អំណោយរបស់កាកបាទក្រហមកម្ពុជាជូនដល់ជនងាយរងគ្រោះដែលកំពុងខ្វះខាតជីវភាពចំនួន១២០គ្រួសារ ក្នុងមូលដ្ឋានក្រុងកំពង់ចាម និងស្រុកកំពង់សៀម

 ខេត្តកំពង់ចាម៖​​​ នាព្រឹក ថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២០នេះ ឯកឧត្តម អ៊ុន ចាន់ដា ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ចាម បានអញ្ជើញជួបសំណេះសំណាលសួរសុខទុក្ខ និងនាំយកអំណោយ របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធាន កាកបាទក្រហមកម្ពុជា ជូនដល់ជនងាយរងគ្រោះដែលកំពុងខ្វះខាតជីវភាពចំនួន ១២០គ្រួសារ ដែលរស់ក្នុងមូលដ្ឋានក្រុងកំពង់ចាម និងស្រុកកំពង់សៀម ខេត្តកំពង់ចាម ។

នាឱកាសនោះ ឯកឧត្តម អ៊ុន ចាន់ដា ប្រធានគណៈកម្មាធិការសាខា បានពាំនាំយកប្រសាសន៍សួសុខទុក្ខ ពីសំណាក់ ឯកឧត្តម ហ៊ុន ណេង ប្រធានកិត្តិយសសាខា ជាពិសេស សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលជានិច្ចកាល សម្តេច តែងតែមានសេចក្ដីបារម្ភ និងគិតគូរអំពីសុខទុក្ខ ការលំបាករបស់ប្រជាពលរដ្ឋគ្រប់ៗរូប និងក្នុងគ្រប់ស្ថានភាព និងកាលៈទេសៈ ដោយមិនរើសអើងឡើយង ។ យ៉ាងណាម៉ិញ ពេលនេះ សម្ដេចបានចាត់ឲ្យតំណាងចុះជួយអន្តរាគមន៍ ដោះស្រាយការលំបាករបស់បងប្អូនយើង បានទាន់ពេលវេលា ស្របតាមទិសស្លោក «ទីណាមានការលំបាក ទីនោះមានកាកបាទក្រហមកម្ពុជា» ទៅដល់ជានិច្ច ។ឆ្លៀតក្នុងឱកាសនោះដែរ ឯកឧត្ដម បានក្រើន រំឮកដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ សូមបង្កើនការយកចិត្តទុកដាក់ ប្រុងប្រយ័ត្នខ្ពស់ ក្នុងការបន្តចូលរួមបង្ការ ទប់ស្កាត់ហានិភ័យ នៃការឆ្លងជម្ងឺកូវីដ ១៩ ដោយមិនត្រូវធ្វេសប្រហែស ឬភ្លេចខ្លួននោះឡើយ ។

ដូច្នេះ ត្រូវចូលរួមថែទាំសុខភាព តាមរយៈវិធានការអនាម័យស្អាត ៣យ៉ាង ការរក្សាគម្លាតសុវត្ថិភាព ពិសេស ការអនុវត្តខ្ជាប់ខ្ជួនតាមសារអប់រំនានា របស់ក្រសួងសុខាភិបាល គឺជាកត្តាចាំបាច់ ដែលត្រូវប្រតិបត្តិឲ្យបានជាប្រចាំ ដើម្បី ជៀសផុតពីការឆ្លង នៃជម្ងឺ ដ៏កាចសាហាវមួយនេះ ទាំងអស់គ្នា ។

សូមបញ្ជាក់ថា អំណោយសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ដែលនាំទៅចែកជូន ជនងាយរងគ្រោះទាំង ១២០គ្រួសារ ខាងលើនេះ ក្នុង ១គ្រួសារៗ ទទួលបាន ៖ អង្ករ ២៥គក្រ ត្រីខ ១០កំប៉ុង ទឹកត្រី ១យួរ ទឹកស៊ីអុីវ ១យួរ ម៉ាស់ ៥បន្ទះ និងថវិកាចំនួន២០,០០០រៀល៕