កាកបាទក្រហមកម្ពុជា ចុះសួរសុខទុក្ខបងប្អូនជនពិការតាមខ្នងផ្ទះ នៅស្រុកស្វាយលើ

0

សៀមរាប: ក្នុងដំណើរបំពេញបេសកកម្មមនុស្សធម៌ នៅស្រុកស្វាយលើ ខេត្តសៀមរាប កាលពីថ្ងៃទី ០៥ ខែ មិថុនា ឆ្នាំ២០២០ របស់លោកជំទាវ ពុំ ចន្ទីនី អគ្គលេខាធិការ កាកបាទក្រហមកម្ពុជា ដែលអមដំណើរដោយលោកជំទាវ ទាង អេង ទៀ សីហា អនុប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមខេត្ត បានអញ្ជើញចុះសួរសុខទុក្ខបងប្អូនជាជនពិការ នៅតាមខ្នងផ្ទះ ចំនួន១០គ្រួសារ តាមភូមិ ក្នុងឃុំស្វាយលើ និង បេងមាលា ស្រុកស្វាយលើ ដោយមានការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវ លោក លោកស្រី ជាសមាជិកគណៈកម្មា ធិការសាខាកាកបាទក្រហមខេត្ត អនុសាខាស្រុកស្វាយលើ និង អាជ្ញាធរភូមិ ឃុំ ផងដែរ ។
ក្នុងដំណើរចុះសួរសុខទុក្ខនេះ លោកជំទាវអគ្គលេខាធិការ ក៏បាននាំយកនូវអំណោយមនុស្សធម៌ពីកាកបាទក្រហមកម្ពុជា ដែលមានសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន ទៅប្រគល់ជូនបងប្អូនជាជនពិការនៅតាមផ្ទះ នូវ អង្ករ ២៥គក្រ , មី ១កេស ត្រីខ ១យូរ និង កញ្ចប់អនាម័យ មានសាប៊ូ , ជែល , អាល់កុល និង ក្រម៉ា ព្រមទាំងថវិកា ៩ម៉ឺនរៀល (ក្នុងនោះថវិកាកាកបាទក្រហមកម្ពុជា ៥ម៉ឺនរៀល និង សាខា ៤ម៉ឺនរៀល) ក្នុងមួយគ្រួសារ ។
មានប្រសាសន៍សំណេះសំណាលនោះដែរ លោកជំទាវ ពុំ ចន្ទីនី អគ្គលេខាធិការ កាកបាទក្រហមកម្ពុជា និងលោកជំទាវ ទាង អេង ទៀ សីហា អនុប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមខេត្តសៀមរាប បានពាំនាំនូវការផ្ដាំផ្ញើការសួរសុខទុក្ខពីរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា តែងតែយកចិត្តទុកដាក់អំពីសុខទុក្ខរបស់ប្រជាពលរដ្ឋនៅទូទាំងប្រទេស សំខាន់បងប្អូនជាជនពិការ ដោយសង្គ្រាម ពីកំណើត និង គ្រោះថ្នាក់ចរាចរណ៍ ជាដើម ។ លោកជំទាវក៏បានបញ្ជាក់ថា អំណោយទាំងអស់នេះ អាចជួយសម្រួលការខ្វះខាតរបស់បងប្អូនបានមួយរយ:ពេល ហើយកាកបាទក្រហមកម្ពុជា ក៏ដូចប្រមុខរាជរដ្ឋាភិបាល ក៏មិនបានទុកឲ្យប្រជាពលរដ្ឋណាម្នាក់ស្លាប់ដោយអត់អាហារនោះឡើងនៅគ្រប់កាលៈទេសៈទាំងអស់ ដោយមិនប្រកាន់ វណ្ណៈ ជាតិសាសន៍ ពណ៌សម្បុរ ឬនិន្នាការនយោបាយអ្វីនោះឡើយ គឺជួយក្នុងនាមមនុស្សធម៌ ។ លោកជំទាវទាំងពីរ ក៏បានធ្វើការក្រើនរំលឹកបងប្អូន មិនត្រូវធ្វេសប្រហែសពីជម្ងឺកូវីដ១៩ ទោះបីមានភាពធូស្រាលក៏ពិតមែន តែយើងត្រូវបង្កើនការយកចិត្តទុកដាក់ខ្ពស់នឹងបង្កាទប់ស្កាត់គ្រប់ពេលវេលា ដោយធ្វើអនាម័យសុខភាពឲ្យបានជាប្រចាំ ដើមី្បការពារអាយុជីវិតសម្រាប់ខ្លួនឯងផ្ទាល់ និង ក្រុមគ្រួសារ ព្រមទាំងធ្វើការអប់រំ ផ្សព្វផ្សាយដល់បងប្អូនក្នុងសហគមខ្លួន ដើមី្បកុំឲ្យមានឆ្លងមេរោគកូវីដ១៩ សំខាន់ក្នុងការចូលរួមប្រយុទ្ធប្រឆាំងបង្កា ទប់ស្កាត់នូវរលកទី២នៃជម្ងឺកូវិដ១៩ ដែលមកទល់ពេលនេះ យើងមិនទាន់មានថ្នាំព្យាបាលកូវីដ១៩នៅឡើយនោះទេ ។ ម៉្យាងទៀត ត្រូវតែអនុវត្តឲ្យបានជាប្រចាំនូវសេចក្តីណែនាំរបស់ក្រសួងសុខាភិបាល គឺ ត្រូវដុសលាងសម្អាតដៃជាប្រចាំដោយទឹកសាប៊ូ អាល់កុល ឬជែល និង ពាក់ម៉ាស់ ឲ្យបានត្រឹមត្រូវ និង ត្រូវខ្ទប់មាត់ជាមួយក្រម៉ា នៅពេលក្អក ឬកណ្តាស ព្រមទាំងចូលរួមគោរពច្បាប់ចរាចរណ៍ផ្លូវគោកថ្មី ដើម្បីការពារអាយុជីវិតខ្លួនឯង នឹងក្រុមគ្រួសាររបស់ខ្លួន សំខាន់កាត់បន្ថយឲ្យបាននូវការគ្រោះថ្នាក់ចរាចរណ៍ និង ធ្វើការអប់រំកូនចៅជៀសឲ្យឆ្ងាយពីគ្រឿងញៀន និង ជម្រុញកូនៗឲ្យបានសិក្សារៀនសូត្រ និង ខិតខំប្រកបមុខរបរបង្កបង្កើនផលធ្វើស្រែចម្ការ ដើម្បីបង្កើនជីវភាពរស់នៅប្រចាំថ្ងៃបន្ថែមទៀតផង ៕