ហួសចិត្តក្រុមអ្នកញៀនល្បែងស៊ីសងប្រជល់មាន់និងអាប៉ោង អត់ខ្លាចញញើតលោក ជា តាយ អភិបាលខេត្តកំពត 

ខេត្តកំពត ៖  បើទោះបីជាមាន វិធានការការពារ ទប់ស្កាត់ ហាមប្រព្រឹត្តបនល្បែងស៊ីសងប្រជល់មាន់និងអាប៉ោង ស្រុកឈូក ខេត្តកំពត ពីសំណាក់លោក ជា តាយ អភិបាលខេត្តកំពត  និង លោកឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទមធុរិទ្ឋ ស្នងការនគរបាលខេត្តកំពត ក៏ល្បែងស៊ីសងទាំងនេះ អត់មានខ្លាចញញើតសូម្បីតែបន្តិច  សកម្មភាពគឃ្លើនទាំងនេះ ត្រូវបានគេដឹងថា បើខ្មោចស្រុកមិនឲ្យដៃ ធ្វើម៉េចខ្មោចព្រៃវាហ៊ាន។

ជាក់ស្តែង មានទីតាំង ប្រជល់មាន់និងបៀរ អាប៉ោង នៅភូមិឈើទាល ឃុំឈូក ស្រុកឈូក ខេត្តកំពត កំពុងតែ ប្រមូលចំណោមក្រុមអ្នកញៀនល្បែង ឲ្យមានសភាពកកកុញ មកពីបណ្តាស្រុកផ្សេងៗឯទៀត និងមានអ្នកញៀនល្បែងឆ្លងខេត្តក៏មានដែរ ដែលជាការប្រព្រឹត្តផ្ទុយពី ការណែនាំរបស់ក្រសួងសុខាភិបាល ហាមមិនឲ្យប្រមូលផ្តុំមនុស្ស តែទោះជាយ៉ាងណានោះ បំរាមទាំងនេះគ្មានឧបស័គ្គសូម្បីតែបន្តិចឡើយ ពីសំណាក់ លោកអធិការនគរបាលស្រុកឈូក ថែមទាំងបណ្តែតបណ្តោយ គឺស្មើរនិងបើកឳកាសឲ្យ ក្រុមអ្នកញៀនល្បែងប្រព្រឹត្តល្បែងស៊ីសង នៅក្នុងមូលដ្ឋានរបស់ខ្លួន ។

សកម្មភាពហោកញ្ជ្រៀវ និងការយកជីវិតសត្វបក្សី មកប្រលែងលែង ដើម្បីរកផលប្រយោជន៍ ត្រូវបានប្រជាពលរដ្ឋ នឹកហួសចិត្តថា មិនគួរណាលោក ឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទមធុរិទ្ឋ ស្នងការនគរបាលខេត្តកំពត ទុកឲ្យលោកអធិការនគរបាលស្រុកឈូក និងលោកមេប៉ុស្ត៍ ឲ្យបំរើផលប្រយោជន៍អសកម្មដល់ប្រជាពលរដ្ឋក្នុងស្រុកឈូកនេះទេ និងគួរតែមានវិធានការ រកអ្នកថ្មីមកជំនួស ដើម្បីបញ្ជាសបញ្ហាចោរឆក់ ចោរប្លន់ ដែលកើតចេញពីបនល្បែង សង្វៀនប្រជល់មាន់និងអាប៉ោងខុសច្បាប់មួយកន្លែងនេះ។

តាមប្រភពព័ត៌មាន មិនច្បាស់ការ បាននិយាយថា ម្ចាស់សង្វៀនប្រជល់មាន់និងអាប៉ោង នៅស្រុកឈូក បានដើរអួត ក្នុងឬកពាច្រង៉ែងច្រង៉ាង សំដីធ្លោសៗថា បនល្បែងរបស់លោកបាន ជួយសម្រួលចូលហោប៉ៅ របស់លោកមេប៉ុស្ត៍ អធិការ រហូតដល់ថ្នាក់លើអស់ហើយ ហើយក៏គ្មាននណាហ៊ានមកបង្រ្កាបឡើយ បើទោះប្រមុខរាជរដ្ឋាភិបាល បានដាក់បទបញ្ជាទៅឲ្យលោកអភិបាលរាជធានីខេត្ត ឈប់ឲ្យកើតមានល្បែងស៊ីសងគ្រប់ប្រភេទ ផ្ទុយទៅវិញអាជ្ញាធរឬសមត្ថកិច្ចនៅស្រុកឈូក បែរជានាំគ្នាបិទភ្នែកបើកភ្លើងខៀវឲ្យសង្វៀន(ប្រជល់មាន់និងអាប៉ោង)ខុសច្បាប់យ៉ាងអនាធិបតេយ្យ៕