨០នាក់ បាននឹងកំពុងបំពេញបេសកកម្មរក្សាសន្តិភាពក្រោមឆ័ត្ររបស់អង្គការសហប្រជាជាតិ នៅតាមបណ្តាប្រទេសចំនួន៤រួមមាន៖ លីបង់, ស៊ូដង់ខាងត្បូង, ម៉ាលី និងសាធារណរដ្ឋអាហ្វ្រិកកណ្តាល៕