លោកស្នងការខេត្តតាកែវ៖ខ្លួនជានគរបាលត្រូវគោរពវិន័យរបស់អង្គភាពនិងអនុវត្តន៍អោយបានគ្រប់សកម្មភាពក្នុងធានាសន្តិសុខសណ្តាប់ធ្នាប់

តាកែវ៖ឯកឧត្តមឧត្តមសេនីយ៍ទោ សុខ សំណាង ស្នងការនគរបាលខេត្តតាកែវ ដាក់បញ្ជារយ៉ាងម៉ឺងម៉ាត់ដល់មន្ត្រីនគរបាលទាំងអស់ត្រូវតែគោរពវិន័យរបស់អង្គភាព និងបង្កើនសកម្មភាពដែលកំពុងអនុវត្តន៍បន្ថែមទៀត ដើម្បីធានាអោយបាននៅសន្តិសុខសណ្តាប់ធ្នាប់ក្នុងមូលដ្ឋាន និងត្រូវពន្លឿនលើកិច្ចការងារផ្តល់សេវាសាធារណៈជូនដល់បងប្អូនប្រជាពលរដ្ឋអោយបានលឿន និងរហ័សទៅតាមតម្រូវការជាក់ស្តែង ។  
ឯកឧត្តមស្នងការលើកឡើងដូច្នេះគឺក្នុងពេលដែលលោក រួមជាមួយលោកស្នងការរង បានចូលរួមក្នុងពិធីសំណេះសំណាល និងណែនាំការងារជំនាញនៅអធិការស្រុកគីរីវង់ នៅថ្ងៃទី ១៥ ខែមិថុនា ឆ្នាំ២០២០ ។លោកបានមានប្រសាសន៍បន្តថា មួយរយៈកន្លងមកនេះយើងសង្កេតឃើញថា សកម្មភាពរបស់មន្ត្រីនគរបាលនៅតាមប៉ុស្តិមូលដ្ឋានមួយចំនួននៅតាមបណ្តាស្រុក គឺហាក់បីដូចជាធ្វើខុសនូវការងារបច្ចេកទេសលើកិច្ចការងារមួយចំនួនពាក់ព័ន្ធនិងបទល្មើសព្រហ្មទណ្ឌ ដូច្នេះអធិការអធិការរង ត្រូវតែពិនិត្យឡើងវិញលើសកម្មភាពរបស់ពួកគាត់ដែលកំពុងអនុវត្តន៍ ដើម្បីកុំអោយប្រជាពលរដ្ឋបាត់បង់នៅសេចក្តីទុកចិត្តមកលើនគរបាល ។