បំពាក់ឯកសណ្ឋាន១២នាក់ប្រជាការពារស្រុកកំពង់ស្វាយនិងផ្សព្វផ្សាយគោលនយោបាយភូមិឃុំ មាន សុវត្ថិភាព 

ខេត្តកំពង់ធំ៖ ឧត្ដមសេនីយ៍ទោសោម  ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ រួម ជាមួយសហការី  រួម ជាមួយអាជ្ញាធរដែនដី បានអញ្ជើញបំពាក់ឯកសណ្ឋាន ជូនប្រជាការពារ១២នាក់ ស្ថិតនៅភូមិព្រៃ ព្រះ ឃុំកំពង់ស្វាយ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ រួមទាំងបាន ផ្សព្វផ្សាយគោលនយោបាយភូមិ ឃុំ មាន សុវត្ថិភាព របស់រាជរដ្ឋាភិបាល នៅថ្ងៃទី០២ខែមិថុនា ឆ្នាំ២០២០  ។

ឧត្ដមសេនីយ៍ទោសោម ស៊ុន បានកោតសរសើរ ចំពោះការខិតខំប្រឹងប្រែង របស់បងប្អូនប្រជាការពារ ដែលបានខិតខំប្រឹងប្រែង ចូលរួមអនុវត្តគោលនយោបាយរបស់រាជរដ្ឋាភិបាល បើទោះបីគ្មានប្រាក់បៀវត្ស ក៏ដោយ ក៏បងប្អូនសហការគ្នា ជាមួយអាជ្ញាធរដែនដី និងសមត្ថកិច្ចប៉ុស្តិ៍ កងកម្លាំង និងប្រជាពលរដ្ឋ  ដើម្បីការ ការពារ សន្តិសុខ សុវត្ថិភាព ទាំង៩ចំណុច ជូនប្រជាពលរដ្ឋ នៅក្នុងពិធីអាពាហ៍ពិពាហ៍ ឫពិធីបុណ្យទានផ្សេងៗ បានយ៉ាង ល្អប្រសើរ  ។

ឧត្ដមសេនីយ៍ទោសោម  ស៊ុន  បានណែនាំផ្តាំផ្ញើរ  ជូនដល់ប្រជាការពារ អំពីតួនាទីភារកិច្ច និងសិទ្ធរបស់ប្រជាការពារ ដែលមានចែងនៅក្នុង សៀវភៅគោលនយោបាយភូមិ ឃុំមានសុវត្ថិភាព របស់រាជរដ្ឋាភិបាល តាមរយៈក្រសួងមហាផ្ទៃ មិនត្រូវ ប្រើប្រាស់ ឯកសណ្ឋានរបស់កងកម្លាំងប្រដាប់អាវុធ ទាំងបីប្រភេទ មិនត្រូវប្រើប្រាស់ស្លាកសញ្ញារបស់កងកម្លាំង ពុំមានសិទ្ធិក្នុងការប្រើប្រាស់អាវុធជាតិផ្ទុះ និងគ្មានសិទ្ធចាប់ចងបុគ្គលណា ដែលគ្មានកិច្ចសហការជាមួយសមត្ថកិច្ចនោះឡើយ និងមិនត្រូវយកតួនាទីទៅគំរាមគំហែង ឬកាងបទល្មើសខុសច្បាប់ដើម្បីផលប្រយោជន៍របស់ខ្លួននោះឡើយ។

នៅក្នុងឳកាសនេះដែរ ឧត្ដមសេនីយ៍ទោសោម  ស៊ុន ក៍បានចាត់តាំងលោក វរសនីយ៍ត្រី លី  ស៊ីណា  នាយផ្នែកគិលានដ្ឋាន  នៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានផ្សព្វផ្សាយ សេចក្តីណែនាំរបស់ ក្រសួងសុខាភិបាល ស្តីពីវិធានការ ការពារទប់ស្កាត់ ប្រឆាំងមេរោគកូវីដ១៩ COVID- 19  ជូនប្រជាពលរដ្ឋ  និងប្រជាការពារ ដែលបានចូលរួមក្នុងកម្មវិធីនេះផងដែរ   និងសូមជូនពរឲ្យបងប្អូនប្រជាពលរដ្ឋទាំងអស់ ជៀសផុតពីជំងឺ COVID- 19  រាតត្បាតដ៍កាចសាហាវនេះ   ។

ដោយ ប៊ុន រដ្ឋា