ប្រធានក្រុមការងារចុះជួយសង្កាត់ស្វាយរៀងចូលរួមបុណ្យសពសមាជិកបក្សនិងសួរសុខទុក្ខគ្រួសារដែលរងគ្រោះដោយសារភ្លើងឆេះផ្ទះ

0

(ស្វាយរៀង)៖គណៈកម្មាធិការគណបក្សមន្ទីរសុខាភិបាលខេត្ត ដឹកនាំដោយលោកវេជ្ជបណ្ឌិត កែរ  រដ្ឋា ​ ប្រធានក្រុមការងារចុះជួយសង្កាត់ស្វាយរៀង និងក្រុមការងារ ព្រមទាំងគណៈកម្មាធិការគណបក្សសង្កាត់ស្វាយរៀង នៅរសៀលថ្ងៃទី២ខែឧសភាឆ្នាំ២០២០បានចូលរួមបុណ្យសពសមាជិកគណបក្សប្រជាជនកម្ពុជា មានឈ្មោះ នួន ចន្ថា ភេទ ស្រី អាយុ ៦២ឆ្នាំ ដែលមានទីលំនៅ ភូមិចុងព្រែក សង្កាត់ស្វាយរៀង ក្រុងស្វាយរៀង ខេត្តស្វាយរៀង ក្នុងនោះលោកប្រធាន និងក្រុមការងារបានចូលបុណ្យសពនូវថវិកាចំនួន ៣០០.០០០រៀល អង្ករ ៥០គីឡូក្រាម និង​ គណៈកម្មាធិការគណបក្សសង្កាត់ ១៧០.០០០រៀល ។ បន្ទាប់ពីចូលបុណ្យសពសមាជិកគណបក្សប្រជាជនកម្ពុជា រួចមកលោកប្រធានព្រមទាំងក្រុមការងារ បានចុះសួរសុខទុក្ខលោក ឃួន រ៉ា ដែលរងគ្រោះដោយអគ្គីភ័យឆាបឆេះផ្ទះរបស់គាត់កាលពីប៉ុន្មានថ្ងៃកន្លងមកនេះ និងបានឧបត្ថម្ភថវិកាចំនួន ៧៩០០០០ រៀល និងសម្ភារះប្រើប្រាស់មួយចំនួនមាន: អង្ករ ៥០គីឡូក្រាម ទឹកត្រី ១យួរ ទឹកស៊ីអ៉ីវ ១យួរ មី ១ កេស ទឹក​ដោះគោ​ ២កំប៉ុង​ ស្ករ​ស​ ១គីឡូ​ សារ៉ុង ១ ក្រម៉ា ១ ម៉ាស ១ប្រអប់ និងជែលសម្អាតដៃ ២ដប ។លោកកែ រដ្ឋាបានថ្លែងនូវការផ្តាំផ្ញើរនូវការសាកសួរសុខទក្ខពីសំណាក់លោកស្រីកិត្តិសង្គហបណ្ឌិតម៉ែន សំអនប្រធានក្រុមការងាររបស់រាជរដ្ឋាភិបាលចុះជួយខេត្តស្វាយរៀងដែលជានិច្ចជាកាលលោកស្រីតែងតែគិតគូរអំពីសុខទុក្ខរបស់ប្រជាពលរដ្ឋនៅខេត្តស្វាយរៀងហើយទីណាមានទុក្ខលំបាកគឺមានវត្តមានលោកស្រីនិងក្រុមការងារចុះផ្ទាល់ដល់ខ្នងផ្ទះពលរដ្ឋដើម្បីជួយទាន់ពេលវេលា។ ជាមួយគ្នានេះលោកកែ រដ្ឋាក៏បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ សូមមានការប្រុងប្រយ័ត្នចំពោះការប្រើប្រាស់ភ្លើង និងចរន្តអគ្គិសនីដែលជាប្រភពនៃគ្រោះថ្នាក់ និងត្រូវត្រៀមឧបករណ៍ពន្លត់អគ្គីភ័យ និងទឹកនៅក្នុងពាងជាប់ជាប្រចាំ ហើយសូមកុំអស់សង្ឃឹម ត្រូវប្រឹងប្រែងប្រកបរបរចិញ្ចឹមជីវិត ដើម្បីស្តារសេដ្ឋកិច្ចគ្រួសារឡើងវិញ ព្រោះអំណោយដែលបានផ្តល់ជូនពេលនេះ អាចជួយសម្រាលការលំបាកបានមួយគ្រាតែប៉ុណ្ណោះ ។