ក្មេងស្ទាវជិះម៉ូតូ២គ្រឿងបើកជែងគ្នាចុះឡើងៗកៀរគ្នាដួលបោកក្បាលស្លាប់ទាំង២របួសធ្ងន់២កាល

0

ខេត្តកំពង់ធំ៖ ម៉ូតូ២គ្រឿងរបស់ក្មេងស្ទាវឡើងក ជិះម៉ូតូបង្អួតគ្នា គៀរគ្នាទៅមក ចៃដន្យទាក់ចង្កូតម៉ូតូ ដួលបោក ក្បាលស្លាប់២ របួស២នាក់ កាលពីវេលាម៉ោង២៣និង៣៤នាទីយប់ ថ្ងៃទី១៥ ខែមិថុនាឆ្នាំ២០២០ នៅលើផ្លូវជាតិលេខ៦  ក្នុងភូមិសង់ឃ្លាំង ឃុំតាំងក្រសាំង ស្រុកសន្ទុក ខេត្តកំពង់ធំ។

តាមការឲ្យដឹងពីសាក្សីនៅនឹងកន្លែង កើតហេតុបានឥ្យដឹងថា មុនពេលកើតហេតុ មានម៉ូតូចំនួន២គ្រឿង ដែលបានធ្វើសកម្មភាពជិះ ប្រជែងគ្នាចុះឡើង ប្រកបដោយសំលេងស្រែក ហោកញ្រៀវដោយក្តីសប្បាយរីករាយ ដែលក្នុងហេតុការណ៍នេះ ត្រូវបានគេដឹងថា ម៉ូតូម៉ាក vina ពណ៌ខ្មៅផ្លាកលេខកំពង់ធំ1H3989 បើកបរដោយឈ្មោះ លន ស្រេង ភេទប្រុសអាយុ២៣ឆ្នាំ រស់នៅភូមិចំបក់ខាងជើង ឃុំតាំងក្រសាំង ស្រុកសន្ទុក របួសធ្ងន់ អ្នករួមដំណើរជាមួយឈ្មោះ នួន ប៊ុនធាន់ ភេទប្រុស អាយុ២៣ឆ្នាំនៅភូមិចំបក់ជ្រុំ ឃុំប្រាសាទ ស្រុកសន្ទុក របួសធ្ងន់។

ចំនែកម៉ូតូមួយគ្រឿងទៀត ម៉ាកសេ១២៥ពណ៌សផ្លាកលេខ កំពង់ធំ 1M 93 02 បើកបរដោយឈ្មោះ នួន ប៊ុនធឿន ភេទប្រុសអាយុ២៥ ឆ្នាំនៅភូមិចំបក់ជ្រុំ ឃុំប្រាសាទ ស្រុកសន្ទុក  បានដួលបោកក្បាលស្លាប់នៅកន្លែងកើតហេតុ ចំនែកអ្នករួមដំណើរឈ្មោះ ហោ សុខរតនា ភេទស្រី អាយុ២០ឆ្នាំ នៅភូមិសង់ឃ្លាំង ឃុំតាំងក្រសាំង ស្រុកសន្ទុក ខេត្តកំពង់ធំ បានស្លាប់នៅកន្លែងកើតហេតុ ដូចគ្នា។

ក្រោយពីកើតហេតុ សមត្ថកិច្ចនៃអធិការស្រុកសន្ទុក បានចុះមកវាសវែង ដើម្បីធ្វើកំណត់ហេតុ ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍  ដែលបានបង្ករដោយម៉ូតូ២គ្រឿង ក្នុងករណីបើកបរក្នុងល្បឿងលឿន វ៉ាជែងគ្នាចុះឡើងៗបណ្តាលអោយកៀរគ្នាដួលបោកលើកថ្នល់ស្លាប់ នឹងរបួសតែម្តង សាកសពត្រូវបានប្រគល់ឲ្យសាច់ញាតិទទួលយកទៅ ធ្វើបុណ្យតាមប្រពៃណី ។

ដោយ ប៊ុន រដ្ឋា