សហប្រធានគណៈកម្មការអាយស៊ីស៊ី-អង្គរនិងអាជ្ញាធរជាតិអប្សរា ចុះពិនិត្យតាមដានកិច្ចការអភិរក្សនិងអភិវឌ្ឍន៍ប្រកបដោយចីរភាពនៅក្នុងរមណីយដ្ឋានអង្គរ

0

សៀមរាប:សហប្រធានគណៈកម្មការអាយស៊ីស៊ី-អង្គរ ការិយាល័យអង្គការយូណេស្កូប្រចាំកម្ពុជា រួមទាំងថ្នាក់ដឹកនាំ និងអ្នកជំនាញអាជ្ញាធរជាតិអប្សរា បានចុះត្រួតពិនិត្យដំណើរការអភិរក្សនិងអភិវឌ្ឍន៍ប្រកបដោយចីរភាពនៅតាមការដ្ឋាននានាក្នុងរមណីយដ្ឋានអង្គរ ចាប់ពីថ្ងៃទី៦ដល់ទី១០ ខែមិថុនា ឆ្នាំ២០២០។

ការចុះពិនិត្យនេះគឺធ្វើឡើងព្រោះតែកិច្ចប្រជុំបច្ចេកទេសរបស់គណៈកម្មាធិការអាយស៊ីស៊ី-អង្គរ ដែលគ្រោងនឹងប្រព្រឹត្តទៅក្នុងខែមិថុនា ត្រូវបានខកខានដោយសារតែការរីករាលដាលនៃជំងឺកូវីដ-១៩នៅជុំវិញពិភពលោក ហើយអ្នកជំនាញចំពោះកិច្ចទាំងផ្នែកអភិរក្ស និងផ្នែកអភិវឌ្ឍន៍ប្រកបដោយចីរភាពពុំបានអញ្ជើញមកដោយផ្ទាល់ដើម្បីពីវឌ្ឍនភាពនៃការអនុវត្តការងារអភិរក្សនិងអភិវឌ្ឍន៍ប្រកបដោយចីរភាពក្នុងរមណីយដ្ឋានអង្គរ។

ទោះបីស្ថិតក្នុងស្ថានភាពបែបនេះក៏ដោយ សហប្រធានបច្ចេកទេសនៃគណៈកម្មាធិការអាយស៊ីស៊ី-អង្គរ (ស្ថានទូតប្រទេសជប៉ុននិងប្រទេសបារាំង) បានធ្វើការប្តូរវេនគ្នាចុះមកត្រួតពិនិត្យកិច្ចការអភិរក្សនិងអភិវឌ្ឍន៍ប្រកបដោយចីរភាពក្នុងរមណីយដ្ឋានអង្គរដើម្បីតាមដានការអនុវត្តការងាររបស់ស្ថាប័នជាតិ អន្តរជាតិ ថាបានអនុវត្តស្របតាមអនុសាសន៍ដែលគណៈកម្មាធិការនេះបានផ្តល់ជូននាពេលមុនដែរឬទេ។

ជាក់ស្ដែងនៅថ្ងៃទី៦-៧ ខែមិថុនា សហប្រធានបច្ចេកទេសជប៉ុនបានអញ្ជើញចុះមកត្រួតពិនិត្យ។ រីឯ សហប្រធានបច្ចេកទេសបារាំងនឹងអញ្ជើញចុះមកត្រួតពិនិត្យនៅថ្ងៃទី៨-១០ ខែមិថុនា ខាងមុខ៕