ប្រធានសមាគមអតីតយុទ្ធជនកម្ពុជា ខេត្តកំពង់ធំចុះប្រគល់ផ្ទះចំនួន២ខ្នងផ្ទះជាអំណោយសម្តេចតេជោហ៊ុន សែន ជូនអតីតយុទ្ធជន

ខេត្តកំពង់ធំ៖ ឯកឧត្តមឧត្តមសេនីយ៍ទោ សោម ស៊ុន ប្រធានគណៈកម្មាធិការ សមាគមអតីតយុទ្ធជន ខេត្តកំពង់ធំ  បានដឹកនាំក្រុមការងារសមាគមអតីតយុទ្ធជន ចុះប្រគល់ផ្ទះដែលជាអំណោយសម្តេចតេជោ ហ៊ុន សែន ប្រធានសមាគមអតីតយុទ្ធជនកម្ពុជា ចំនួន២ខ្នងផ្ទះ គឺខ្នងផ្ទះលើកទី១៦០បានទៅលើ អតីតយុទ្ធជនស្រុកប្រាសាទបល្ល័ង្ក និងខ្នងផ្ទះលើកទី១៦១ បានទៅលើអតីតយុទ្ធជនស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ នៅព្រឹកថ្ងៃទី ១៧ខែមិថុនា ឆ្នាំ ២០២០។

អតីតយុទ្ធជនពិការ ឈ្មោះ សៀន សាយ អាយុ៥៦ ឆ្នំា  អតីតយុទ្ធជន នៅអង្គភាពយោធា ស្រុកប្រាសាទបល្ល័ង្ក រងរបួសពិការ នៅក្នុងសមរភូមិ ទួលគ្រើលចាស់ ក្នុងឆ្នាំ១៩៩៣  មានសមាជិកគ្រួសារ នៅក្នុងបន្ទុក ចំនួន៤ នាក់ បានទទួលផ្ទះថ្មី ពីសម្តេចតេជោ ហ៊ុន សែន ជាខ្នងផ្ទះទី១៦០  ដែលមានទំហំ ៤ម៉ែត្រ x ៦ម៉ែត្របច្ចុប្បន្នរស់នៅ ឃុំទួលគ្រើល  ស្រុកប្រាសាទបល្ល័ង្ក  ខេត្តកំពង់ធំ  សមាគមអតីតយុទ្ធជនខេត្តកំពង់ធំ  និង ស្រុកប្រាសាទបល្ល័ង្ក  បាននាំយកនូវអំណោយ ឯកឧត្តម ឧត្ដមសេនីយ៍ ឯក ហ៊ុន ម៉ាណែត  អគ្គ លេខាធិការរង សមាគមអតីតយុទ្ធជនកម្ពុជា ឧបត្ថម្ភបន្ថែមមានអង្ករ៥០គ.ក មី២ កេស ទឹកត្រីទឹក ស៊ីអ៊ីវ២យួរ  និងថវិកាមួយចំនួន ។

នៅព្រឹកថ្ងៃដដែល ឯកឧត្តមឧត្តមសេនីយ៍ទោ សោម ស៊ុន បានបន្តដឹកនាំ គណៈកម្មាធិការ សមាគមអតីតយុទ្ធជនខេត្តកំពង់ធំ ប្រគល់ផ្ទះថ្មី ជាខ្នងផ្ទះលើកទី១៦១ ដែលមានទំហំ ៤ម៉ែត្រ x ៦ម៉ែត្រ ជាអំណោយដ៏ថ្លៃថ្លា សម្ដេចតេជោហ៊ុន សែន ជូន គ្រួសារអតីតយុទ្ធជនពលី  គឺលោកយាយ ជី លិញ អាយុ៦០ ជាភរិយាអតីតយុទ្ធជនពលី ឈ្មោះ សៀក  សាត  អតីតអង្គភាពយោធា ស្រុកកំពង់ស្វាយ  ខេត្តកំពង់ធំ  មានសមាជិកនៅក្នុងបន្ទុកគ្រួសារ ៥ នាក់។

ផ្ទះដែលបានប្រគល់ជូន គឺត្រូវបានសាងសង់ឡើងដោយ សមាគមអតីតយុទ្ធជនខេត្តកំពង់ធំ ត្រសរនេតុង ឆ្អឹងដែក ជណ្តើរកាច់ ជញ្ជាំងនិងដំបូលប្រកសង្ខី ផ្តល់ជូនលោកយាយ ជី លិញ និងបាននាំយកអំណោ​យ​​របស់ ឯកឧត្តម ឧត្ដមសេនីយ៍ឯក ហ៊ុន  ម៉ាណែត មេបញ្ជាការកងទ័ពជើងគោក ឧបត្ថម្ភបន្ថែមមានអង្ករ៥០ គ.ក មី ២កេស  ទឹកត្រី ទឹកស៊ីអ៊ីវ២យួរ  និងថវិកាផងដែរ កាប្រគល់ផ្ទះនេះ គឺស្ថិតនៅភូមិនីពេជ្យក ឃុំនីពេជ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ។

ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានស្រាយប្រវត្តនៃការចង់ចាំ នូវអតីកាល ដ៏ល្វីងជូរចត់ នៅលើទឹកដី អនុស្សាវរីយ ក្នុងភ្លើងសង្រ្គាម នៃសមរភូមិក្នុងឆ្នាំ១៩៩២ គឺជាសមរភូមិដែលខ្ញុំធ្លាប់ដឹកនាំកម្លាំងចំនួន៤ វរសេនាតូច វាយទប់ទល់ ការពារទីតាំង ជាមួយកងទ័ពអតីតកម្ពុជា ប្រជាធិបតេយ្យខ្មែរក្រហម ហើយថ្ងៃនេះខ្ញុំមានជីវិតរស់នៅបានជួប បានជួយ បងប្អូនអតីតយុទ្ធជនក្រោមការដឹកនាំ របស់សម្ដេចតេជោហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាល តែងតែដឹងគុណជានិច្ចចំពោះអតីត យុទ្ធជន ដែលបានបូជាសាច់ស្រស់ ឈាមស្រស់ ដើម្បីហេតុប្រទេសជាតិ ដើម្បីមាតុភូមិ និងប្រជាជនរស់​នៅបានសុខសាន្ត រហូតមកដលពេលនេះ បើគ្មានអតីយុទ្ធជនក៏គ្មានថ្ងៃនេះនោះដែរ ។