ជម្លោះក្នុងវង់ផឹកស៊ី! បុរសម្នាក់ត្រូវបញ្ជូនទៅសង្រ្គោះបន្ទាន់នៅមន្ទីរពេទ្យ និងបុរសម្នាក់ទៀតជាប់ខ្នោះនគរបាល

(ស្ទឹងត្រែង)៖ ដោយសារតែរឿងផឹកស្រាច្រើនជ្រុល បណ្តាលឱ្យការគិតរបស់មនុស្សមានការធ្លាក់ចុះ បានបង្កើតជារឿងរាវផ្សេងៗជាច្រើន ដែលមិននឹងស្មានដល់ និងធ្វើឱ្យមានវិបដិសារីទាំងខ្លួនឯង និងក្រុមគ្រួសារ។ ជាក់ស្តែងនៅព្រឹកថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២០ នៅចំណុចភូមិវាលដេញ ឃុំអន្លង់ជ្រៃ ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង ដោយសារតែរឿងរាវផឹកស៊ី បានបង្កើតជាជម្លោះបណ្តាលឱ្យបុរសម្នាក់ត្រូវបានបញ្ជូន ទៅសង្រ្គោះបន្ទាន់នៅមន្ទីរពេទ្យ និងបុរសម្នាក់ទៀតបានជាប់ខ្នោះរបស់សមត្ថកិច្ច។
កម្លាំងអធិការដ្ឋាននគរបាលស្រុកថាឡាបរិវ៉ាត់ បានឱ្យដឹងថា បន្ទាប់ពីបានដឹងរឿងរាវភ្លាម ក៏បានចុះទៅឃាត់ខ្លួនជនសង្ស័យភ្លាមៗផងដែរ ខណ:ជនសង្ស័យ បានចាប់បោកជនរងគ្រោះបណ្តាលឲ្យមុតនឹងកាំបិតចុងស្រួចរងបួសធ្ងន់ បន្ទាប់ពីជនរងគ្រោះបានយកដំបងវាយក្បាល និងច្របាច់កជនសង្ស័យដោយមិនដឹងមូលហេតុ។
មន្រ្តីប៉ុស្តិ៍នគរបាលឃុំអន្លង់ជ្រៃបានឲ្យដឹងថា ជនសង្ស័យដែលកម្លាំងសមត្ថកិច្ចបានឃាត់ខ្លួននេះមានឈ្មោះ ឈុន ដាំ ភេទប្រុស អាយុ៤៣ឆ្នាំ ស្នាក់នៅចំណុចកើតហេតុ។ រីឯជនរងគ្រោះមានឈ្មោះ ណៃ សេត ភេទប្រុស អាយុ៤៤ឆ្នាំ ស្នាក់នៅកន្លែងកើតហេតុ (រងរបួសត្រង់ពោះ) ត្រូវបានបញ្ចូនទៅសង្គ្រោះនៅមន្ទីពេទ្យបង្អែកខេត្ត ។
ប្រភពដដែលបានឱ្យដឹងទៀតថា ជនសង្ស័យបានឆ្លើយសារភាពថា មូលហេតុដែលបណ្តាលឲ្យខ្លួនបង្ករបួសស្នាមនេះ គឺកើតឡើងដោយសារជនរងគ្រោះដើរមកដល់ កន្លែងខ្លួនកំពុងផឹកស្រា ហើយជនរងគ្រោះក៏បានយកដំបងមកវាយលើក្បាលខ្លួន និងច្របាច់កថែមទៀត ដោយពុំដឹងមូលហេតុទើបខ្លួនមានការខឹងសម្បារយ៉ាងខ្លាំង ក៏បានចាប់បោកជនរងគ្រោះទៅលើគ្រែ បណ្តាលឲ្យប៉ះទៅនឹងចុងកាំបិតរងរបួសតែម្តង។
ក្រោយឃាត់ខ្លួនជនសង្ស័យត្រូវបានបញ្ជូនទៅកាន់ស្នងការដ្ឋាននគរបាលខេត្តស្ទឹងត្រែង ដើម្បីរៀបចំឯកសារបញ្ជូនបន្តទៅកាន់តុលាការ ចាត់ការទៅតាមនិតិវិធីច្បាប់៕