អាជីវករចិញ្ចឹមក្រពើក្នុងខេត្តកំពង់ឆ្នាំងជិត២០កន្លែងត្អូញត្អែរពីការចិញ្ចឹមក្រពើបរាជ័យព្រោះគ្មានទីផ្សារលក់ក្រពើ ស្នើ សុំក្រសួងពាក់ព័ន្ធជួយរកទីផ្សារផង

0

ខេត្តកំពង់ឆ្នាំង៖ អាជីវករជាអ្នកចិញ្ចឹមក្រពើជិត២០កន្លែងនៅក្នុងខេត្តកំពង់ឆ្នាំងបានត្អូញត្អែរពីការបាត់បង់ទីផ្សារលក់សត្វក្រពើគ្មានហាងឆេង មិនអាចនាំចេញលក់នៅលើទីផ្សារបាន ឯចំណីទិញអោយក្រពើស៊ីគឺត្រូវទិញជារៀងរាល់ថ្ងៃធ្វើអោយការខាតបង់ កាន់តែច្រើនឡើងៗ ។

ពួកគាត់គ្មានសង្ឃឹមអ្វីក្រៅតែពីមន្ត្រីជំនាញនិងក្រសួងពាក់ពន្ធ័ជួយរកទីផ្សារសត្វក្រពើអោយពួកគាត់ផង ។

ទាក់ទងនិងក្រពើគ្មានទីផ្សារនៅព្រឹកថ្ងៃ
ទី 1ខែមិថុនាឆ្នាំ 2020 នេះ លោក លី ឡា នាយខណ្ឌរដ្ឋបាលជលផល នៃមន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទខេត្តកំពង់ឆ្នាំង បានបញ្ជាក់ថា៖ ទីផ្សារក្រពើ គ្មានហាងឆេងមិនមែនទើបតែកើតមានសម័យពិភពលោកមានកូវីដនេះទេគឺមានតាំងតែពីយូរមកហើយ។សម្រាប់ប្រទេសកម្ពុជាយើងទីផ្សារក្រពើ ក្នុងស្រុកគឺគ្មានទាល់តែសោះកន្លងមកគឺមានត្រឹមចែកមេក្រពើគ្នាយកទៅចិញ្ចឹមតែប៉ុណ្ណោះ ។ ចំណែកអ្នកចិញ្ចឹមក្រពើសព្វថ្ងៃ គឺពឹងផ្អែកតែមួយច្រកគត់ គឺលក់ចេញទៅប្រទេសវៀតណាម តែទីផ្សារវៀតណាមពេលនេះបានធ្លាក់គឺចប់ហើយ ។
សម្រាប់ទីផ្សារនៅប្រទេសវៀតណាមកាលពីមុន គឺគេទិញក្រពើយកទៅលាត់ស្បែកឆ្នៃធ្វើវត្ថុប្រើប្រាស់ និងយកសាច់លក់ មួយផ្នែកទៀតគឺវៀតណាមនាំចេញទៅបន្តទៅប្រទេសចិន ដែលនាំចេញទាំងសាច់ទាំងស្បែក ។ ដោយឡែកប្រទេសថៃ គេមានទីផ្សារគ្រប់គ្រាន់របស់គេសម្រាប់នាំចេញ ។ ចំពោះកម្ពុជាមិនមានអាជីវករណាដែលហ៊ានបោះទន់ក្នុងការសម្លាប់ក្រពើយកស្បែកផលិតវត្ថុប្រើប្រាស់នោះទេ ។ ដោយឡែក សម្រាប់អ្នកចិញ្ចឹមក្រពើនៅក្នុងខេត្តកំពង់ឆ្នាំងទាំងអស់ គឺចិញ្ចឹមក្រពើយកតែកូនលក់នាំចេញតែប៉ុ ណ្ណោះ ដែលកូនក្រពើទើបញាស់ក្នុងមួយក្បាល កាលនៅមានទីផ្សារលក់បាន២០ដុល្លារ ក្រោយមកធ្លាក់នៅ និង ១៥ ដុល្លារ ប៉ុន្តែនៅឆ្នាំចុងក្រោយនេះកូនក្រពើ១ក្បាលបានត្រឹមតែ២,៥០
ដុល្លារប៉ុណ្ណោះ ដែលកូនក្រពើទាំងនេះគឺនាំចេញទៅប្រទេសវៀតណាម ។

លោកនាយខណ្ឌរដ្ឋបាលជលផល
បានបញ្ជាក់ថា៖ កន្លងទៅឮថា នៅឯខេត្តសៀមរាប មានអាជីវករធ្វើស្បែកនាំចេញដែរ ក៏ប៉ុន្តែមិនបានជោគជ័យឡើយ ដោយសារតែការធ្វើគ្មានគុណភាព ហើយគ្មានការគាំទ្រ។ បើចង់ធ្វើទីផ្សារនាំចេញស្បែកក្រពើបានលុះត្រាតែមានការ កុងត្រាច្បាស់លាស់ជាមួយក្រុមហ៊ុន ព្រោះការចិញ្ចឹមក្រពើឲ្យបានស្បែកល្អ សម្រាប់ការនាំចេញនោះ ត្រូវការអាងចិញ្ចឹមធំទូលាយ ដាក់អោយវានៅដាច់ដោយឡែក ការពារវាខាំគ្នាដាច់ខូចស្បែកក្រពើជាដើម គឺត្រូវការដើមទុនរាប់ម៉ឺនដុល្លាឯណោះ ទើបធ្វើអោយអាជីវករយើងមិនហ៊ានសម្រេចចិត្ត ។

ដោយឡែកអាជីវករចិញ្ចឹមក្រពើនៅខេត្តកំពង់ឆ្នាំងជិត២០កន្លែងភាគច្រើនជាមន្ត្រីជលផលខ្លះចូលនិវត្ត្តន៍ដែលពេលនេះ ពួកគាត់កំពុងប្រឈមគ្មានទីផ្សារជាច្រើនឆ្នាំមកហើយ និងបន្ថែមពេលចុងក្រោយនេះរឿងជម្ងឺកូវីដ ក៏រិតតែធ្វើអោយទីផ្សារក្រពើកាន់តែគ្មានឱកាសស្តារវិញបាន
នោះឡើយ៕សុខ គឹមសៀន