វេទិកាផ្សព្វផ្សាយអំពីផលប៉ះពាល់នៃការធ្វើចំណាកស្រុកដោយប្រថុយប្រថាន និងការបង្ការទប់ស្កាត់អំពើជួញដូរមនុស្ស នៅក្រុងកំពង់ឆ្នាំង

0

ខេត្ត​កំពង់ឆ្នាំង៖ នាព្រឹកថ្ងៃពុធ ១៣កើត ខែជេស្ឋ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី០៣ ខែមិថុនា​ ឆ្នាំ២០២០នេះ លេខាធិការដ្ឋាន គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស (គ.ខ.ប.ជ) ខេត្តកំពង់ឆ្នាំង រៀបចំវេទិកាដើម្បីផ្សព្វផ្សាយអំពីផលប៉ះពាល់នៃការធ្វើចំណាកស្រុកដោយប្រថុយប្រថាន និងការបង្ការទប់ស្កាត់អំពើជួញដូរមនុស្ស ជូនដល់ប្រជាពលរដ្ឋ ក្រោមអធិបតីភាព លោកជំទាវ ប៊ន សុភី អភិបាល​រងខេត្ត និងជាអនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស (គ.ខ.ប.ជ) ខេត្តកំពង់ឆ្នាំង ដោយមានការចូលរួមពីលោក យិន សាវ៉េន អភិបាលក្រុងកំពង់ឆ្នាំង លោកស្រី មាស សុម៉ាលី ស្នងការ​រង​នគរបាល​ខេត្ត។ វេទិកាផ្សព្វផ្សាយនេះ រៀបចំនៅក្នុងភូមិទី៦ សង្កាត់ខ្សាម ក្រុងកំពង់ឆ្នាំង​ ក្នុងនោះក៏មានការចូលពីលោក លោកស្រីជាថ្នាក់ដឹកនាំមន្ទីរ អង្គភាព ពាក់ព័ន្ធ​, កម្លាំងសមត្ថកិច្ច, មេភូមិ ចៅសង្កាត់, អាជ្ញាធរ, ក្រុមការងារ​របស់លេខាធិការដ្ឋាន គ.ខ.ប.ជ ខេត្ត និងប្រជាពលរដ្ឋជាច្រើនទៀតចូលរួមផងដែរ។​ឆ្លៀតក្នុងឱកាស​នោះដែរ លោកជំទាវ ប៊ន សុភី អភិបាលរងខេត្ត ក៏បានបញ្ជាក់ពីគោលបំណងក្នុងអង្គវេទិកា ក្នុងនោះក្រោមការដឹកនាំចង្អុលទិស របស់ឯកឧត្តមអភិបាលខេត្ត ដោយយកចិត្តទុកដាក់ ជម្រុញពង្រឹងការអនុវត្ត ការងារ ដល់គណៈកម្មាធិការ គ.ខ.ប.ជ ខេត្ត ក្រុមលេខាធិការដ្ឋាន ក្រុមការងារជំនាញអន្តរ មន្ទីរ អង្គភាព បានអនុវត្តការងារបានយ៉ាងល្អ។ លោកជំទាវ​ក៏បានផ្សព្សព្វផ្សាយ​ដូចជាការក្រើនរំឮកបន្ថែមដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ត្រូវរក្សាអនាម័យ អនុវត្តវិធានការការពារខ្លួនពីជំងឺផ្សេងៗ ជាពិសេសជំងឺកូវីដ១៩ ដែលកំពុងរីករាលដាលទូទាំងសកលលោក។​លោកជំទាវបានបន្តទៀតថា៖ ទោះជាប្រទេសយើងអាចគ្រប់គ្រងការរីករាលដាលនៃជំងឺកូវីដ១៩ នៅដំណាក់កាលទី១ក្ដី ប៉ុន្តែបងប្អូនទាំងអស់ត្រូវតែប្រុងប្រយ័ត្ន និងអនុវត្តនូវវិធានការនានាដែលរាជរដ្ឋាភិបាលកម្ពុជា និងតាមការណែនាំរបស់ក្រសួងសុខាភិបាលឱ្យបានជាប្រចាំដើម្បីចូលរួមទាំងអស់គ្នាកុំឱ្យកើតមានជំងឺកូវីដ១៩ នៅក្នុងដំណាក់កាលដែលមានរលកទី២នេះ នៅក្នុងសហគមន៍យើង។ ក្នុងឱកាសនោះផងដែរលោកជំទាវ បានចែកម៉ាស់ជូនដល់បងប្អូនប្រជាពលរដ្ឋដែលបានចូលរួម ចំនួន ៧៩ម៉ាសផងដែរ ៕