សមត្ថកិច្ចចម្រុះខេត្តព្រះវិហារ ចុះបង្ក្រាបរោងសិប្បកម្មកែច្នៃឈើល្មើសច្បាប់ពីរកន្លែង និងស្ទាក់ចាប់រថយន្តដឹកឈើប្រណិតមួយគ្រឿង ដកហូតឈើជាច្រើនរយដុំ និងសន្លឹក !

0

ដោយ៖ឡុង សំបូរ
ខេត្តព្រះវិហារ៖ នាយខណ្ឌរដ្ឋបាលព្រៃឈើព្រះវិហារ លោក នួន សុខុម បានដឹកនាំកម្លាំងផ្នែកព្រៃឈើឆែប ក្រោមកិច្ចសហការណ៍ជាមួយ កម្លាំងកងរាជអាវុធហត្ថខេត្ត ចុះបង្ក្រាបទីតាំងស្តុកឈើគ្មានច្បាប់ពីរកន្លែង និងបានស្ទាក់ចាប់រថយន្តសាំងយ៉ុងមួយគ្រឿង ដឹកឈើប្រណិត នៅលើកំណាត់ផ្លូវក្រាលគ្រួសក្រហម១ខ្សែ ស្ថិតនៅក្នុងភូមិសាស្ត្រ ភូមិចំរើន ឃុំច្រាច ស្រុកជ័យសែន នៅក្នុងថ្ងៃទី២មិថុនាឆ្នាំ២០២០ នេះ។
នាយខណ្ឌរដ្ឋបាលព្រៃឈើព្រះវិហារ លោក នួន សុខុម បានថ្លែងប្រាប់អ្នកសារព័ត៌មានថា ការចុះបង្ក្រាបទីតាំងសន្និធិឈើគ្មានច្បាប់ទាំងនោះ គឺបានធ្វើឡើងក្រោមកិច្ចសហការណ៍យ៉ាងល្អ ពីកម្លាំងកងរាជអាវុធហត្ថខេត្ត ដែលមានលោកឧត្តមសេនីយ៍ត្រី កង សៅគុណ ជាមេបញ្ជាការ ដោយលោកឧត្តមសេនីយ៍ បានចាត់កម្លាំងក្រោមឧិវាទ រួមជាមួយកម្លាំងខណ្ឌរដ្ឋបាលព្រៃឈើខេត្ត និងផ្នែករដ្ឋបាលព្រៃឈើឆែប ចុះទៅកាន់ទីតាំងបើករោងសិប្បកម្មកែច្នៃឈើគ្មានច្បាប់អនុញ្ញាតពីរកន្លែង ព្រមទាំងស្ទាក់ចាប់រថយន្តសាំងយ៉ុង១គ្រឿង ដែលកំពុងធ្វើសកម្មភាពដឹកជញ្ជូនឈើប្រណិត នៅលើដងផ្លូវក្រាលគ្រួសក្រហម១ខ្សែ នៅក្នុងមូលដ្ឋានខាងលើនោះ ថែមទៀតផង។ លោកបន្តថា នៅក្នុងការចុះបង្ក្រាបទីតាំងបើករោងសិប្បកម្មកែច្នៃឈើ ទាំងពីរកន្លែងនោះ សមត្ថកិច្ចមិនបានដកហូតម៉ាស៊ីនឈូសឈើ តាបឈូសឈើ ឧបករណ៍កែច្នៃឈើជាច្រើនទៀត និងក៏មិនបានឃាត់ខ្លួនជនប្រព្រឹត្តបទល្មើសទាំងនោះដែរ ដោយសារពួកគេដឹងខ្លួនមុន ពួកគេបានដោះម៉ាស៊ីនទាំងនោះ ដឹកយកចេញទៅលាក់ទុក ហើយពួកគេបានរត់គេចខ្លួនអស់ នៅមុនពេលកម្លាំងសមត្ថកិច្ចចុះទៅដល់។ លោកបានបញ្ជាក់ថា ក្រោយការបង្ក្រាប កម្លាំងសមត្ថកិច្ចបានដឹកជញ្ជូនឈើ និងនាំយករថយន្តសាំងយ៉ុង ដឹកឈើ១គ្រឿង បញ្ជូនមកកាន់សង្កាត់រដ្ឋបាលព្រៃឈើជ័យសែន។ រីឯឈើដែលដកហូតបាន មានច្រើនប្រភេទ ដូចជា ឈើធ្នុងជាដើម ហើយខណៈនេះ មិនទាន់ដឹងពីចំនួនពិតប្រាកដនៅឡើយទេ ព្រោះមន្ត្រីព្រៃឈើកំពុងធ្វើការដឹកជញ្ជូន និងមិនទាន់បានធ្វើការវាស់វែងនៅឡើយ៕